សម្តេចប៉ាបឡេអូ៖ សន្តិភាពគួរតែត្រូវស្វែងរកដំណោះស្រាយតាមមធ្យោបាយដែលគ្មានអាវុធ
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលប្រាប់អ្នកសារព័ត៌មាននៅនិវេសនដ្ឋានរបស់ទ្រង់នៅខាស្តែល ហ្គានដូលហ្វូ (Castel Gandolfo ) កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា ពិភពលោកគួរតែធ្វើការទាំងអស់គ្នាដើម្បីសន្តិភាព។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សន្តិភាពគួរតែធ្វើឡើងតាមរយៈការលើកកម្ពស់ការសន្ទនាគ្នា មិនមែនដោយអាវុធឡើយ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា “ យើងគួរតែអធិស្ឋានសុំសន្តិភាព ធ្វើការដើម្បីសន្តិភាព កាត់បន្ថយការស្អប់ខ្ពើម។ ការស្អប់ខ្ពើមនៅក្នុងពិភពលោកកំពុងកើនឡើងឥតឈប់ឈរ “។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ចំណុចស្អប់ខ្ពើមគ្នា នេះហើយដែលជាដើមហេតុនៃជម្លោះនិងសង្រ្គាម។
សម្តេចប៉ាបឡេអូបានបន្តថា នៅពេលដែលការវាយប្រហារកើនឡើងនៅមជ្ឈិមបូព៌ា នោះការភ័យខ្លាច និងភាពតានតឹងក៏កើនឡើងដូច្នេះយើងគួរតែនាំគ្នា បន្តរិះគិតអំពីគោលដៅនៃសន្តិភាព។
ក្នុងពេលជាមួយគ្នានេះ សម្តេចប៉ាបឡេអូក៏បានអំពាវនាវដល់មនុស្សជាតិគ្រប់គ្នាឱ្យខិតខំយ៉ាងពិតប្រាកដដើម្បីលើកកម្ពស់ការសន្ទនា និង ស្វែងរកដំណោះស្រាយដោយគ្មានអាវុធដើម្បីដោះស្រាយបញ្ហា។
សម្តេចប៉ាបឡេអូបានមានបន្ធូលថា ស្ថិរភាព និងសន្តិភាពមិនត្រូវបានសម្រេចតាមរយៈការគំរាមកំហែងគ្នាទៅវិញទៅមក ឬតាមរយៈការប្រើប្រាស់អាវុធ ដែលសាបព្រោះការបំផ្លិចបំផ្លាញ ទុក្ខវេទនា និងការស្លាប់នោះទេ ប៉ុន្តែបានតែតាមរយៈការសន្ទនាសមហេតុផល ស្មោះត្រង់ និងមានទំនួលខុសត្រូវប៉ុណ្ណោះ៕