ស្រ្តីសូម៉ាលីម្នាក់ ប្រែចិត្តគំនិតពីបុគ្គលដែលគ្មានជំនឿទៅជាគ្រីស្តបរិស័ទ

អាយ៉ាន ហឺស៊ី អាលី (Ayaan Hirsi Ali) អតីតជនភៀសខ្លួនកើតនៅស៊ូម៉ាលីម្នាក់គឺជាស្រ្តីដែលកែប្រែចិត្តគំនិតពីស្រ្តីរងគ្រោះដែលមិនមានជំនឿមកជាស្រ្តីគ្រីស្តបរិស័ទមួយរូប ។

រឿងរ៉ាវរបស់ស្រ្តីម្នាក់នេះ ត្រូវបានរំលេចឡើងខណៈពេលដែលពិភពលោកបានប្រារព្ធទិវាជនភៀសខ្លួនពិភពលោកនៅថ្ងៃទី ២០ ខែមិថុនា កាលពីពេលថ្មីៗនេះ ។ រឿងរ៉ាវរបស់ អាយ៉ាន ហឺស៊ី អាលី លេចធ្លោជាដំណើរដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៃការផ្លាស់ទីលំនៅ ការផ្លាស់ប្តូរគំនិត និងការស្វែងរកប្រភពនៃ វិញ្ញាណក្នុងទសវត្សរ៍ថ្មីៗនេះ។

បន្ទាប់ពីចាប់កំណើត នៅប្រទេសសូម៉ាលីក្នុងឆ្នាំ ១៩៦៩  ហឺស៊ី អាលី បានចំណាយពេលភាគច្រើននៃកុមារភាពរបស់ខ្លួនធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយដោយសារតែ អស្ថិរភាពនយោបាយ និងភាពចលាចលក្នុងគ្រួសារ។

ស្រ្តីរូបនោះត្រូវបានគេដឹងថា ធ្លាប់ រស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អេត្យូពី និងកេនយ៉ា ជាកន្លែងដែលនាងត្រូវបានចិញ្ចឹមនៅក្នុងបរិយាកាសទំនៀមទម្លាប់មូស្លីមដ៏តឹងរ៉ឹង។ នៅអាយុ៥ឆ្នាំ ស្រ្តីរូបបានទទួលការវះកាត់ប្រដាប់ភេទស្ត្រី ដែលជានីតិវិធីដែលរៀបចំដោយជីដូនរបស់ខ្លួន។ នេះជាបទពិសោធន៍មួយដែលលោកស្រីនឹងពិពណ៌នានៅពេលក្រោយថាជាព្រឹត្តិការណ៍កំណត់មួយនៃកុមារភាពរបស់ខ្លួន។

នៅអាយុប្រមាណជា ២០ ឆ្នាំ ហឺស៊ី អាលី បានភៀសខ្លួនទៅកាន់ប្រទេសហូឡង់ដើម្បីគេចពីអាពាហ៍ពិពាហ៍ដែលគេបានរៀបចំសម្រាប់នាង។

ដោយស្វែងរកសិទ្ធិជ្រកកោននៅប្រទេសហូឡង់ ហឺស៊ី អាលី បានកសាងជីវិតរបស់ខ្លួនឡើងវិញតាមរយៈការអប់រំ និងសេវាសាធារណៈ ហើយនៅទីបំផុតក៏បានបម្រើការនៅក្នុងសភាហូឡង់។ សំណេរ និងការតស៊ូមតិរបស់ស្រ្តីរូបនោះលើបញ្ហាសិទ្ធិស្ត្រី សេរីភាពសាសនា និងការធ្វើសមាហរណកម្ម ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។ នៅឆ្នាំ ២០០៥ ទស្សនាវដ្តី Time បានដាក់ឈ្មោះស្រ្តីរូបនោះក្នុងចំណោមមនុស្ស ១០០ នាក់ដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក ដោយបានពង្រឹងឋានៈរបស់ស្រ្តីរូបនោះ ជាបញ្ញាវ័ន្ត សាធារណៈដ៏លេចធ្លោម្នាក់។

ក្រោយមក ហឺស៊ី អាលី បានលះបង់ប្រពៃណីនិងជំនឿមូស្លីមរបស់នាង ហើយតាំងខ្លួនជាអ្នកដែលគ្មានសាសនា និង គ្មានជំនឿ ប៉ុន្តែនៅឆ្នាំ២០២៣ ស្រ្តីដដែលបានធ្វើឱ្យអ្នកគាំទ្រ និងអ្នករិះគន់ភ្ញាក់ផ្អើលដូចគ្នា ដោយសារតែបានប្រកាសថា ខ្លួនបានក្លាយជាគ្រីស្តបរិស័ទ។

ពាក់ព័ន្ធនឹងការប្រែប្រួលនេះ ហឺស៊ី អាលី បានពន្យល់ថា ការផ្លាស់ប្តូរចិត្តរបស់នាងមិនបានកើតឡើងពីបទពិសោធន៍សាសនាភ្លាមៗនោះទេ ផ្ទុយទៅវិញ ស្រ្តីរូបនោះបានអះអាងថា  គ្រីស្តសាសនាបានផ្តល់នូវក្របខ័ណ្ឌសីលធម៌ និងស្មារតី ដែលលោកស្រីបានរកឃើញថាខ្វះមិនបាន៕

Daily Program

Livesteam thumbnail