អង្គការ សមាគម និងសហជីពជាង៤០ ស្ថាប័ន បានស្នើ និង​អំពាវនាវឱ្យ​បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់

អង្គការ សមាគម និង​សហជីពជាង៤០ ស្ថាប័ន បានស្នើ និង​អំពាវនាវឱ្យ​បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ និង​មិនយល់ស្របចំពោះការអំពាវនាវដល់ក្រសួងដែលពាក់ព័ន្ធ ឱ្យមានការស៊ើបអង្កេតទៅលើការផ្តល់ ជំនួយហិរញ្ញវត្ថុ និងដំណើរការសកម្មភាពការងាររបស់អង្គការ សង់ត្រាល់ឡើយ។

ការអំពាវនាវនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម​ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍រួមថា ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការពិនិត្យមើល ទៅលើញត្តិដែលបានទទួល និងមើលអំពីលទ្ធភាពដែលអាចធ្វើការស៊ើបអង្កេតលើ មជ្ឈមណ្ឌលសម្ព័​ន្ធភាពការងារ និងសិទ្ធិមនុស្ស ​(សង់ត្រាល់) ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍រ​បស់ស្ថាប័ននេះ អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) គឺជាការឆ្លើយតបបែបអវិជ្ជមាន និងជាការព្យាយាមបំភិតបំភ័យទៅលើអង្គការមិន មែនរដ្ឋាភិបាល ដែលកំពុងធ្វើការងារដើម្បីជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសេរីភាពរបស់សហជីព សម្រាប់កម្មករ និងសហជីពនៅកម្ពុជា ។

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាកម្មវិធីមួយរួមគ្នារវាងពីអង្គការការងារអន្តរជាតិ (ILO) និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទាំងអង្គការការងារអន្តរជាតិ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ យល់យ៉ាងច្បាស់ថា សង្គមស៊ីវិលគួរតែត្រូវបានអនុញ្ញាតឱ្យមានការចូលរួមផ្ដល់យោបល់ និងរិះគន់ដោយសេរី ទៅលើ សកម្មភាពរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា របាយការណ៍របស់អង្គការ សង់ត្រាល់ គឺជាសកម្ម​ភាពចូលរួមយ៉ាងច្បាស់ ដោយអំពាវនាវដល់គម្រោងរោងចក្រកាន់តែប្រសើរ ឱ្យធ្វើការកែប្រែ ឱ្យរបាយការណ៍របស់ខ្លួនអាចឱ្យសហជីពនិងកម្មករទាញយកបាន ឱ្យបង្កើតយន្តការបណ្តឹងសារទុក្ខសម្រាប់ចំនុចដែលមិនត្រឹ មត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់គម្រោង។ របាយការណ៍ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុង កើតមានឡើងនៅក្នុងវិស័យការងារ។

អនុសាសន៍មួយចំនួននៃរបាយការណ៍នេះ ផ្តោតទៅលើកម្មករមួយចំនួន នៅក្នុងការវាយតម្លៃរោងចក ដែលមានផលិតផលនាំចេញ ដែលស្ថិតនៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ ការអះអាងដែលថា របាយការណ៍នេះ "ធ្វើឱ្យប៉ះពាល់អវិជ្ជមាន” ដល់គម្រោងរោងចក្រកាន់តែប្រសើរ ឬដល់ស្ថានភាពរបស់កម្មករ និង សហជីពនៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ។

ប្រភពដដែលថា លើសពីនេះ សកម្មភាពនេះ ហាក់ដូចជាលេសមួយ ដើម្បីបំភិតបំភ័យ ស្ថាប័នមួយដែលកំពុងការពារសិទ្ធិកម្មករ។ ការអះអាងនេះ គួរត្រូវបានបដិសេធឱ្យបានឆាប់រហ័​ស ពីគ្រប់ស្ថាប័ន ទាំងអស់ ដែលពាក់ព័ន្ធក្នុងការធានានូវការគោរពសិទ្ធិការងារ និងសិទ្ធិមនុ​ស្ស នៅកម្ពុជា។

សេចក្តីថ្លែងការណ៍រួមថា ៖ «យើងខ្ញុំមិនយល់ស្របចំពោះការអំពាវនាវដល់ក្រសួងដែលពាក់ព័ន្ធ ឱ្យមានការស៊ើបអង្កេតទៅលើការផ្តល់ ជំនួយហិរញ្ញវត្ថុ និងដំណើរការសកម្មភាពការងា​ររប​ស់អង្គការ សង់ត្រាល់ ដោយយកមូលហេតុមិនត្រឹមត្រូវ ស្ដីពីការ ជ្រៀតជ្រែកនិងការគ្រប់គ្រងរបស់រដ្ឋបរទេសលើសង្គមស៊ីវិលនៅកម្ពុជា»។

«យើងខ្ញុំក៏យល់ផងដែរថា អង្គការ ឬកម្មករឬសហជីពណាក៏ដោយ ក៏មានសេរីភាពក្នុងការមិនយល់ស្រប ទៅលើការរកឃើញនៅក្នុងរបាយការណ៍របស់អង្គការ សង់ត្រាល់ ។ ប៉ុន្តែការស្នើសុំឱ្យមានការប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីដាក់ទណ្ឌកម្មលើអ្នកធ្វើការងារលើសិទ្ធិកម្មករ គឺជាការរំលោភទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សកម្មភាពនេះក៏ធ្លាប់ត្រូវបានធ្វើឡើង ដើម្បីវាយប្រហារ ផ្អាកឬព្យួរសកម្មភាពការងាររបស់ក្រុមសង្គមស៊ីវិលមួយចំនួនផងដែរ»។

​សកម្មភាពនេះទៀតសោត ក៏មិនបានជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានោះទេ ។

អង្គការ សមាគម និង​សហជីពជាង៤០ ស្ថាប័ននេះបាន​អំពាវនាវដល់អង្គការពលកម្មអន្តរជាតិ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងគម្រោងរោងចក កាន់តែប្រសើរនៅកម្ពុជា សូមទទួលស្គាល់ជាសាធារណៈ នូវតម្លៃនៃការសិក្សាស្រាវជ្រាវដែលរិះគន់សំដៅដល់ធ្វើឱ្យ កាន់តែប្រសើរឡើងនូវដំណើរការ និងសកម្មភាពការងាររបស់គម្រោងនៃស្ថាប័នខ្លួន។

«យើងខ្ញុំអំពាវនាវដល់សហ ជីពដែលមិនយល់ស្រប អាចធ្វើការលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួនជាសាធារណៈ និងធ្វើការសិក្សាស្រាវជ្រាវ ផ្ទាល់ខ្លួន ហើយអាចធ្វើការពិភាក្សាអំពីបញ្ហាទាំងនោះ»។

សេចក្តីថ្លែងការណ៍ថា ៖ «យើងខ្ញុំក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមរក្សាជំហរ និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពនូវសេរីភាពក្នុងការបញ្ចេញមតិ និងអនុញ្ញាតឱ្យអង្គការមិនមែនរដ្ឋាភិបាល ទាំងអស់ អាចធ្វើការងាររបស់ខ្លួន ដោយសេរី ជៀសផុតពីការរំលោភបំពាន និងការឆ្លើយតបជាអវិជ្ជមាន ដោយគ្រាន់ តែស្ថាប័នទាំងនោះធ្វើការរិះគន់»។

អង្គការ សមាគម និង​សហជីពជាង៤០ ស្ថាប័ននេះរួមមាន៖ សហគមន៍ដីធ្លី ១៩៧ (កោះ​កុង), សហគមន៍អមលាំង (កំពង់ស្ពឺ), សហគមន៍ដីធ្លីអណ្ដូងត្របែក (ស្វាយរៀង), សហគមន៍បុស្សស្លោរ (ត្បូងឃ្មុំ), សហគមន៍បឹងពីរ (បាត់ដំបង), សហគមន៍បឹងប្រាំ (បាត់ដំបង), មជ្ឈ​មណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សា​យព័ត៌​មានឯករាជ្យ (CCIM), សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)ជាដើម៕

Daily Program

Livesteam thumbnail