សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូ ​សោយ​ទិវង្គត​​ក្នុងព្រះជន្ម៨៨​វស្សា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានសោយទិវង្គត នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៨វស្សានៅ និវេសនដ្ឋានរបស់ទ្រង់ វិមានកាសា សន្តី​ម៉ាថានៅបុរីវ៉ាទីកង់។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ការសោយទិវង្គតរបស់ទ្រង់ត្រូវបានបញ្ជាក់ នៅវេលាម៉ោង ៩ និង ៤៥ នាទីព្រឹក ដោយ លោកកាឌីណាល់ ខេវិន ហ្វារ៉ែល (Kevin Farrel)អគ្គលេខាធិការព្រះសហគមន៍កាតូលិកនៅសន្តអាសនៈ។

លោកកាឌីណាល់ បានប្រកាសថា “"បងប្អូនប្រុសស្រីជាទីគោរព ខ្ញុំសូមប្រកាសអំពីការសោយទិវង្គតរបស់ព្រះសម្តេចប៉ាប​ ហ្វ្រង់ស៊ីស្កូ គឺនៅម៉ោង ៧ និង ៣៥ នាទីនាទីព្រឹកនេះ”។

លោកកាឌីណាល់បានប្រកាសទៀតថា សម្តេចប៉ាប បានយាងត្រឡប់ទៅជួប ព្រះជាម្ចាស់វិញហើយ ក្រោយពេលដែលទ្រង់បានឧទ្ទិសជីវិតរបស់ទ្រង់ចំពោះព្រះសហគមន៍ ហើយបានខិតខំណែនាំយើងទាំងអស់គ្នាឲ្យយល់នូវ តម្លៃនៃដំណឹងល្អដោយភាពស្មោះត្រង់ ក្លាហាន និង ដោយក្តីស្រលាញ់។

សម្តេចប៉ាបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពហុព្យាបាល Agostino Gemelli នៅថ្ងៃសុក្រទី ១៤ ខែកុម្ភៈឆ្នាំ ២០២៥ បន្ទាប់ពីទទួលរងពីជំងឺរលាកទងសួតអស់រយៈពេលជាច្រើនថ្ងៃ។

ស្ថានភាព​ព្យាបាល​របស់​សម្តេច​ប៉ាប កាន់តែ​យ៉ាប់យ៉ឺន​ជា​បណ្តើរៗ ហើយ​ក្រុមវេជ្ជបណ្ឌិត ​របស់​ព្រះអង្គ​បាន​ធ្វើ​រោគវិនិច្ឆ័យបញ្ជាក់ពីស្ថានភាពគ្រោះថ្នាក់នៃ​ជំងឺ​រលាក​សួតនៅ​ថ្ងៃ​អង្គារ ទី១៨ ខែកុម្ភៈ។

បន្ទាប់ពីស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ៣៨ ថ្ងៃ សម្តេចប៉ាបបានទទួលការអនុញ្ញាតឲ្យវិលត្រឡប់មកកាន់និវេសនដ្ឋានរបស់ទ្រង់នៅវិមានកាសា សន្តីម៉ាថា ដើម្បីបន្តការព្យាបាល ។

សម្តេចប៉ាបត្រូវបានគេដឹងថា ធ្លាប់វះកាត់សួតនៅពេលដែលទ្រង់មានព្រះជន្ម២០វស្សា។ នៅក្នុងដំណើរការវះកាត់កាលពីឆ្នាំ១៩៥៧ នៅប្រទេសអាហ្សង់ទីនដែលជាប្រទេសកំណើតរបស់ទ្រង់ គេបានកាត់ផ្នែកខ្លះនៃសួតរបស់ទ្រង់ ដោយសារតែ ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ។

នៅពេលដែលទ្រង់ត្រូវបានជ្រើសតាំងនឹងដឹកនាំជាសម្តេចប៉ាប ទ្រង់ធ្លាប់ទទួលការព្យាបាលម្តងទៀត នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនៅពេលនេះទ្រង់បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេស អារ៉ាប់រួមផងដែរ៕

ជីវប្រវត្តិ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

អំពីការត្រាស់ហៅ​និង​កិច្ចការងារ​មុន​ជា​សម្តេចប៉ាប៖

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មានឈ្មោះដើម​ថា ចច ម៉ារីយ៉ូ ប៊ឺហ្គោលីយ៉ូ (Jorge Mario Bergoglio)។ លោក​ជាអគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគ ប៊ុយណូស អាយរេស(Buenos Aires) នៅក្នុងប្រទេសអាហ្សង់ទីន ជាបព្វជិតនៃក្រុមគ្រួសារសហជីវិនព្រះយេស៊ូ។ លោកបានជាប់ឆ្នោត ទទួលមុខងារជាអភិបាលក្រុងរ៉ូមទី២៦៦ បន្តវេនពីសន្តសិលា កាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ​២០១៣។ ក្នុង​មុខងារ​ជា​សម្តេចប៉ាប លោក​ជ្រើសរើសព្រះនាមថា ហ្វ្រង់ស៊ីស្កូ។

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានប្រសូតនៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ នៅទីក្រុង ប៊ុយណូស អាយរេស ប្រទេស​អាហ្សង់ទីន ស្ថិត​ក្នុង​ទ្វីបអាមេរិក​ឡាទីន។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៨ លោកបានប្តូរទៅរៀននៅទេវវិទ្យាល័យ​ក្រុមសហជីវិនព្រះយេស៊ូ នៅប្រទេសឈីលី ហើយបញ្ចប់ការសិក្សាអំពីមនុស្សសាស្ត្រ។ ឆ្នាំ១៩៦៣ លោកក៏បានវិលត្រឡប់មកកាន់ស្រុកកំណើត​វិញ ហើយទទួលបានសញ្ញាប័ត្រផ្នែកទស្សនវិទ្យានៅទេវវិទ្យាល័យសន្តយ៉ូសែប នៅសំាងមីហ្គែល(San Miguel)។ នៅរវាងឆ្នាំ១៩៦៤-៦៥ លោកបានបង្រៀនអក្សសាស្ត្រនិងទស្សនវិទ្យា នៅវិទ្យាល័យមួយនៅទីក្រុងសាន់តាហ្វី ក្រោយមកនៅឆ្នាំ១៩៦៦ លោកបានបង្រៀនមុខវិជ្ជាដូចគ្នានេះ នៅសាកលវិទ្យាល័យ អែលសាវាឌ័រនៅទីក្រុង ប៊ុយណូស អាយរេស។ ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ លោកបានសិក្សាអំពី ទេវវិទ្យានៅទេវវិទ្យាល័យ សន្តយ៉ូសែប នៅសាំងមីហ្គែល។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៦៩ លោកទទួលអគ្គសញ្ញាតែងតំាងជាបូជាចារ្យ​ក្នុងក្រុមសហជីវិនព្រះយេស៊ូ  និង​បាន​ប្រកាស​ពាក្យសច្ចាជានិរន្តរ៍នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៣។

នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ១៩៧៣ លោកត្រូវបានជាប់ឆ្នោតជា ប្រធានក្រុមគ្រួសារសហជីវិនព្រះយេស៊ូ​សម្រាប់​ប្រទេសអាហ្សង់ទីន ហើយបានបំពេញមុខងារនេះអស់រយៈពេល៦ ឆ្នាំ។

ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៦ លោកគឺជាព្រឹទ្ធបុរសមហាវិទ្យាល័យទេវីវិទ្យា​និងទស្សនវិទ្យា នៅសាកលវិទ្យាល័យសាំងមីហ្គែល និងជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ប៉ាទ្រីសា សន្តយ៉ូសែប នៅភូមិភាគសាំងមីហ្គែល។ នៅខែមីនា ឆ្នាំ១៩៨៦ លោកបានទៅសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅអាល្លឺម៉ង់។ បន្ទាប់​មក លោកត្រូវបានប្រធាន​ចាត់ឱ្យធ្វើជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យអែលសាល់វាឌ័រ និងបន្ទាប់មក​ជាសាស្ត្រាចារ្យ និងជានាយកណែនាំផ្លូវវិញ្ញាណនៅខ័រដូបា។

            នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩២ សម្តេចប៉ាបយ៉ូហានប៉ូលទី២ បានតែងតាំងលោកជាអភិបាលនៃព្រះសហគមន៍អូកា និងជាអភិបាលជំនួយ នៅព្រះសហគមន៍ប៊ុយនូស អាយរេស។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៩៧ លោកត្រូវបានតែងតាំងជាអគ្គអភិបាលឧបត្ថម្ភក នៃព្រះសហគមន៍ខាងលើ។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៨ លោកទទួលមុខងារជាអគ្គអភិបាលព្រះសហគមន៍ ប៊ុយនូស អាយរេស បន្តពីកាឌីណាល់ ការ៉ាស៊ីណូ (Quarracino)

លោកត្រូវបានប្រកាសតែងតាំងជាកាឌីណាល់ ដោយសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០០១។ លោកគឺ ជាសមាជិកក្រសួងសម្រាប់គោរពព្រះជាម្ចាស់ និងការអប់រំអគ្គសញ្ញាណនានា ជាសមាជិក​ក្រសួងសម្រាប់បព្វជិតបព្វជិតា និង​ជា​សមាជិកក្រសួងសម្រាប់វិទ្យាស្ថានជីវិតខាងវិញ្ញាណនិងអំពីជីវិតព្រះសហគមន៍ ហើយ​លោក​ក៏ជាក្រុមប្រឹក្សាសម្រាប់ក្រុមគ្រួសារ និងក្រុមប្រឹក្សាសម្រាប់ព្រះសហគមន៍នៅអាមេរិកឡាទីនផងដែរ។

មុខងារជាសម្តេចប៉ាប៖

ចាប់តាំងពីទទួលមុខងារជាសម្ដេចប៉ាបទី២៦៦បន្តវរន ពីសន្តសិលា នៅឆ្នាំ២០១៣ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានយកចិត្តទុកដាក់ លើកិច្ចការងារសំខាន់ៗមួយចំនួនដូចជា៖

១. កំណែទម្រង់ក្នុងព្រះសហគមន៍៖

  • ធ្វើឱ្យមានតម្លាភាពហិរញ្ញវត្ថុ និងកំណែទម្រង់នៅក្នុងបុរីវ៉ាទីកង់ ជាពិសេសនៅក្នុងធនាគារវ៉ាទីកង់។
  • បានដោះស្រាយបញ្ហារំលោភបំពានផ្លូវភេទនៅក្នុងព្រះសហគមន៍ ទោះបីជាអ្នករិះគន់អះអាងថា ត្រូវការវិធានការបន្ថែមទៀតក៏ដោយ។

២. តស៊ូមតិដើម្បីជនក្រីក្រនិងអ្នកដែលសង្គមមិនរាប់រក និងបញ្ហាសិទ្ធិមនុស្ស៖

  • លោក​បានសង្កត់ធ្ងន់លើយុត្តិធម៌សង្គម វិសមភាពសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ចំពោះជនក្រីក្រ
  • លោក​លើកទឹកចិត្តឱ្យមានការអាណិតអាសូរចំពោះជនចំណាកស្រុក និងជនភៀសខ្លួន

៣. បម្រែបម្រួលអាកាសធាតុនិងបរិស្ថាន

  • លោកបានរៀបចំឯកសារអប់រំ​គ្រីស្តបរិស័ទ​ដែលមានឈ្មោះថា ឡោដាតូស៊ី (Laudato Si )ក្នុងឆ្នាំ២០១៥ ដែលជំរុញឱ្យមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ​ដើម្បីឱ្យមានការទទួលខុសត្រូវលើបរិស្ថានសកលដែល​ជាស្នាព្រះហស្ត​របស់​ព្រះជាម្ចាស់​ និងជាផ្ទះ​រួម​របស់មនុស្ស​ជាតិ

៤. ទំនាក់ទំនងអន្តរសាសនា និងការទូតសកល៖

  • ​លោក​បាន​ពង្រឹងទំនាក់ទំនងជាមួយសាសនាផ្សេងៗ
  • សម្ដេចប៉ាប​បានដើរតួនាទី ចរចារកសន្តិភាព រវាងសហរដ្ឋអាមេរិក និងគុយបា រួមទាំងលើកទឹកចិត្តឱ្យមេដឹកនាំនៃប្រទេសនីមួយៗ ស្វែងរកសុខសន្តិភាពដល់ប្រជាជនជាជាងធ្វើសង្គ្រាមបង្ហូឈាម

៥. ការដោះស្រាយបញ្ហាសង្គមទំនើប

ដើម្បី​ឲ្យ​ប្រជាជន​របស់​ព្រះជាម្ចាស់​មួយ​ចំនួន​អាច​វិល​មក​រកព្រះជាម្ចាស់​វិញ ​

  • សម្តេចប៉ាប​បានលើកទឹកចិត្តដល់ស្ត្រីដែលមានកូនតែគ្មានស្វាមីនិងកូនរបស់នាងអាចទទួលអគ្គសញ្ញានានាក្នុងព្រះសហគមន៍
  • រួមបញ្ចូលអស់អ្នកដែលស្រឡាញ់សម្ព័ន្ធភេទដូចគ្នាទៅក្នុងព្រះសហគមន៍ ដោយ​មានការអនុគ្រោះ​មួយ​ចំនួន
  • បន្ធូបន្ថយច្បាប់មួយចំនួនអំពីជីវិតអាពាហ៍ពិពាហ៍ ដូចជាការលែងលះ និងការរៀបការម្តងទៀត។

៦. បង្កើត​ឆ្នាំ​ផ្សេងៗ​សម្រាប់​ព្រះសហគមន៍​សកល​យកចិត្តទុកដាក់​អំពី​ជំនឿនិង​រស់នៅ​ជិតស្និទ្ធជាមួយព្រះជាម្ចាស់

បង្កើត​ឆ្នាំមេត្តាករុណា និង​ធ្វើ​ព្រះពរ​ផ្ដាច់​បាប​ក្នុង​ពេល​មាន​រោគ​រាតត្បាត​ដោយ​កូវីដ​១៩

៧. ការរួមដំណើរជាមួយគ្នាក្នុងព្រះសហគមន៍ (Synodal Church) និងវិមជ្ឈការ៖

  • បើកដំណើរការសន្និបាតព្រះសហគមន៍សកល​ (Synodality) ក្នុងឆ្នាំ២០២១-២០២៤ អំពីរួមដំណើរជាមួយគ្នាជាបងប្អូនក្នុងធ្លុងតែមួយប្រកាសដំណឹងល្អ ដើម្បីស្វែងរកផ្លូវថ្មីសម្រាប់ព្រះសហគមន៍ឱ្យមាន​ភាព​ជិតស្និទ្ធជាមួយគ្រីស្តបរិស័ទរបស់ខ្លួន។

៨. ពង្រឹងផ្លូវវិញ្ញាណដល់គ្រីស្តបរិស័ទ

  • លោក​បាន​ផ្ញើសារលិខិតដាស់តឿន រំលឹក និងណែនាំគ្រីស្តបរិស័ទ គ្រប់វិស័យឱ្យយកចិត្តទុកដាក់លើកិច្ចការប្រកាសដំណឹងល្អតាមមុខងាររៀងៗខ្លួន
  • អប់រំណែនាំជំនឿប្រចាំសប្តាហ៍ និងណែនាំអធិដ្ឋានប្រចាំខែ
  • សរសេរឯកសារ​អប់រំ​គ្រីស្ត​បរិស័ទ​ចំនួន​បី​ រួមមាន ពន្លឺនៃ​ជំនឿ «Lumen Fidei» ដែល​បាន​បោះ​ពុម្ពផ្សាយនៅ​ក្នុង​ឆ្នាំ​២០១៣ ស្តីអំពីជំនឿ​នៅក្នុង​មន្ទិលនៃ​សម័យទំនើបនិង​លិទ្ធិនិយម​​ ដោយ​ឆ្លុះបញ្ចាំង​ថា​ជំនឿ​មិន​មែន​ឲ្យ​មនុស្ស​ខ្វាក់ភ្នែកនោះ​ទេ តែ​ឲ្យ​ចូលជ្រៅ​ក្នុង​ការ​យល់​ចិត្ត​និង​ស្រឡាញ់។ ឯកសារ​ទី២​មាន​ឈ្មោះ​ថា ឡោដាតូស៊ី (Laudato Si) បោះពុម្ពផ្សាយក្នុង​ឆ្នាំ​២០១៥ ដែល​ផ្តោត​សំខាន់​លើ បញ្ហាបរិស្ថានធម្មជាតិ បម្រែបម្រួលអាកាសធាតុ និង​យុត្តិធម៌សង្គម ដើម្បី​ឲ្យ​មនុស្ស​យក​ចិត្តទុកដាក់​ថែរក្សា​និងការពារ​ផ្ទះរួម​របស់​ខ្លួន។ ឯកសារទី៣​មាន​ចំណងជើងថា ភាព​ជា​បងប្អូននឹងគ្នា (Fratelli Tutti) បោះ​ពុម្ពផ្សាយក្នុងឆ្នាំ​២០២០ ផ្តោត​សំខាន់លើ​ភាតរភាព​ មិត្តភាពក្នុងសង្គម និង​សាមគ្គីភាពក្នុងពិភពលោក ដែល​បានអំពាវនាវ​ឱ្យ​មេដឹកនាំ​នានា​រួមគ្នា​កសាង​ពិភពលោកដោយ​សេចក្តីស្រឡាញ់ យុត្តិធម៌ និង​សន្តិភាព។
  • ជាមួយគ្នានេះ លោក​បាន​សរសេរ​សារលិខិត​ជា​ច្រើន​ផ្ញើ​ជូន​គ្រីស្តបរិស័ទក្នុងឱកាសបុណ្យ​នានា ហើយ​ក៏​មាន​សាររំលែក​ទុក្ខ និង​សារ​សារទរ​ជាច្រើន​ដល់​ព្រះសហគមន៍​ក្នុងពិភពលោកផងដែរ
  • យកចិត្ត​ទុកដាក់​ចំពោះ​កិច្ច​ប្រកាសដំណឹងល្អ​ដល់​ក្រុម​ជន​ជាតិដើម​ភាគ​តិច​ក្នុង​តំបន់​អាម៉ាហ្សូន​

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានធ្វើទស្សនកិច្ចផ្លូវការ​ជាង៤០​ដងនៅក្នុងប្រទេសអ៊ីតាលី ដោយផ្តោតលើបញ្ហាសង្គមមានដូចជា ភាពក្រីក្រ ជនអន្តោប្រវេសន៍ ការប្រឆាំងនឹងពួកម៉ាហ្វីយ៉ាជាដើម ជីវិតខាងផ្លូវវិញ្ញាណ និងការសន្ទនាអន្តរសាសនា។

ជាមួយគ្នានេះ សម្ដេចប៉ាប បានធ្វើដំណើរទស្សនកិច្ចផ្លូវការ​ចំនួន​៤៥ដងទៅកាន់ប្រទេសប្រមាណជាង៦០ប្រទេសនៅជុំវិញពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនោះផ្ដោតទៅលើ សន្តិភាព ទំនាក់ទំនងអន្តរសាសនា យុត្តិធម៌សង្គម និងការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រនិង​អ្នក​ដែល​គេ​មិន​រាប់​រក​ក្នុង​សង្គម។  សម្ដេចប៉ាបបានយាង​មកដល់ទ្វីបអាស៊ី រួមមាន៖

ទស្សនកិច្ច​អាស៊ីភាគខាងលិច (Middle East) និង​អាស៊ីកណ្ដាល៖

១. ទឹកដីសន្យា​របស់​ព្រះជាម្ចាស់ក្នុង​ឆ្នាំ​២០១៤ រួមមាន ព្រះរាជាណាចក្រយ័ដាន់ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល

២. អាមីនៀក្នុងខែ​មិថុនា ​ឆ្នាំ២០១៦

៣. សហភាពអារ៉ាប់រួមក្នុងខែ​កុម្ភៈ ឆ្នាំ២០១៩

៤. អ៊ីរ៉ាក់ក្នុងខែ​មីនា ឆ្នាំ២០២១

៥. កាស្សាស្ថានក្នុងខែ​កញ្ញា ឆ្នាំ២០២២

៦. បារ៉ាអ៊ីន ក្នុងខែ​វិច្ឆិកា ឆ្នាំ​២០២២

ទស្សនកិច្ច​នៅ​អាស៊ីខាងកើត អាស៊ី​ខាង​ត្បូង និង​អាស៊ីអាគ្នេយ៍៖

​១. កូរ៉េខាងត្បូងក្នុងខែ​សីហា ឆ្នាំ២០១៤

២. ហ្វីលីពីននិងស្រីលង្កា ក្នុងមករា ឆ្នាំំ២០១៥ 

២. មីយ៉ាន់ម៉ានិងបង់ក្លាដេសក្នុងខែវិច្ឆិកា និង​ធ្នូ ឆ្នាំ២០១៧ 

៣. ថៃនិងជប៉ុនក្នុងខែ​វិច្ឆិកា ឆ្នាំ២០១៩ 

៤. ឥណ្ឌូនេស៊ី ទីម័រខាងកើត និងសិង្ហបុរីក្នុងខែ​កញ្ញា ឆ្នាំ២០២៤។

ទិវាយុវជន​ពិភពលោក និង​យុវជន​អាស៊ី៖

  • លោក​បានណែនាំ​និង​លើក​ទឹកចិត្ត​យុវជន​ ឱ្យ​រួម​គ្នា​បង្កើត​វប្បធម៌​សន្តិភាព​ក្នុង​ជំនឿ ជាពិសេស​ក្នុង​ទិវា​យុវជន​ពិភពលោក ដែលមាន​នៅ​ប្រទេស​​ប្រស៊ីលក្នុង​ឆ្នាំ​២០១៣ នៅ​ប៉ូឡូញក្នុង​ឆ្នាំ២០១៦ នៅ​ប៉ាណាម៉ាក្នុង​ឆ្នាំ​២០១៩ និង​នៅ​ព័រទុយហ្គាល់​ក្នុង​ឆ្នាំ​២០២៣
  • ​សម្តេចប៉ាប​​បាន​ចូលរួម​ទិវា​យុវជនអាស៊ី​កាលពី​ឆ្នាំ​២០១៤ នៅក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូងផងដែរ ដែល​ជា​ដំណើរ​ទស្សនកិច្ច​​​លើក​ដំបូង​របស់​ព្រះអង្គ​ ក្នុងតំបន់​អាស៊ីខាងកើត

Ad Limina visit

កាលពីថ្ងៃទី​២៨ ​ខែ​មករា ឆ្នាំ​២០១៧ ព្រះអង្គ​បាន​យាង​ជួប​ជាមួយ​សភា​លោកអភិបាល​ឡាវ​កម្ពុជា​​ ក្នុង​កម្មវិធី​(Ad Limina visit) ដើម្បីសំណេះ​សំណាលសួរសុខទុក្ខ​ និងពិភាក្សាកិច្ច​ការងារ​ព្រះសហគមន៍​មួយ​ចំនួន​ នា​ទីក្រុង​រ៉ូម។ ព្រះអង្គក៏បាន​លើក​ទឹកចិត្ត​និង​ជំរុញ​ឲ្យ​បន្ត​កិច្ចការងារ​ចងក្រង​អំពី​មរណសាក្សីនៅកម្ពុជាផងដែរ

 

 

Daily Program

Livesteam thumbnail