អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ស្នើរាជរដា្ឋភិបាលជួយបន្ធូរបន្ថយស្ថានភាពនៃសេរីភាពបញ្ចេញមតិ នៅកម្ពុជា
យោងតាមលិខិតចំហរបស់អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានស្នើឱ្យរាជរដា្ឋភិបាលជួយបន្ធូរបន្ថយស្ថានភាពនៃសេរីភាពបញ្ចេញមតិ នៅកម្ពុជា។
លិខិតដដែលបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ អង្គការនេះបានសង្កេតឃើញថា អ្នកបញ្ចេញមតិមួយចំនួនត្រូវបានឃាត់ និងចាប់ឃុំខ្លួននៅ ពន្ធនាគារ។ ករណីឃាត់ និងចាប់ខ្លួនទាំងនេះបានបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពបញ្ចេញមតិ ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់នៅកម្ពុជា។
ប្រភពដដែលបានបន្ថែមថា ដូចដែល រាជរដ្ឋាភិបាលលោកបានជ្រាបហើយថា សេរីភាពទាំងនេះបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសមាត្រា ៣៥ ដែលបានបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលបាន ការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លើសពីនេះ កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិជាច្រើនរបស់ អង្គការសហប្រជាជាតិទាក់ទិននឹងសេរីភាពបញ្ចេញមតិក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ដល់សច្ចាប័នទទួលយកផងដែរ។
លិខិតចំហ បានបញ្ជាក់ថា ៖ «យើងខ្ញុំសូមស្នើយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជា អង្គការនីតិប្បញ្ញត្តិ និងតុលាការ មេត្តា ពង្រីកលំហ សេរីភាពបញ្ចេញមតិ វប្បធម៌ការពារអ្នកបញ្ចេញមតិឲ្យកាន់តែប្រសើរ និងមេត្តាពិចារណាដោះលែងអ្នកបញ្ចេញមតិ ទាំងនោះឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារវិញ។ តាមសច្ចធម៌ សេចក្តីសុខរបស់ពលរដ្ឋម្នាក់ ជាសេចក្តីសុខរបស់យើង ទាំងអស់គ្នា»។
ការអត់ឱនអធ្យាស្រ័យចំពោះអ្នកបញ្ចេញមតិ នឹងបង្កើតឲ្យមានសាមគ្គីភាព បង្រួបបង្រួមជាតិស្របតាម គោលការណ៍រដ្ឋធម្មនុញ្ញ ធ្វើឲ្យកម្ពុជារបស់យើងទាំងអស់គា្នឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើននៃលទ្ធិប្រជា- ធិបតេយ្យសេរីដោយរលូន។ គុណតម្លៃនេះ ក៏នឹងជួយបង្កើនកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជាកាន់តែប្រសើរ និងក្រអូប សព្វសាយក្នុងឆាកជាតិ និងអន្តរជាតិផងដែរ។
«ម្យ៉ាងទៀត យើងខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាថា ដើម្បីចៀសវាងទំនាស់មតិរវាងរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគួរធ្វើការស្ទង់មតិពលរដ្ឋលើគ្រប់ការធ្វើសេចក្តីសម្រេចធំៗទាំងឡាយណាដែលងាយ ផុយស្រួយ ឬ ចម្រូងចម្រាស់ទាក់ទងនឹងជីវិតរបស់ពួកគេ។ យើងខ្ញុំយល់ថា ការចូលរួម និងតម្លាភាពនឹងជួយបង្កើន ទំនុកចិត្ត និងការទទួលខុសត្រូវរួមគ្នានៃជាតិយើង។ សូមអរព្រះគុណ និងសូមអរគុណទុកជាមុន»។ នេះបើតាមការលើកឡើងតាមរយៈលិខិតចំហ៕