សម្តេចប៉ាបផ្ញើសារទៅ ពលរដ្ឋដែលកំពុងញាំញីដោយឧក្រិដ្ឋកម្ម
នៅក្នុងសារវីដេអូដែលផ្ញើទៅកាន់ពលរដ្ឋនៅក្នុងទីក្រុង រ៉ូសារីយូ ( Rosario) ដែលជាទីក្រុងមួយនៅប្រទេសអាហ្សង់ទីន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន បង្ហាញពីការព្រួយបារម្ភរបស់ទ្រង់ចំពោះការកើនឡើងនូវអំពើហិង្សាទាក់ទងនឹងគ្រឿងញៀន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
សម្តេចប៉ាប បានផ្ញើសារជាវីដេអូនេះកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ទៅកាន់ប្រជាជននៃទីក្រុងនោះ ដែលជាទីក្រុងធំទី ៣ របស់ប្រទេសអាហ្សង់ទីន ដែលកំពុងប្រឈមនឹងការកើនឡើងដែលមិនធ្លាប់មានពីមុនមកនូវអំពើហិង្សាឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន។
រលកនៃអំពើហិង្សាបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ប៉ុន្តែទីក្រុងដែលស្ថិតនៅចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង ប៊ុយណូស អ៊ែរ៉េស ( Buenos Aires )បានក្លាយជាមជ្ឈមណ្ឌលនៃ សកម្មភាពឧក្រិដ្ឋកម្មជាយូរមកហើយ។
កូកាអ៊ីន និងគ្រឿងញៀនផ្សេងទៀតបានមកដល់ទីក្រុងនេះ អស់ជាច្រើនទសវត្សរ៍ហើយ គួបផ្សំនឹងអំពើពុករលួយជាបន្តបន្ទាប់ បានធ្វើឲ្យពាណិជ្ជកម្មគ្រឿងញៀនបានប្រែក្លាយទីក្រុងនេះទៅជាតំបន់ពោរពេញដោយហិង្សា ។
កាលពី ឆ្នាំ ២០២៣ ទីក្រុងនេះបានកត់ត្រាករណីមនុស្សឃាតចំនួន២៥៩ ករណី ដែលស្មើនឹង ៥ ដងធៀបនឹងទីក្រុងផ្សេងៗទៀត ។