សម្តេចប៉ាបមានបន្ទូលថា ទ្រង់ក៏ជាកូនជនចំណាកស្រុកដែរ
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបាន ផ្ញើសារទៅកាន់ក្រុមជនចំណាកស្រុកដែលបានប្រមូលផ្តុំគ្នានៅទីក្រុងមួយនៅ ប្រទេសប៉ាណាម៉ា ថាជា ព្រះសហគមន៍ជាព្រះភ័ក្ត្ររបស់ព្រះគ្រីស្ត ហើយព្រះសហគមន៍កាតូលិកតែងតែយកចិត្តទុកដាក់លើ ការសង្គ្រោះ និងក្តីសង្ឃឹម ដោយសេចក្តីស្រឡាញ់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសារសម្តេចប៉ាបដែលបានចេញកាលពីពេលថ្មីៗកន្លងទៅ ផ្ញើជូនក្រុមជនចំណាកស្រុកដែលប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Lajas Blancas ប្រទេសប៉ាណាម៉ា។
សម្តេចប៉ាបបានមានបន្ទូលពីការចង់ទៅជួបជាមួយពួកគេផ្ទាល់ ហើយបានសម្តែងការយកចិត្ត របស់ទ្រង់ ចំពោះស្ថានភាពរបស់អស់អ្នកដែលមានបញ្ហា។
លោកបានមានប្រសាសន៍ថា ទ្រង់ផ្ទាល់ក៏ជាកូនរបស់ជនចំណាកស្រុកដែរ ដែលបានចេញទៅស្វែងរកអនាគតដ៏ល្អប្រសើរ។
នាឱកាសនោះសម្តេចប៉ាបក៏បានអរគុណ និងលើកទឹកចិត្តដល់ព្រះសហគមន៍ឲ្យបន្តយកចិត្ត ទុកដាក់ដល់អស់ជនឥន្តោប្រវេសន៍ដែលកំពុងតែរង់ចាំការសង្រ្គោះ។
សម្តេចប៉ាបបានមានបន្ទូលថា ជនចំណាកស្រុក តំណាងឱ្យរូបកាយរងទុក្ខវេទនារបស់ព្រះគ្រីស្ត នៅពេលដែលពួកគេត្រូវបង្ខំឱ្យចាកចេញពីប្រទេសរបស់ពួកគេ ដើម្បីប្រឈមមុខនឹងហានិភ័យ និងទុក្ខលំបាកនៃការធ្វើដំណើរដ៏លំបាក នៅពេលដែលពួកគេរកផ្លូវមិនឃើញផ្សេងទៀត ។
ទ្រង់បានអំពាវនាវដល់ជនចំណាកស្រុកកុំភ្លេចភាពថ្លៃថ្នូរជាមនុស្សរបស់ខ្លួន ហើយកុំ«ខ្លាចក្រឡេកមើលអ្នកដទៃក្នុងភ្នែក» ព្រោះ«មិនអាចប្រើចោលបាន ពួកគេក៏ជាផ្នែកនៃគ្រួសារមនុស្សជាតិ និងជាគ្រួសារនៃកូនចៅរបស់ព្រះផងដែរ»៕