សម្តេចប៉ាបសង្ឃឹមនឹង​អាច​​បំពេញទស្សនកិច្ចនៅតួកគីក្នុងឆ្នាំ២០២៥

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ មានបំណងចង់យាងទៅបំពេញទស្សនកិច្ចនៅប្រទេសតួក​គីនាឆ្នាំ២០២៥ខាងមុខ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

ប្រភពដដែលបានបន្តថា គោលបំណងសំខាន់ ទ្រង់​ចង់យាងទៅតំបន់ ​នីសេ (Nicea) ដើម្បីចូលរួម​ប្រារព្ធខួបលើកទី ១៧០០ឆ្នាំ នៃការចាប់ផ្ដើម​មហាសន្និបាត​​ព្រះសហគមន៍​ដំបូងគេ​។

ព្រះសហគមន៍​បាន​ចាប់​ផ្ដើម​មហាសន្និបាត​ដំបូង​គេ​មួយ នៅ​ទីក្រុង​នីសេនៃ​ប្រទេស​តួកគី  ដែល​បានប្រារព្ធធ្វើ​កាលពី​​ខែ​ឧសភា ដល់​ខែ​កក្កដា ក្នុង​ឆ្នាំ​៣២៥ ហើយ​សម្រេច​ជារួម​អំពីធម៌ប្រកាសជំនឿ​របស់​ព្រះសហគមន៍​។

សម្តេចប៉ាបបានមានបន្ទូលបង្ហើបអំពីបំណងប្រាថ្នាបែបនេះកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលទ្រង់បានយាងទទួលនិងស្វាគមន៍គណៈប្រតិភូនៃប្រ​ទេសនេះ ដែលបានមកទស្សនកិច្ចនៅទីក្រុងរ៉ូម ក្នុងពិធីបុណ្យគោរពសន្តសិលា និងសន្តប៉ូល ដែលជាសសរ​គ្រឹះ​នៃព្រះសហគមន៍។

នៅក្នុងជំនួបនោះសម្តេចប៉ាបបានរំលេចនូវភាពជាបងប្អូនរវាងគ្រីស្តសាសនានិងសាសនានានានៅលើពិភពលោក ដោយ​មាន​ចិត្ត​​អំណរ​ក្នុងភាតរភាព» និង​ដើម្បី​ថ្លែង​ជា​សាក្សី​ចំពោះ « ចំណង​ដ៏​ជ្រាលជ្រៅ » ដែល​បង្រួបបង្រួមព្រះសហគមន៍ឆ្ពោះទៅរក ការស្ដារឡើងវិញនូវសាមគ្គីភាព។

សម្តេចប៉ាប បានគូសបញ្ជាក់ជាពិសេសក្នុង​កិច្ចប្រជុំដ៏ច្រើនរបស់ទ្រង់ជាមួយមេដឹកនំាសាសនានៅតួកគី ជាពិសេសជំនួប​នៅ​ក្រុង​យេរូសាឡឹមកាលពី​ឆ្នាំ ២០១៤ ដើម្បីប្រារ​ព្ធខួបលើកទី ៥០ នៃកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាង សន្ត​ សម្តេច​ប៉ាប ប៉ូលទី៦ និង សម្តេច​អាស៊ិណាហ្គូរ៉ាស​ទី​១ (Athenagoras I) ដែល​ជា​សម្តេចសង្ឃ​របស់​គ្រីស្តសាសនា​និកាយ​អូតូដុក

សម្តេចប៉ាបបានបញ្ជាក់ជាថ្មីថា ការសន្ទនាជា ការកសាងសុចរិតភាពនៃជំនឿ គឺ​ចាំបាច់ត្រូវ​​កើតចេញពីភាពស្មោះត្រង់​ចំពោះព្រះជាម្ចាស់ ហើយ​វា​អាច​​ដឹកនាំយើងទៅកាន់សេចក្តីពិត តាមរយៈការផ្លាស់ប្តូរអំណោយទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ និងក្រោមការដឹកនាំរបស់ព្រះវិញ្ញាណដ៏រិសុទ្ធ៕

Daily Program

Livesteam thumbnail