វេណេហ្ស៊ូអេឡា ៖ បន្ទាប់ពីការចាប់លោកម៉ាឌូរ៉ូ ក្រុមឆាវ៉េសនិយម ចង់សហការ ឬតស៊ូ?
ជានិច្ចកាលនៅតែភ្ញាក់ផ្អើលនឹងការចាប់ខ្លួនប្រធានាធិបតីនីកូឡាស៍ ម៉ាឌូរ៉ូ នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ក្រោមការបញ្ជារបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមករា។ ប្រទេសវ៉េណេហ្ស៊ូ អេឡា កំពុងស្ថិតនៅលើផ្លូវប្រសព្វ។
នៅក្នុងកិច្ចប្រជុំរបស់រដ្ឋ អនុប្រធានាធិបតីវ៉េណេហ្ស៊ូ អេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេ បានចាប់យកបញ្ជាការប្រទេស និងកាលពីថ្ងៃអាទិត្យ អះអាងគាំទ្រសម្រាប់ទំនាក់ទំនងដែលមានតុល្យភាព និងគោរពគ្នាជាមួយសហរដ្ឋអាម៉េរិក។ ចំណែកយោធាវ៉េណេហ្ស៊ូ អេឡា ដែលមានឥទ្ធិពលខ្លាំងនៅក្នុងឧបករណ៍រដ្ឋ កាលពីថ្ងៃអាទិត្យ ក៏បានទទួលស្គាល់ការអះអាងនៃប្រធានាធិបតីស្តីទីនៃប្រទេស តាមរយៈសម្លេងនៃរដ្ឋមន្រ្តីការពារជាតិ លោកឧត្តមសេនីយ៍ វ្លាឌីមៀ ប៉ាឌ្រីណូ ឡូប៉េ។
ការបន្តតំណែងនេះ គឺស្របតាមច្បាប់គ្រឹះរបស់ប្រទេស។ លោករ៉ូណាល់ រ៉ូឌ្រីហ្គេ អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកនាំពាក្យនៃអង្គភាពសង្កេតការណ៍វ៉េណេហ្ស៊ូអេឡា នៃសកលវិទ្យាល័យរ៉ូសារីយ៉ូ នៅទីក្រុងបូហ្គូតា ប្រទេសកូឡំប៊ី បាននិយាយថា ៖ “មាត្រាទី២៣៣ នៃធម្មនុញវ៉េណេហ្ស៊ូ អេឡា ចែងថា ក្នុងពេលអវត្តមានប្រធានាធិបតី អនុប្រធានាធិបតីត្រូវតែចាប់ផ្តើមកាន់អំណាច និងរៀបចំការបោះឆ្នោតយ៉ាងយូរ ក្នុងរយៈពេល ១ខែ។” ប៉ុន្តែលោកបានបង្ហាញការសង្ស័យអំពីលទ្ធភាពនេះ ដោយសារតែប្រទេសវ៉េណេហ្ស៊ូអេឡា មិនបានឆ្លងកាត់ស្ថានភាពធម្មតាទេដែលអនុគ្រោះសម្រាប់ការរៀបចំការបោះឆ្នោតនោះ។ តាមពិតទៅ អាជ្ញាធរវ៉េណេហ្ស៊ូអេឡា ក៏បានចេញក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលធ្វើឲ្យពួកគេអាចដាក់កំហិតលើច្បាប់គ្រឹះមួយចំនួន និងធានាតាមធម្មនុញ្ញភាព នៅខណៈដែលរដ្ឋបាលលោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា អាម៉េរិកមិនចង់បានក្រុមឆាវ៉េសនិយមដែលនៅប្រកាន់យកមនោគមន៍វិជ្ជាបូលីវ៉ាឆ្វេងនិយមដែលជាមរតករបស់អតីតប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា លោកហ៊ូហ្គូ ឆាវេស ដែលកាន់អំណាចពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣ ស្ថិតនៅតែកាន់អំណាចទៀតទេ។
លោកដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងដឹកនាំប្រទេសវ៉េណេហ្ស៊ូអេឡា រហូតដល់ការផ្ទេរអំណាចមានប្រាកដ សមស្រប និងតាមច្បាប់ដែលអាចធ្វើទៅបាន ដោយមិនបានបញ្ជាក់ថា តើវាគឺជារដ្ឋបាលអន្តរកាល រយៈពេលប៉ុន្មាននោះទេ នៅខណៈដែលបក្សប្រឆាំងវ៉េណេហ្ស៊ូអេឡានិយាយថា ពួកគេមានសមត្ថភាពទទួលយកការដឹកនាំប្រទេសភ្លាមៗ។
នៅក្នុងសេចក្តីប្រកាសមួយដែលមានចំណងជើងថា ពេលវេលានៃសេរីភាពបានបន្លឺឡើង លោកស្រីម៉ារីយ៉ា កូរីណា ម៉ាចាដូ មេបក្សប្រឆាំងវ៉េណេហ្ស៊ូអេឡា ដែលស្និទ្ធនឹងទីក្រុងវ៉ាស៊ីនតុន និងជាម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០២៥ បានសរសេរថា ៖ “យើងត្រៀមខ្លួនដើម្បីកាន់អំណាច”។ លោកស្រីអំពាវនាវសុំឲ្យលោក អេដម៉េនដូ ហ្កុងហ្ស៉ាឡេស អៀរូត្យា ដែលជាអ្នកឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បើតាមបក្សប្រឆាំង និងកំពុងរស់នៅនិរទេសខ្លួននៅអេស្ប៉ាញ ចាប់ផ្តើមភ្លាមនូវអណត្តិរបស់លោកតាមធម្មនុញ្ញ និងក៏ត្រូវទទួលស្គាល់ថា ជាប្រមុខមេញ្ជាការកងកម្លាំងប្រដាប់អាវុធជាតិ។
ទោះបីជាសហរដ្ឋអាម៉េរិក បង្ហាញថា មានការទាក់ទងជាមួយអនុប្រធានាធិបតីរបស់លោកនីកូឡាស៍ ម៉ាឌូរ៉ូ លោកស្រីដេលស៊ី រ៉ូឌ្រីហ្គេ ក្រុមយោធានៃរបបឆាវ៉េសនិយម ក៏មិនបង្ហាញសញ្ញានៃការបើកច្រកអនុគ្រោះសម្រាប់ការផ្ទេរអំណាចដែរ។
គេអាចបង្ហាញរឿងនេះ តាមរយៈសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវ៉េណេហ្ស៊ូអេឡា លោកឌីយ៉ូស្កាដូ កាលប៊េលឡូ ដែលលេចវត្តមានកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅដងផ្លូវនៅក្នុងចំណោមមនុស្សប្រដាប់អាវុធពាក់មួកសុវត្ថិភាព និងអាវការពារគ្រាប់ ដើម្បីសុំទៅកាន់ប្រជាជនឲ្យមានទំនុកចិត្តនឹងការដឹកនាំរបស់បញ្ជាការជាន់ខ្ពស់នយោបាយយោធា។