សម្តេចប៉ាប! យុវជនសូមរួបរួមគ្នាចូលរួមអំណរសប្បាយជាមួយនឹងព្រះយេស៊ូ
នៅក្នុងសារមួយដែលផ្ញើជូនទៅក្រុមយុវជននៅក្នុងប្រទេសប៉ារ៉ាហ្គាយ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន អំពាវនាវឱ្យយុវជន អនុញ្ញាតឱ្យព្រះគ្រីស្តកែប្រែចិត្តគំនិត ហើយរួមរស់ជាមួយនឹងព្រះយេស៊ូដើម្បីបុព្វហេតុរបស់មនុស្សជាតិ។
សម្តេចប៉ាបបានសង្កត់ធ្ងន់តាមរយៈសារនោះថា សូមអនុញ្ញាតឱ្យព្រះគ្រីស្តផ្លាស់ប្តូរចិត្តគំនិតពីធម្មជាតិ របស់អ្នកទៅជាសេចក្តីស្រឡាញ់ពិតប្រាកដ សេចក្តីស្រឡាញ់ដែលដឹងពីរបៀបលះបង់ ស្មោះត្រង់ ហើយរូបគ្នាជាមួយនឹងព្រះយេស៊ូដើម្បីប្រកាសដំណឹងល្អសម្រាប់ពិភពលោក។
សាររបស់សម្តេចប៉ាបនេះត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានផ្ញើដើម្បីរំលឹកដល់ព្រឹត្តិការណ៍នៃការប្រមូលផ្តុំយុវជននៅអាមេរិកឡាទីនដែលប្រមូលផ្តុំគ្នានៅប្រទេសប៉ារ៉ាហ្គាយពីថ្ងៃទី ១៥ ដល់ថ្ងៃទី២០ ខែ កក្កដា ដើម្បីរិះគិតអំពី តម្លៃនៃការងារនិងការទទួលខុសត្រូវរបស់យុវជនសម្រាប់ព្រះសហគមន៍។
សម្តេចប៉ាបបានមានបន្ទូលថា សូមកុំខ្លាចពីព្រះជាម្ចាស់ ព្រះយេស៊ូដែលជាបុត្រារបស់ទ្រង់ គឺគង់នៅជាមួយយើង អោយតែយើងបើកចិត្តគំនិតយាងទ្រង់ចូលមកក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។