សម្តេចប៉ាបសុំអោយគ្រីស្តបរិស័ទរិះគិតអំពីដែនដីពិសិដ្ឋនៅបុណ្យព្រះយេស៊ូប្រសូត្រ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានលើកទឹកចិត្តដល់គ្រីស្តបរិស័ទអោយរិះគិតជាពិសេសអំពីដែនដីពិសិដ្ឋនៅថ្ងៃអបអរបុណ្យព្រះយេស៊ូប្រសូត្រ។
នៅក្នុងពេលដែលសម្តេចប៉ាបបានយាងទទួលក្រុមសិល្បករ ដែលនឹងសំដែងអំពីបុណ្យព្រះយេស៊ូប្រសូត្រនៅវិមានរ៉ូម៉ាង បាស៊ីលីកា នៃសន្តម៉ារី ( Patriarchal Basilica of St. Mary Major) នាទីក្រុងរ៉ូម សម្តេចប៉ាបបានរំលឹកថា គ្រីស្តបរិស័ទគួរតែរិះគិតអំពីអ្វីដែលកំពុងតែកើតឡើងនៅដែនដីពិសិដ្ឋ ។
សម្តេចប៉ាបបានមានបន្ទូលដោយលើកឡើងជាថ្មីនូវគ្រោះមហន្តរាយនិងទុក្ខវេទនាដែលប្រជាជនស៊ីវិលកំពុងតែជួបប្រទះដោយសារតែសង្រ្គាមរវាងក្រុមហាម៉ាស និង អ៊ីស្រាអែល។
សម្តេចប៉ាបបានមានបន្ទូលថា យើងដឹងពីស្ថានការណ៍ដែលបង្កឡើងដោយសង្គ្រាម ផលវិបាកនៃជម្លោះដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកនេះ។
ទ្រង់ក៏បានមានប្រសាសន៍ដោយកត់សម្គាល់ជាពិសេសដល់ ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្នុងក្រុងបេថ្លេហិមផងដែរ ហើយបានមានបន្ទូលថា បុណ្យព្រះយេស៊ូប្រសូត្រខាងមុខ នឹងត្រូវបានសម្គាល់ដោយការរងទុក្ខនិងទុក្ខព្រួយ នៅទីនោះ។
ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា និងភាពតានតឹងកើនឡើង នៅវ៉េសប៊ែង ទេសចរណ៍នៅបេថ្លេហិមបានបញ្ឈប់ ហើយដំណើរធម្មយាត្រាត្រូវបានផ្អាក ខណៈដែលការប្រារព្ធពិធីសាធារណៈទាំងអស់ត្រូវបានលុបចោល ដែលបណ្តាលឱ្យមានការលំបាកបន្ថែមទៀតសម្រាប់អ្នកស្រុកដែលភាគច្រើនរស់នៅលើវិស័យទេសចរណ៍ និងធម្មយាត្រា។
សម្តេចប៉ាបបាន មានប្រសាសន៍ថា យើងមិនចង់ទុកពួកគេឱ្យនៅម្នាក់ឯងទេ សូមទាំងអស់គ្នា អធិស្ឋាន សម្រាប់ពលរដ្ឋទាំងអស់៕