សង្រ្គាមនៅអ៊ុយក្រែន ៖ ទីក្រុងវ៉ាស៊ីនតុនធ្វើការបន្ទាន់នៅលើការស្នើសុំខាងយោធារបស់អ៊ុយក្រែន
នៅក្នុងសំបុត្ររួមគ្នាផ្ញើទៅកាន់លោកចូ បាយឌិន សមាជិកសំខាន់ៗនៃសភារបស់គណបក្សសាធារណរដ្ឋ បានសុំឲ្យប្រធានាធិបតីប្រតិកម្មឲ្យបានភ្លាមៗ។ នៅក្នុងសំបុត្រមួយដែលចុះហត្ថលេខាដោយលោកម៉ៃ ម៉ាកខូល ប្រធានគណកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាម៉េរិក បានសរសេរថា នៅខណៈដែលរុស្ស៊ីដឹកនាំសង្រ្គាមឈ្លានពានដ៏ឃោរឃៅ និងទ្រង់ទ្រាយធំ ប្រទេសនេះមិនត្រូវរួចខ្លួនដោយគ្មានការជាប់ទោសនោះឡើយ ដែលខ្លួនបានធ្វើឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
ចំណែកប្រមុខការទូតអង់គ្លេស លោកដាវីឌ ឡាមមី បានថ្លែងកាលពីថ្ងៃពុធថា នៅឆ្នាំ២០២៤ ចក្រភពអង់គ្លេសនឹងផ្គត់ផ្គង់មីស៊ីលការពារអាកាសរាប់រយគ្រឿងបន្ថែមសម្រាប់អ៊ុយក្រែន ដើម្បីឲ្យប្រទេសនេះអាចរុញច្រានទាហានរុស្ស៊ី។
នៅអំឡុងសន្និសីទកាសែត នៅទីក្រុងគៀវ ជាមួយសមភាគីអាម៉េរិក និងអ៊ុយក្រែនរបស់លោក លោកដាវីឌ ឡាមមី បានថ្លែងថា ៖ “យើងក៏នឹងបញ្ជូនមីស៊ីលការពារអាកាសរាប់រយគ្រឿងបន្ថែម គ្រាប់កាំភ្លើងធំរាប់ម៉ឺនគ្រាប់បន្ថែម និងរថពាសដែកបន្ថែមទៀតទៅដល់អ៊ុយក្រែន គឺពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ”។
ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអន់តូនី ប្ល៊ិនឃិន ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងគៀវ កាលពីថ្ងៃពុធ បានសន្យាថា សហរដ្ឋអាម៉េរិកនឹងធ្វើការបន្ទាន់លើការស្នើសុំខាងយោធារបស់អ៊ុយក្រែនដែលចង់អាចវាយប្រហារនៅទីជម្រៅក្នុងដែនដីរុស្ស៊ី។ នៅអំឡុងសន្និសីទកាសែតមួយ ប្រមុខការទូតអាម៉េរិក បានថ្លែងថា ៖ “យើងធ្វើការបន្ទាន់ដើម្បីបន្តធានាថា អ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការដើម្បីការពារខ្លួនឲ្យមានប្រសិទ្ធភាព។” លោកបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក ខេ ស្តាកមើ នឹងពិភាក្សាជាមួយគ្នាអំពីការស្នើសុំនេះ។
ចំណែកប្រមុខការទូតអ៊ុយក្រែន លោកស្រីអន់ឌ្រីអ៊ី ស៊ីប៊ីហ្គ៉ា ក៏បានទាមទារសាជាថ្មីឲ្យលើកចេញរាល់ការកំហិតទាំងអស់សម្រាប់ការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងគោលដៅយោធាដែលស្របច្បាប់នៅលើទឹកដីរុស្ស៊ីជាមួយនឹងអាវុធរបស់សហរដ្ឋអាម៉េរិក និងអង់គ្លេស។
រីឯលោកអន់តូនី ប្ល៊ិនឃិន ក៏បានប្រកាសកាលពីថ្ងៃពុធនូវជំនួយខាងសេដ្ឋកិច្ចថ្មី ៧១៧លាន ដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមាន ៣២៥លានដុល្លារសម្រាប់វិស័យថាមពល ជំនួយមនុស្សធម៌២៩០លានដុល្លារ ដែលរួមមានការផ្គត់ផ្គង់ទឹកស្អាត និង ១០២លានដុល្លារសម្រាប់ការងារដោះមីន។
ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ៖ “ជ័យជម្នះរបស់អ៊ុយក្រែននៅក្នុងសង្រ្គាមទប់ទល់នឹងរុស្ស៊ី អាស្រ័យជាសំខាន់ពីការគាំទ្ររបស់អាម៉េរិក។ ប្រធានាធិបតីអ៊ុយក្រែនទទូចឲ្យដឹងថា ផែនការជ័យជម្នះអាស្រ័យសំខាន់លើការគាំទ្ររបស់សហរដ្ឋអាម៉េរិក និងដៃគូដទៃៗទៀត។