សម្តេចប៉ាបរន្ធត់ចិត្តការវាយប្រហារមួយនៅរុស្ស៊ី
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើនូវទូរលេខចូលរួមរំលែកទុក្ខដល់អស់សាច់ញាតិ និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារតែការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រីមួយនៅក្រុងមូស្គូដោយបានសម្លាប់មនុស្សជាង១០០នាក់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា អ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារកាលពីថ្ងៃសុក្រ នៅឯសាលប្រគុំតន្ត្រីដ៏ធំមួយក្បែរទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៣នាក់ បើទោះបីជាមានសាខានៃអង្គការរដ្ឋអ៊ីស្លាម អះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនេះក៏ដោយ។
ជនរងគ្រោះដែលបានស្លាប់ទាំងនេះគឺមានកុមារ ក្មេងជំទង់ និងស្ត្រីជាច្រើននាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មលើសាលាក្រុង Crocus ក្បែរទីក្រុងម៉ូស្គូ។ ក្រៅពីអ្នកស្លាប់មន្ត្រីរុស្ស៊ីបាននិយាយថា មនុស្សជាច្រើនទៀតបានរងរបួស។
ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា អ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម មានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាល ដែលការចោទប្រកាន់ត្រូវបានបដិសេធយ៉ាងខ្លាំងដោយទីក្រុងគៀវ។
លោកពូទីនបានប្រាប់ប្រជាជាតិរបស់គាត់ថា មនុស្សសរុប១១នាក់កំពុងតែសង្ស័យ និងត្រូវបានចាប់ខ្លួន។
ពាក់ព័ន្ធនឹងការវាយប្រហារនេះសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចែករំលែកព័ត៌មានសម្ងាត់ជាមួយរុស្ស៊ីលើការវាយប្រហារភេរវកម្មដែលនឹងកើតឡើង៕