សិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា លោកព្រឹទ្ធាចារ្យ គង់ ណៃ ទទួលមរណភាព

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា បាន​ទទួលមរណភាពនាថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤នេះ ក្នុងជន្មាយុ ៨០ឆ្នាំ (១៩៤៤-២០២៤) ​នៅគេហដ្ឋាននាស្រុកកំណើត ក្នុង​ខេត្តកំពត។

លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានបង្ហោះឃ្លា ភ្ជាប់ជាមួយនឹងរូបថតលោកឪពុករបស់លោថា ៖ «សូមពុកទៅអោយបានសុខ កូនសូមជួបពុកគ្រប់ៗជាតិ​ លោកពុក គង់ ណៃ»។

ចំណែក​ ​គេហទំព័រ​ក្រុមដំណើរខ្មែរ និង​ក្រុម​អ្នកសិល្បករជាច្រើនរូប បាន​បង្ហាញនូវមរណីទុក្ខ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃការបាត់បង់ធនធានសិល្បៈដ៏ឆ្នើមមួយរូបរបស់កម្ពុជា។

​​អ្នកផលិតមាតិកាលើបណ្តាញសង្គមដ៏ល្បីមួយរូប ឈ្មោះ Rick Kh គោប្រាក់ បានសរសេរលើហ្វេសប៊ុករបស់លោកនៅវេលាម៉ោងប្រមាណជា១ កន្លះថ្ងៃនេះថា ៖ «សូមចូលរួមរំលែកទុក្ខ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយថ្ងៃនេះ អរគុណសម្រាប់គ្រប់យ៉ាង»។

លោកបានបន្តថា ៖ «ខ្ញុំស្រលាញ់អ្វីដែលលោកតាបានបង្កើតកន្លងមក ពួកខ្ញុំនឹងខំរៀនសូត្រតាមគន្លងល្អៗរបស់តា សូមលោកតាទៅកាន់សុខគតិភព ឋានសួគ៌»។

ជាមួយគ្នានេះដែរ លោកស្រី ឈីវ ភារម្យ មេធាវីស្ត្រីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាភរិយារបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាចក្រកម្ពុជា បាន​លើកឡើងដែរថា កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតារបស់សត្វលោក តែនៅតែសោកសៅ នៅពេលលឺដំណឹងនេះ បើទោះមិនដែលបានស្គាល់គាត់ផ្ទាល់ខ្លួនក្តី តែហាក់បីដូចស្រណោះស្រណោក…។

លោកស្រីបន្តថា ៖ «យើងខ្ញុំទាំងពីរនាក់រួមទាំងក្រុមការងារទាំងអស់ សូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ សូមវិញ្ញាណក្ខ័ន្ធលោកតាព្រឹទ្ធាចារ្យ គង់ណៃ បានទៅកាន់សុគតិភព»។

ព្រឹទ្ធាចារ្យ គង់ ណៃ មានគោរមងារ​ជា​កោសល្យ​វោហារ​ ជា​សិល្បករ​ចាប៉ីដងវែង មកពី​ខេត្តកំពត​ ជាមរតកមនុស្សរស់នៃប្រទេសកម្ពុជាផ្នែកវប្បធម៌ ដែលលោកមានស្នាដៃយ៉ាងធំធេងរក្សាកេរដំណែលដូនតាខ្មែរ គឺចាប៉ីដងវែង។

ព្រឹទ្ធាចារ្យគឺ​ជា​បុគ្គល​ទី​៣​នៃ​កម្ពុជា ដែល​ទទួលបាន​ពាន​ហ្វ៊ុ​កុ​អូ​កា​លើក​ទី​២៨ ពី​ប្រទេស​ជប៉ុន​។ ​លោកតា គង់ ណៃ បានធ្លាក់ខ្លួនឈឺ និងមិនអាចចូលរួមកម្មវិធីផ្សេងទៀតបាន ក្នុង​អំឡុងឆ្នាំ​២០២៣ ដោយលោកមានជំងឺ​ជាច្រើនមុខដូចជា ទឹកនោមផ្អែម សួត វង្វេង និងដើរមិនរួច៕

 

Daily Program

Livesteam thumbnail