សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កោតសរសើរកម្ពុជាក្នុង​ការ​លុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន

លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

លោក លី ធុជ​ បាននាំនូវសេចក្តីគោរពរាប់អានពីសំណាក់ សម្តេចតេជោ ហ៊ុន   សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងមូល ជូនចំពោះសម្តេចប៉ាប ផងដែរ ព្រមទាំងបានថ្លែងអំណរគុណដល់សម្តេចប៉ាប និងប្រទេស The Holy See ទាំងមូល ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈអង្គការមនុស្សធម៌បែបសាសនា។​​

ក្នុងជំនួបសម្តែងការគួរសមនោះ សម្តេចប៉ាប ហ្វ្រង់ស៊ីសកូ កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក ​និងការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន។

សម្តេចប៉ាបបានបន្តថា ជាពិសេសការដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាដ៏មានសារសំខាន់ដែលនឹងនាំឱ្យមនុស្សជាតិមានស្មារតីចាកឆ្ងាយពីសង្គ្រាម និងឈានមកស្រលាញ់សន្តិភាព។

សម្តេចប៉ាប បានសង្កត់ធ្ងន់លើពាក្យ «យើងត្រូវប្រយុទ្ធដើម្បីសន្តិភាព យើងត្រូវប្រយុទ្ធដើម្បីជួយជនរងគ្រោះដោយសារមីន យើងទាំងអស់គ្នាត្រូវការជម្រុញឱ្យមានសន្តិភាព»។

សម្តេចប៉ាប បានថ្លែងទៀតថា ប្រទេស The Holy See នឹងបញ្ជូនគណ:ប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខ តបតាមការអញ្ជើញរបស់កម្ពុជា។​

ទន្ទឹមនឹងនោះដែរ លោក លី ធុជ ក៏​បានជម្រាបសម្តេចប៉ាបបនាឱកាសនោះថា កម្ពុជា ជាប្រទេសស្រលាញ់សន្តិភាព ហើយពិតជាមានមោទនភាពជាខ្លាំង ដែលទទួលបានការគាំទ្រ ឱ្យធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលវាបានឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កម្ពុជា ក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកម្រិតសកលដ៏សំខាន់នេះ។

លោកបានបញ្ជាក់ផងដែរថា ៖ «ខេត្តសៀមរាប ដែលជាទីតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាអតីតតំបន់សមរភូមិ និងបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ក៏ប៉ុន្តែក្រោយប្រតិបត្តិការបោសសម្អាតមីន ខេត្តសៀមរាប បានប្រែមុខមាត់ថ្មី និងក្លាយទៅជាតំបន់ទេសចរ​ណ៍ដ៏ធំមួយ និងបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ»។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេស The Holy See (បុរីវ៉ាទីកង់) ដែលផ្តល់ការគាំទ្រ ដល់អនុសញ្ញាអូតាវ៉ា និងបានជួយផ្សព្វផ្សាយ រំលឹកដល់មនុស្សជាតិទាំងអស់ អំពីកាតព្វកិច្ចក្នុងការការពារភពផែនដី និងការពារសន្តិភាព៕

Daily Program

Livesteam thumbnail