សម្តេច ហ៊ុន សែន អំពាវនាវឱ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗទូងស្គរ​ និងបាញ់កាំជ្រួចក្នុង​ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្នើឱ្យ​រាជរដ្ឋាភិបាលរៀបចំការ​ទូងស្គរ បាញ់កាំជ្រួច ដើម្បី​អបអរសាទរ នៅគ្រប់ទីកន្លែង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។

សម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានថ្លែងឡើងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ក្នុង​ពេល​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដែល​ធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

សម្តេចបានមានប្រសាសន៍ថា ៖ «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល​នៅថ្ងៃទី៥ ខែសីហាខាងមុខនេះនៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណននេះ សូមអំពាវនាវឱ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗទូងស្គរ​ និងធ្វើអ្វីៗគ្រប់យ៉ាងរហូតបាញ់កាំជ្រួចឡើងលើមេឃ»។

សម្តេចតេជោ បានបន្ថែមថា ៖ «នៅយប់ថ្ងៃទី៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចនៅតាមទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណន»។

គម្រោងនេះនឹងបង្កើតឱកាសរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវទឹកដឹកជញ្ជុនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។

ប្រធានគណបក្សប្រជាជនរូបនេះបានសង្កត់ធ្ងន់ថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថាព្រែកជីកនេះនឹងក្លាយទៅជា​ប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតី ដែលវានឹងជួយបំពេញបន្ថែមទៅឱ្យការទប់ស្កាត់ និង​រួមចំណែកការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវ​ស្ថានភាពបៃតងគ្រប់រដូវការនៅទិសនិរតីរបស់ប្រទេសកម្ពុជា»។

សូមរម្លឹកផងដែរថា ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើម​ការដ្ឋានសាងសង់នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ខាងមុខនេះ៕

 

Daily Program

Livesteam thumbnail