ហេតុផល ដែលទីក្រុងគៀវ វាយប្រហារលើមជ្ឈមណ្ឌល វាយបឺរី (Wildberries) ដែល គេហៅថា ជាអាម៉ាហ្ស៉ូន របស់រុស្ស៊ី
ចាប់តាំងពី ១សប្តាហ៍មកហើយ មានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើដែនដីរុស្ស៊ីដែលវាយសំដៅជាអាទិភាពលើមជ្ឈមណ្ឌលនានាដែលហាក់ដូចជាមិនមានទំនាក់ទំនងផ្ទាល់ ជាមួយសង្រ្គាម ក្នុងនោះ មានមជ្ឈមណ្ឌល វ៉ាយបឺរី (Wildberries) ដែលគេប្រសិទ្ធនាមប្រហាក់ប្រហែលថា ជា ក្រុមហ៊ុនអាម៉ាហ្ស៉ូនរបស់រុស្ស៊ី។
តាមការរាប់របស់ម៉េឌូហ្ស៉ា ដែលជាគេហទំព័រព័ត៌មានឯករាជ្យរបស់រុស្ស៊ី បានឲ្យដឹងថា នៅទីក្រុងមូស្គូ ទីក្រុងសាំង ពេទែស្បួហ្ស៍ នៅទីក្រុងស៊ីមហ្វឺរ៉ូប៉ូល ដែនដីគ្រីមៀ ក៏ដូចជា នៅ ទីក្រុងក្រាស្នូដា និងវ៉ូរ៉ូណេ ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា មានដ្រូន និងមីស៊ីលនានារបស់អ៊ុយក្រែន បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយក្សនានារបស់រុស្ស៊ីចំនួន ៩ ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្មតាមអ៊ីនធឺណិត ឬ អ៊ី-ខមមឺស (e-commerce) ផងដែរ។ នៅក្នុងអំឡុងពេលជាមួយគ្នានេះ អ៊ុយក្រែនក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីចំនួន ៥ ផ្សេងទៀត។
តាមការបញ្ជាក់របស់សារព័ត៌មាន វ៉ល់ ស្រ្តីត ជួនណល់ (Wall Street Journa) ដែលបានយោងលើការប៉ាន់ស្មានរបស់ ដែលតា អ៊ីនសាយ (Data Insight) ដែលជាស្ថាប័នសិក្សាឯករាជ្យនៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ការវាយប្រហារនៅវ៉ាយបឺរី បានធ្វើឲ្យខូចខាតទឹកប្រាក់នៅចន្លោះពី ៣ពាន់លាន ទៅ ៤,៤ ពាន់លានដុល្លារ ដែលជាការខូចខាតសម្ភារៈ និងស្តុកឥវ៉ាន់។
យោងតាមអាជ្ញាធររុស្ស៊ី បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែនលើឃ្លាំងនេះ ក៏បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ បានបាត់បង់ជីវិត។
លោកស្រី ជេននី ម៉ាធើ អ្នកឯកទេសនៃរុស្ស៊ីនៅសកលវិទ្យាល័យ អាបឺរីស្វីត (Aberystwyth) ប្រទេសអង់គ្លេស អះអាងថា ៖ “ក៏ដូចជាការវាយប្រហារប្រឆាំងនឹងរោងចក្រចម្រាំងប្រេង ការវាយប្រហារលើឃ្លាំងវ៉ាយបឺរី នឹងជះឥទ្ធិពលភ្លាមៗ លើប្រជាជនស៊ីវិល និងរំលឹកឲ្យរុស្ស៊ីឲ្យដឹងថា សង្គ្រាមបានមកដល់ចំទ្វារផ្ទះរបស់ពួកគេហើយ។”
លោកហ្ស៉េហ្វ ហន អ្នកឯកទេសនៃប្រទេសរុស្ស៊ី នៅសាលាទីក្រុងឡុងដ្រ៍ផ្នែកសេដ្ឋកិច្ច បញ្ជាក់ថា ៖ “ដោយហេតុផលម្យ៉ាងទៀត ក្នុងនាមជាមជ្ឈមណ្ឌលដែលមានសារៈសំខាន់បំផុតខាងពាណិជ្ជកម្មតាមអ៊ីនធឺណិតនៅរុស្ស៊ី វ៉ាយបឺរី គឺមានសារៈសំខាន់ចាំបាច់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនរុស្ស៊ីរាប់លាននាក់ ទាំងនៅទីក្រុង និងជនបទ ដែលបណ្តាញដឹកជញ្ជូនរបស់វ៉ាយបឺរី បានជួយបំពេញ ឬជំនួសកន្លែងខ្លះ ដែលគ្មានហាងលក់ទំនិញ។”
យោងតាមតួលេខផ្លូវការនៃក្រុមហ៊ុន បានឲ្យដឹងថា ជាសរុប អ្នកលេងអ៊ីនធឺណិត ជាង ៨០លាននាក់ បានប្រើប្រាស់វ៉ាយបឺរី ជារៀងរាល់ខែ ឬមាន ម្នាក់ក្នុងចំណោម២នាក់នៃប្រជាជនរុស្ស៊ីដែលប្រើប្រាស់។
លោកស្តេហ្វ៉េន ហល់ ដែលជាអ្នកឯកទេសនៃរុស្ស៊ីនៅសកលវិទ្យាល័យបាត ប្រទេសអង់គ្លេស រៀបរាប់ថា ៖ “គេហទំព័រក្រុមហ៊ុនមិនត្រឹមតែមានសារៈសំខាន់សម្រាប់អ្នកទិញទំនិញប៉ុណ្ណោះទេ។ វាក៏ដំណើរការដូចជា អ៊ីបេ (eBay) ឬ ផ្សារអាម៉ាហ្ស៉ូន នៅអាម៉េរិក ដោយផ្តល់ឱកាសដល់បុគ្គលឯកជន ឬសហគ្រាសតូចៗ ក្នុងការលក់ផលិតផលរបស់ពួកគេ។”
ក្នុងកិច្ចសម្ភាសន៍មួយ ជាភាសារុស្ស៊ីតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត លីទុយអានី ដេលហ្វ៊ី (Delfi) លោកមីខៃឡូ ប៉ូដូលីយ៉ាក ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា តាមពិតសហគ្រាសតូចៗ របស់រុស្ស៊ី មិនមានអ្វីនៅសល់សម្រាប់បាត់បង់ទៀតដែរ ហើយក៏កំពុងស្ថិតនៅជិតការដួលរលំដែរ ពួកគេប្រហែលជានឹងធ្វើការបះបោរឡើងប្រឆាំងនឹងក្រុមអ្នកកាន់អំណាចរុស្ស៊ី និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនផង។