សេចក្តីថ្លែងការណ៍របស់សភា លោក អភបាលព្រះសហគមន៍ កាតូលិកនៅទ្វីបអាស៊ី ស្តីពីជម្លោះដែលកំពុងរីករាលដាលខ្លាំងនៅមជ្ឈិមបូព៌ា
«អ្នកណាកសាង សន្តិភាព អ្នកនោះ មាន សុភមង្គល ហើយ
ត្បិតគេ នឹង ក្លាយជាបុត្រធីតា របស់ ព្រះជាម្ចាស់។» (ម៉ាថាយ ៥:៩)
គណៈកម្មាធិការកណ្តាលនៃសភា លោក អភិបាលព្រះសហគមន៍ កាតូលិកនៅទ្វីបអាស៊ី (FABC) ដែលបានជួបជុំគ្នានៅក្នុងទីក្រុងបាងកកប្រទេស ថៃក្នុងស្មារតីតែមួយ ជា លក្ខណៈស៊ីណូដាល មាន ការ រំជួលចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងជាថ្មីនៃអំពើហិង្សានៅមជ្ឈិមបូព៌ា។ ការទម្លាក់គ្រាប់បែក និងការវាយបក សងសឹកគ្នាទៅវិញទៅមក នាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងមហាអំណាចពិភពលោក និងតំបន់កំពុងប្រឈម នឹងរុញច្រានតំបន់នេះក៏ដូចជាពិភពលោកទាំងមូល ឱ្យធ្លាក់ទៅក្នុងជម្លោះដែលមិនអាចគណនាបាននូវផលវិបាកដល់ជីវិតមនុស្សនិងសេដ្ឋកិច្ច។ ក្នុងនាមជាមនុស្ស ជាតិ រស់នៅ ក្នុង ទ្វីបមួយ យើងព្រួយបារម្ភជាពិសេស ចំពោះជម្លោះនេះ។
យើងសូម អំពាវនាវជាបន្ទាន់ ដោយ យក សារ របស់សម្តេចប៉ាប លេអូ ទី១៤ ដែលបានរំលឹកយើងថា សន្តិភាពមិនអាចកសាងឡើងដោយ ការគំរាមកំហែង ឬអាវុធដែលបង្កការបំផ្លិចបំផ្លាញ ការឈឺចាប់ និងសេចក្តី ស្លាប់នោះឡើយ។ ស្ថិរភាពមិនអាចកើតចេញពីការភ័យខ្លាច ហើយយុត្តិធម៌ក៏មិនអាចទទួលបានតាមរយៈអំពើហិង្សាដែរ។ មានតែការសន្ទនាដោយស្មោះត្រង់ ការទទួលខុសត្រូវប្រកបដោយនិរន្តរភាពប៉ុណ្ណោះ ទើបអាចបើកផ្លូវឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
យើង ដែលកំពុង រស់នៅ ក្នុង បរិបទអាស៊ី ដែលសម្បូរទៅដោយភាពចម្រុះនៃសាសនា ប្រពៃណីវប្បធម៌ដ៏ជ្រាលជ្រៅ និងការតស៊ូប្រចាំថ្ងៃរបស់អ្នកក្រីក្រ យើងសូមបញ្ជាក់ថា សន្តិភាពមិនមែនគ្រាន់តែជាអវត្តមានរបស់ សង្គ្រាមនោះទេ។ វាគឺជាផលនៃយុត្តិធម៌ ជាលទ្ធផលនៃការសន្ទនា និងជាការកសាងទំនុកចិត្តដោយអត់ធ្មត់ក្នុងចំណោមប្រជាជន។ ផ្ទុយទៅវិញ សង្គ្រាមបានបង្ករបួសស្នាមដល់អ្នកដែលងាយរងគ្រោះបំផុត ដូចជា អ្នកក្រីក្រ ជនភៀសខ្លួន កុមារ និងមនុស្សជំនាន់ក្រោយ។
ក្នុងភាពស្មោះត្រង់ចំពោះមាគ៌ាដែលយើងបានពិចារណារួមគ្នា ក្នុងនាមជាព្រះសហគមន៍ នៅ ក្នុងទ្វីបអាស៊ី យើងសូមអំពាវនាវដោយ ក្តីគោរព ដូចខាងក្រោម៖
• យើងអំពាវនាវឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ និងឱ្យគ្រប់ភាគីទាំងអស់អនុវត្តនូវការទទួលខុសត្រូវផ្នែកសីលធម៌ កុំ ឲ្យ ជម្លោះរីករាលដាលហើយ នាំទៅរកការឈឺចាប់កាន់តែខ្លាំង និងការបាត់បង់ដែលមិនអាចស្រោចស្រង់បាន។
• យើងជំរុញឱ្យមានការស្តារឡើងវិញនូវការទូត ដើម្បីទុកជាឧបករណ៍ចម្បងក្នុងការដោះស្រាយជម្លោះ។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ការសន្ទនា ក៏នៅតែជាមាគ៌ាតែមួយគត់ដែលគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងអធិបតេយ្យភាពនៃប្រជាជាតិ។
• យើងលើកទឹកចិត្តឱ្យមានសាមគ្គីភាពរវាងសាសនា ជាពិសេសក្នុងចំណោមអ្នកដឹកនាំនៃប្រពៃណីសាសនាធំៗដែលមានវត្តមាននៅក្នុងតំបន់ ដើម្បីធ្វើជាសាក្សីរួមគ្នាចំពោះវិសុទ្ធភាពនៃជីវិត។
• យើងប្តេជ្ញាចិត្តបន្ត ដំណើរ របស់យើងរួម ជាមួយអ្នកក្រីក្រ និងជនរងគ្រោះដោយសារ សង្គ្រាម ដែលសម្រែករបស់ពួកគេជារឿយៗគ្មាននរណាស្តាប់ឮ ខណៈដែលមេដឹកនាំ រៀបចំ យុទ្ធសាស្ត្រនិង ភូមិសាស្ត្រនយោបាយរបស់ពួកគេ។ ទោះយ៉ាងណា ការឈឺចាប់របស់ពួកគេត្រូវតែយក មក រិះគិត ក្នុង ចំណោម រាល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព។
យើងសូមអញ្ជើញព្រះសហគមន៍ ក្នុងស្រុកទាំងអស់នៅទូទាំងទ្វីបអាស៊ី ក្នុងរដូវអប់រំ ពិសេស នេះ ត្រូវ បង្កើនការអធិស្ឋាន ការតមអាហារ និងសកម្មភាពសាមគ្គីភាពជាក់ស្តែងដើម្បីសន្តិភាព។ ក្នុងដំណើររបស់យើងក្នុងនាមជាបូជនីយេសក៍ឆ្ពោះ ទៅ ក្តីសង្ឃឹម យើងបដិសេធមិនចុះចាញ់នឹងភាពអស់សង្ឃឹមឡើយ។ យើងជឿជាក់ថា សូម្បីតែនៅក្នុងពេល វេលា ដ៏ខ្មៅងងឹតបំផុត ព្រះវិញ្ញាណដ៏វិសុទ្ធ នៅតែបន្តបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សា។
សូមព្រះនាងម៉ារី ជាមហាក្សត្រីនៃសន្តិភាព អមដំណើរប្រជាជននៅមជ្ឈិមបូព៌ា និងទូលអង្វរសម្រាប់ពិភពលោកដែល កំពុង មានរបួសរបស់យើង។
សូម បងប្អូន រួបរួម គ្នាជា ធ្លុងតែ មួយ និង ប្រកបដោយ ក្តីសង្ឃឹម។
ពី យើង ខ្ញុំ ជាសភា លោកអភិបាល ព្រះសហគមន៍ កាតូលិកនៅទ្វីបអាស៊ី
+កាឌីណាល់ ហ្វីលីព នេរី ហ្វើរ៉ាវ +កាឌីណាល់ បាប្លូ ដាវីឌ
ប្រធាន FABC អនុប្រធាន FABC
(ចុះហត្ថលេខា)
+កាឌីណាល់ អ៊ីសាវ គីគូឈិ
អគ្គលេខាធិការ FABC