សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី ចូលរួមអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ​

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន។ ​

កូនប្រុសទាំង៣របស់សម្តេចតេជោ រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​ររដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងលោក ឧត្តម​សេ​នីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ​វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ​ក្រ​យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែ​មួយ​។

សូមរម្លឹកដែរថា នាយប់ថ្ងៃទី​២៩ ខែមេសា សម្ដេចតេជោ ហ៊ុន សែន រួមដំណើរដោយលោក ហ៊ុន​ ម៉ានិត និងលោក ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី​ ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា នា​យប់ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤។ ​

ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី​៣០ ខែមេសា​ ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ​ នឹងចូលរួមផងដែរ៕

Daily Program

Livesteam thumbnail