សន្និសីទអំពីអ៊ុយក្រែនបើកនៅទីក្រុងជីដង់ប្រទេសប៉ូឡូញ ដោយអវត្តមានលោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី

សន្និសីទប្រចាំឆ្នាំសម្រាប់ការស្ថាបនាអ៊ុយក្រែនឡើងវិញបើកធ្វើឡើងកាលពីថ្ងៃទី២៥ ខែ មិថុនា នៅទីក្រុងជីដង់ ប្រទេសប៉ូឡូញ ដោយអវត្តមានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដោយសារហេតុផលនៃភាពតានតឹងជាមួយទីក្រុងវ៉ាសូវី ដោយលោកផ្តល់អាទិភាពក្នុង​ការ​ស្តារ​ដំណើរការថ្មីឡើងវិញនៃវិស័យថាមពលអ៊ុយក្រែន​ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ​ដោយ​ប្រទេសរុស្ស៊ី​។

ទីក្រុងគៀវ បានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនា បន្ទាប់ពីជាច្រើនសប្តាហ៍នៃការដោះដូ និង​កាយវិការដែលពោរពេញដោយការខឹង និងការរិះគន់ លើប្រធានបទនៃការចងចាំអំពី​សង្រ្គាម​លោក​លើកទី២ ថា គណៈប្រតិភូអ៊ុយក្រែននឹងត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តី លូលីយ៉ា ស្វ៊ីរីដេនកូ ដែលមិនមែនជាលោកប្រធានាធិបតីហ្សេឡេនស្គីនោះទេ។

សន្និសីទនៅទីក្រុងជីដង់ នឹងត្រូវប្រមូលផ្តុំដោយមន្រ្តីនយោបាយ និងតួអង្គសេដ្ឋកិច្ចសំខាន់ៗ ដែល​ភាគច្រើនមកពីប្រទេសអឺរ៉ុប ដើម្បីពិភាក្សានៃការស្ថាបនាអ៊ុយក្រែនឡើងវិញបន្ទាប់​ពី​សង្រ្គាមជាមួយរុស្ស៊ី។

យោងតាមគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា នៅក្នុងចំណោមអ្នកចូលរួមនៅក្នុងសន្និសីទនេះ មាន លោកស្រី អៀស៊ូឡា វន ដឺ ឡេយេន ប្រធាននៃគណៈកម្មការអឺរ៉ុប ព្រមទាំង​សមាជិក​ជា​ច្រើន​ទៀតនៃគណៈកម្មការនេះ។ លោកស្រីត្រូវថ្លែងការណ៍​នៅក្នុងចំណោមមេដឹកនាំ ប្រទេស​ប៉ូឡូញ ប៊ុយហ្គារី អេស្តូនី ហ្វាំងឡង់ ឡេតូនី លីទុយអានី រ៉ូមម៉ានី និងស៊ុយអែត។

នៅទីក្រុងជីដង់ ការផ្តោតការយកចិត្តទុកដាក់ត្រូវបានធ្វើឡើងសម្រាប់វិស័យដែលរង​ផលប៉ះ​ពាល់​បំផុតដោយសង្រ្គាម មានដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការដឹកជញ្ជូន។ ការ​ពិភាក្សានានាក៏បានលើកឡើង​អំពីសមត្ថភាពធានាសន្តិសុខរបស់អ៊ុយក្រែនផងដែរ។

កាលពីខែកុម្ភៈ របាយការណ៍រួមគ្នារបស់ទីក្រុងគៀវ ធនាគារពិភពលោក សហភាពអឺរ៉ុប និង​អង្គការ​សហប្រជាជាតិ បានវាយតម្លៃថា ការស្ថាបនាឡើងវិញក្រោយសង្រ្គាមនៅអ៊ុយក្រែន នឹង​ចំណាយប្រមាណ ៥៨៨ពាន់លានដុល្លារ។

ការបញ្ចុះបញ្ចូលអ្នកវិនិយោគគឺជាការលំបាកមួយសម្រាប់អ៊ុយក្រែន នៅខណៈដែល​កិច្ច​ចរចា​ដែលលើកកម្ពស់ដោយទីក្រុងវ៉ាស៊ីនតុនដើម្បីបញ្ចប់សង្រ្គាម​មិនមានដំណើរការទៅ​មុខ។

លោកស្រីលូលីយ៉ា ស្វ៊ីរីដេនកូ បានអះអាងថា ៖ “យើងគ្រោងនឹងចុះហត្ថលេខាលើកកិច្ច​ព្រម​ព្រៀង​​ដ៏មានសារសំខាន់មួយចំនួនជាមួយនឹង​ដៃគូអន្តរជាតិ  ជាពិសេសគឺដើម្បីពង្រឹងវិស័យ​ថាមពល​​របស់យើង”។ នៅខណៈនេះ អ៊ុយក្រែនកំពុងបម្រុងថវិកាភាគច្រើន​របស់ខ្លួនសម្រាប់​កិច្ច​ខិតខំប្រឹងប្រែងខាងសង្រ្គាម និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឲ្យមានស្ថិរភាព។

កាលពីខែធ្នូ ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុម័តនូវកម្ចី ១០២ពាន់លានដុល្លារ សម្រាប់​អ៊ុយក្រែន នៅអំឡុងរយៈពេលពីឆ្នាំ២០២៥ ដល់ ២០២៧។

ប៉ុន្តែបើតាមលោក ហ្គ្លីប វីជ្លីនស្គី នាយកនៃមជ្ឈមណ្ឌលយុទ្ធសាស្រ្តសេដ្ឋកិច្ចនៅទីក្រុងគៀវ បានឲ្យដឹងថា “វា​នឹងមិនអាចទៅរួចសម្រាប់អ៊ុយក្រែនក្នុងការការពារប្រទេស​ដោយមិនធ្វើការ​ស្ថាបនា​ឡើងវិញស្របពេលគ្នាទេនោះ។ យើងត្រូវតែផ្តល់នូវសេវាកម្មសំខាន់ៗ និងលំនៅដ្ឋាន​សម្រាប់​​ប្រជាជន​នៅអ៊ុយក្រែនដែលបាន​បង់ពន្ធ និងគាំទ្រដល់ទាហាន។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ការ​បំផ្លិចបំផ្លាញនៅក្នុងវិស័យថាមពល នឹងធ្វើឲ្យវិស័យនេះក្លាយជាអាទិភាព​បើ​និយាយ​​អំពីការវិនិយោគ។

កាលពីមុន សន្និសីទនានាអំពីការស្តារអ៊ុយក្រែនឡើងវិញ បានធ្វើឡើងនៅទីក្រុងលូហ្គាណូ ឡុងដ្រ៍ ប៊ែរឡាំង និងរ៉ូម ប៉ុន្តែនេះគឺជាលើកទី១ហើយ ចាប់តាំងពីឆ្នាំ២០២២ ដែលលោក​វ៉ូឡូឌីមៀ ហ្សេឡេនស្កី មិនបានបង្ហាញវត្តមាននៅសន្និសីទ។

 

Daily Program

Livesteam thumbnail