សម្តេចប៉ាបមិនគាំទ្រចំពោះទោសប្រហារជីវិត
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលនៅពេលថ្មីៗនេះទ្រង់មិនគាំទ្រទោសប្រហារជីវិតទេ ដោយសង្កត់ធ្ងន់ថា ទោសនេះមិនដែលនាំមកនូវយុត្តិធម៌ទេ ប៉ុន្តែអាចជាថ្នាំពុលសម្រាប់សង្គម។
ទស្សនៈអវិជ្ជមានរបស់សម្តេចប៉ាបបែបនេះ ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា ទ្រង់បានសម្តែងមតិនៅក្នុងអារម្ភកថាដែលទ្រង់បានសរសេរសៀវភៅមួយដែលមានចំណងជើងថាគ្រីស្តបរិស័ទនៅលើផ្លូវមរណៈ៖ ការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះអ្នកដែលត្រូវបានថ្កោលទោស “A Christian on Death Row: My Commitment to those Condemned” ដែលជាសៀវភៅថ្មីរបស់ លោក ដេល រេស៊ីនេឡា (Dale Recinella) ដែលកំពុងតែរៀបចំសម្រាប់ការបោះពុម្ពផ្សាយដោយ រោងពុម្ភវ៉ាទីកង់ (Vatican Publishing House (LEV)) នៅថ្ងៃទី ២៧ ខែសីហាខាងមុខ។
សម្តេចប៉ាបបានរៀបរាប់អំពីទុក្ខលំបាកជាច្រើនពាក់ព័ន្ធនឹងបញ្ហានៃការអនុវត្តទោសប្រហារជីវិត ហើយបានមានបន្ទូលឡើងវិញថា ខ្ញុំបានគូសបញ្ជាក់ម្តងហើយម្តងទៀត ទោសប្រហារជីវិតគឺមិនមែនជាដំណោះស្រាយចំពោះអំពើហិង្សានោះទេ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ការប្រហារជីវិត អាចបញ្ឆេះអារម្មណ៍នៃការសងសឹក ដែលក្លាយជាថ្នាំពុលដ៏គ្រោះថ្នាក់សម្រាប់រាងកាយនៃសង្គម រដ្ឋគួរតែផ្តោតលើការអនុញ្ញាតឱ្យអ្នកទោសមានឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេយ៉ាងពិតប្រាកដ ជាជាងការវិនិយោគលុយ និងធនធានក្នុងការប្រហារជីវិតរបស់ពួកគេ ហាក់ដូចជាពួកគេជាមនុស្សលែងសក្តិសមរស់នៅ និងត្រូវបានគេបោះចោល។
សម្តេចប៉ាបក៏បានថ្លែងអំណរគុណដល់អ្នកនិពន្ធដែលបានចងក្រងសៀវភៅនេះដើម្បីគ្រប់គ្នាដឹងអំពីសេចក្តីពិត ទាក់ទងនឹងទោសប្រហារជីវិត៕