សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024
សិស្សនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ បានប្រឡងជាប់ និងទទួលបានមេដាយក្នុងការប្រឡង Math Kangaroo 2024 ក្នុងចំណោម៥តំបន់ (ព្រះសីហនុ កំពង់ចាម បាត់ដំបង សៀមរាប រាជធានីភ្នំពេញ) ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដែលមានសិស្សចូលរួមសរុបប្រមាណ ជាង ៣០០០ នាក់។
លោក ប៉ិច វិបុល នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានប្រាប់ឱ្យដឹងថា លោកពិតជាសប្បាយយ៉ាងខ្លាំង នៅពេលដែលលោកទទួលបានព័ត៌មានថា សិស្សសាលាសន្តហ្រ្វង់ស្វ័ររបស់លោកចំនួន៤នាក់ទទួលបានមេដាយ ក្នុងការប្រឡង Math Kangaroo 2024នេះ។
ក្នុងនោះមានសិស្សម្នាក់ទទួលបានមេដាយមាស១ មេដាយសំរិទ្ធ១ និងមេដាយប្រាក់ចំនួន២។
លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំមានអារម្មណ៍រីករាយ និងគិតថាលទ្ធផលនេះវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដឹកនាំ បង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងកិច្ចសហការពីអ្នកអាណាព្យាបាលរបស់សិស្ស»។
លោកបានបន្តថា ជាពិសេសការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្ររបស់សិស្ស ក្រោមការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារពីសំណាក់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រហសហគមន៍កាតូលិកភូមិភាគភ្នំពេញេដែលជាស្ថាបនិករបស់សាលានេះ។
ទន្ទឹមនឹងនេះដែរ លោក ប៉ិច វិបុល បានលើកឡើងឱ្យដឹងទៀត កត្តាដែលធ្វើឱ្យសិស្សនៅវិទ្យាល័យសន្តហ្រ្វង់ស្វ័រទទួលបានជោគជ័យក្នុងការប្រឡងនេះ គឺគណៈគ្រប់គ្រងសាលា បានបង្កើតក្លឹបសិស្សពូកែនិងជួយបំប៉នពួកគាត់ជាប្រចាំ និងសាលាបានផ្តល់សម្ភារនិងលើកចិត្តដល់គ្រូសិស្សជាប្រចាំ។
លោកបានបន្ថែមទៀតថា ៖ «ចំណែកកត្តាគ្រូ គឺគ្រូមានបទពិសោធល្អ មានមនសិការ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ហាត់បង្រៀន រិះរកវិធីសាស្ត្រល្អៗ ថ្មីៗ យកមកបង្រៀនសិស្ស សិក្សាស្រាវជ្រាវជាប្រចាំ និងបង្កើតក្លឹបសិស្សពូកែ ដើម្បីជួយបំប៉នបន្ថែមដល់សិស្សនៅពេលយប់តាមរយៈគ្រុបតេឡេក្រាម ឬគ្រុបផ្សេងទៀត ដោយមិនខ្លាចនឿយហត់ និងដោយក្តីអាណិតស្រឡាញ់ចំពោះសិស្ស»។
ចំណែកកត្តាសិស្សវិញ គឺការស្រលាញ់ការសិក្សា តស៊ូព្យាយាមរៀនសូត្រ ខិតខំប្រឹងប្រែងដោះស្រាយលំហាត់ដែលគ្រូដាក់ឲ្យធ្វើ ស្តាប់តាមការណែនាំរបស់គ្រូ ក្លាហាន ហ៊ានសួរ ហ៊ានឆ្លើយជាមួយគ្រូ និងសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត។
មួយវិញទៀត កត្តាអាណាព្យាបាលសិស្សក៏ជាចំណុចមួយសំខាន់ផងដែរ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យកូនខិតខំរៀនសូត្រ ផ្តល់សម្ភារសិក្សាតាមតម្រូវការចាំបាច់ និងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់កូនរៀន និងតាមដានលទ្ធផលនៃការសិក្សារបស់កូនជាប្រចាំ។
លោកមានប្រសាសន៍ថា ៖ «គុណភាពនៃការងារអប់រំបណ្តុះបណ្តាល វាយតម្លៃបានតាមរយៈលទ្ធផលនៃការប្រឡង ដូចនេះសាលានឹងបញ្ជូនសិស្សទៅចូលរួមការប្រឡង កម្រិតថ្នាក់ជាតិ ក៏ដូចជាកម្រិតថ្នាក់តំបន់ជារៀងរាល់ឆ្នាំ»។
យុវសិស្ស អ៊ិច លីតា អាយុ១៤ ឆ្នាំ ជាសិស្សថ្នាក់ទី៨ ដែលទទួលបានមេដាយប្រាក់ពីការប្រឡង Math Kangaroo 2024 បានឱ្យដឹងថា ការសម្រេចចិត្តប្រឡងនេះព្រោះនាងចង់ដឹងពីសមត្ថភាពចំណេះដឹងរបស់នាង ដោយមានការជំរុញ និងលើកទឹកចិត្តពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូផងដែរ។
អ៊ិច លីតា បានប្រាប់ឱ្យដឹងថា ៖ «នេះជាការចូលរួមប្រឡងលើកទី១ ហើយខ្ញុំនឹងទៅចូលរួមប្រឡងដូចនេះនៅពេលក្រោយៗទៀត»។
សូមបញ្ជាក់ដែរថា វិទ្យាល័យសន្តហ្រ្វង់ស្វ័រជាសាលាវិទ្យាល័យចំណេះដឹងទូទៅមួយរបស់ព្រះសហគមន៍កាតូលិក ស្ថិតនៅក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានបង្កើតឡើងដោយលោកអភិបាលអូលីវីយ៉េ ក្នុងឆ្នាំ២០០៣។
ក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាល័យនេះ មានសិស្សសរុប២៤១ នាក់ (ស្រី១៥២ នាក់) ក្នុងនោះមាន៖ ថ្នាក់ទី៧ ចំនួន ៤៦នាក់ (ស្រី២៤នាក់), ថ្នាក់ទី៨ចំនួន ៤៣នាក់ (ស្រី២៨នាក់), ថ្នាក់ទី៩ចំនួន ៣៦នាក់ (ស្រី២១នាក់), ថ្នាក់ទី១០ ចំនួន៤០នាក់ (ស្រី២៨នាក់), ថ្នាក់ទី១១ ចំនួន ៤០នាក់ (ស្រី២៨នាក់) និងថ្នាក់ទី១២ មានចំនួន ៣៦នាក់ (ស្រី២៣នាក់)៕
អត្ថបទ៖ អមរិន្ទ ដានុត