សម្តេចប៉ាប ផ្ញើសារទៅកាន់ពិធីសម្ពោធសៀវភៅស្តីពីការលើកកម្ពស់សន្តិភាព
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលថ្មីៗនេះបាន ផ្ញើសារទៅកាន់អ្នកចូលរួមនៅក្នុងបទបង្ហាញសៀវភៅនៅទីក្រុង តេនីរីហ្វ (Tenerife) ប្រទេសអេស្ប៉ាញ ដែលផ្តោតលើ "អតីតកាល បច្ចុប្បន្នកាល និងអនាគតនៃយុត្តិធម៌អន្តរកាល៖ បទពិសោធន៍អាមេរិកឡាទីនក្នុងការកសាងសន្តិភាពពិភពលោក"។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានផ្ញើសារទៅកាន់អ្នកចូលរួមជាពិសេសគឺ ទៅកាន់លោក អេនរីក ជីល បូតេរ៉ូ (Enrique Gil Botero) អគ្គលេខាធិការនៃសន្និសីទរដ្ឋមន្ត្រីយុត្តិធម៌នៃក្រុមប្រទេសនិយាយភាសាអេស្ប៉ាញនៅទ្វីបអាមេរិក ។
ប្រភពដដែលបានបន្តថា យុត្តិធម៌អន្តរកាលសំដៅទៅលើវិធានការតុលាការ និងនយោបាយដែលត្រូវបានអនុម័តបន្ទាប់ពីសម័យសង្គ្រាម ឬការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ដើម្បីលើកកម្ពស់ការផ្សះផ្សា និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះហើយសម្តេចប៉ាបបានសង្កេតមើលពីរបៀបដែលសកម្មភាពនេះពាក់ព័ន្ធនឹងកម្រិតជាច្រើន រួមទាំងការអនុវត្តយុត្តិធម៌ សម្រាប់អ្នកដែលរងផលប៉ះពាល់ និង កំណែទម្រង់រដ្ឋាភិបាល។
ដោយប្រើប្រាស់ជាឧទាហរណ៍អំពីកាលៈទេសៈប្រវត្តិសាស្ត្ររបស់អាមេរិក និងអឺរ៉ុបក្នុងសតវត្សទី ១៦ និងការដោះស្រាយផលប៉ះពាល់នៃអាណានិគមនិយម សម្តេចប៉ាបបានមានបន្ទូល ថា វាជារឿងចាំបាច់ដំបូងគេក្នុងការរៀនពីអតីតកាលដោយមើលបទពិសោធន៍ដ៏ឈឺចាប់ដែលទាមទារឱ្យមានការឆ្លើយតបយ៉ាងស៊ីសង្វាក់គ្នា និងមានន័យចំពោះបច្ចុប្បន្ន។
ទ្រង់បានបន្តថា បញ្ហាប្រឈម ក៏ដូចជាយន្តការដើម្បីពង្រឹងវឌ្ឍនភាពលើផ្លូវឆ្ពោះទៅរកសន្តិភាព សេរីភាព និងយុត្តិធម៌។
ព្រះវបិតាដ៏វិសុទ្ធបានបន្ថែមថា ការដោះស្រាយ និងមើលឱ្យច្បាស់នូវការឈឺចាប់ពីអតីតកាល គឺជាផ្នែកនៃដំណើរការក្នុងការនាំមកនូវការព្យាបាល និងក្តីសង្ឃឹមសម្រាប់បច្ចុប្បន្ន និងអនាគត ដែលជាទំនួលខុសត្រូវដែលត្រូវតែទទួលខុសត្រូវទាំងអស់គ្នា។ កាលៈទេសៈកន្លងមកអាចជាបដិវត្តន៍ ការផ្លាស់ប្តូររបប ការលុកលុយ ប៉ុន្តែអ្វីៗទាំងអស់ទាមទារឱ្យមានឆន្ទៈក្នុងការប្រឈមមុខនឹងប្រវត្តិសាស្ត្រនេះ ហើយដោះស្រាយវា ដើម្បីឱ្យវាក្លាយជាផ្នែកនៃផ្លូវឆ្ពោះទៅរកភាពសុខដុមរមនា និងសន្តិភាពថ្មី។
បន្ទាប់មកសម្តេចប៉ាបបានកត់សម្គាល់ពីតម្រូវការក្នុងការផ្តល់នូវការឆ្លើយតបជាបន្ទាន់តាមរយៈនីតិរដ្ឋជាមួយនឹងដំណោះស្រាយប្រកបដោយភាពក្លាហាន ការច្នៃប្រឌិត និងជាក់ស្តែងដែលចូលទៅក្នុងបេះដូងនៃការពិតអំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។ នេះអាចពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័ន និងជំនួយជាក់ស្តែងដល់អ្នកដែលរងផលប៉ះពាល់។