សង្រ្គាមនៅអ៊ីរ៉ង់ មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស បន្ទាប់ពីការវាយ ប្រហារមកលើព្រលានយន្តហោះគុយវ៉ែត
កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងការបរទេសគុយវ៉ែត បានប្រកាសថា មនុស្សម្នាក់បានស្លាប់ នៅអំឡុងការវាយប្រហាររបស់អ៊ីរ៉ង់ដែលសំដៅលើរចនាសម្ព័ន្ធស៊ីវិល នៅប្រទេសគុយវ៉ែត មានជាអាទិ៍ព្រលានយន្តហោះអន្តរជាតិ និងស្ថានទូត ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ស្ថានទូតណាត្រូវរងការខូចខាតនោះទេ។ ការវាយប្រហារនេះបានកត់សម្គាល់ឲ្យឃើញនូវការកើនឡើងនូវភាពតានតឹងលើប្រទេសនៅក្នុងតំបន់ឈូងសមុទ្រដែលសម្បូរប្រេងមួយនេះ និងបានស្គាល់នូវភាពស្ងប់ស្ងាត់មួយរយៈតាំងពីការប្រកាសនូវបទឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសាក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់គុយវ៉ែត បានរាយការណ៍ថា អាជ្ញាធរនៃអាកាសចរណ៍ស៊ីវិលរបស់គុយវ៉ែត បានបង្ហាញឲ្យឃើញនូវសភាពនៃការខូចខាតធ្ងន់ធ្ងរ នៅតំបន់ស្ថានីយ៍ ទី១នៃព្រលានយន្តហោះអន្តរជាតិ និងមានអ្នករងរបួសជាច្រើនបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់។ ប្រភពនេះបានបន្ថែមថា ចរាចរណ៍ផ្លូវអាកាសត្រូវបានព្យូរ និងការហោះហើរទៅកាន់គុយវ៉ែត ត្រូវបានបង្វែទិសទៅកាន់អាកាសយានដ្ឋានដទៃទៀត។
នៅមុននោះ ទាហានអាម៉េរិក បានប្រាប់ឲ្យដឹងថា មីស៊ីលពីរគ្រាប់របស់អ៊ីរ៉ង់ដែលបាញ់ទៅ លើគុយវ៉ែតមិនបានទៅដល់គោលដៅរបស់ពួកវាឡើយ ឬបានរលាយបាត់ខ្លួននៅតាមផ្លូវ ហើយមីស៊ីល ៣គ្រាប់ ដែលបាញ់មកលើប្រទេសបារ៉ែន ត្រូវបានស្ទាក់ចាប់បាន ដោយកងកម្លាំងរបស់អាម៉េរិក និងបារ៉ែន។ ទាហានអាម៉េរិក ក៏បានបញ្ជាក់ឲ្យដឹងថា រលកនៃការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ដែលបាញ់ដាក់គោលដៅលើកងកម្លាំងអាម៉េរិកនៅគុយវ៉ែត ក៏ត្រូវបានបរាជ័យមិនចំលើគោលដៅ។ ហើយទាហានអាម៉េរិកក៏បានធ្វើការវាយប្រហារប្រឆាំងនឹងកោះគិចរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់។
ចំណែកឯឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសថា បានវាយប្រហារជាមួយមីស៊ីល និងដ្រូន ទៅលើ មណ្ឌលបញ្ជាការនៃកងម៉ារីនអាម៉េរិក។ ពួកគេបានអះអាងថាបានវាយប្រហារលើគោលដៅ នាវារបស់អាម៉េរិកជាការសងសឹកចំពោះការវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នៅជិតច្រក សមុទ្រអ័រមូស។
តាមសម្រង់របស់សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមថា ការបង្កវិបប្លាស ខាងសន្តិសុខនៅច្រកសមុទ្រជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការបង់តម្លៃដ៏ធ្ងន់ធ្ងរសម្រាប់ ទាហានអាម៉េរិក។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងថា គុយវ៉ែត និងបារ៉ែន ត្រូវមានការទទួលខុសត្រូវផ្ទាល់ និងច្បាស់ ព្រោះថា ទឹកដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។
ការប៉ះទង្គិចដែលកើតមានឡើងនៅជុំវិញច្រកសមុទ្រអ័រមូស បង្កឲ្យមានភាពមិនច្បាស់លាស់អំពីបទឈប់បាញ់ដែលមានឡើងរយៈពេល ៨សប្តាហ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប្រទេសប៉ាគីស្ថានជាអន្តរការី ហើយកិច្ចចរចានានារវាងភាគីទាំងពីរហាក់ ដូចជាស្ថិតនៅក្នុងសភាពទាល់ច្រក។
សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បានថ្លែងថា ទីក្រុងតេអេរ៉ង់ បានផ្អាកការប្រាស្រ័យទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតុនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ នៅខណៈដែលអ៊ីរ៉ង់ទាមទារថា រាល់កិច្ចព្រមព្រៀងដែលគ្រោងមាន ដំបូងត្រូវបញ្ឈប់ទាំងស្រុងនូវការប្រទូស្តរាយលើគ្រប់សមរភូមិ។ ចំណែកលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានអះអាងតាមរយៈបណ្តាញសង្គម ទ្រូស សូស្យល់ (Truth Social) របស់លោកថា កិច្ចចរចាបានបន្តជារៀងរាល់ថ្ងៃ។ លោកបានថ្លែងកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងមួយលើការបន្លាយបទ ឈប់បាញ់ជាមួយអ៊ីរ៉ង់ និងការបើកច្រកសមុទ្រអ័រមូស នឹងកើតមានឡើងនៅសប្តាហ៍ខាងមុខ។