សន្តអាសនៈមិនទាន់សម្រេចចិត្តលើការចូលរួមក្រុមប្រឹក្សាសន្តិភាពលោកត្រាំ
វ៉ាទីកង់ញូវបានរាយការណ៍ថា មកដល់ពេលនេះសន្តអាសនៈនៅមិនទាន់យល់ព្រមចូលរួម និងក៏មិនទាន់បដិសេធដែរ ជុំវិញលិខិតអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាព។
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានលើកឡើងប្រាប់អ្នកសារព័ត៌មានពីទីក្រុងរ៉ូមកាលពីចុងខែមករា ថា សន្តអាសនៈកំពុងវាយតម្លៃយ៉ាងម៉ត់ចត់ ដោយសារមានចំណុចគួរឲ្យព្រួយបារម្ភក្នុងផែនការនេះ។
អ្វីដែលសន្តអាសនៈកំពុងថ្លឹងថ្លែងនោះ គឺថា ទន្ទឹមនឹងទទួលលិខិតអញ្ជើញពីលោកប្រធានាធិបតីត្រាំ ក៏មានលិខិតចំហរមួយ ពីបណ្តាញលោកបូជាចារ្យប្រឆាំងនឹងការប្រល័យពូជសាសន៍ បានផ្ញើមកសន្តអាសនៈហើយជំរុញឱ្យ សន្តអាសនៈកុំចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ដែលកំពុងត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ។
លោកកាឌីណាល់បានលើកឡើងថា សូមទុកពេលឲ្យមានការពិចារណានិងសម្រេចចិត្តមួយរយៈពេលបន្ថែមទៀត។
លោកបានបញ្ជាក់ថា ប្រឈមមុខនឹងសំណើនេះ ពិតជាមានចំណុចដែលមានបញ្ហាដែលត្រូវយកមកពិចារណា ហើយបន្ទាប់មកនឹងត្រូវបានវាយតម្លៃដើម្បីឆ្លើយតប៕