វិស័យឯកជនបារម្ភថា ករណីចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញ ប៉ះពាល់ដល់ផលិតកម្ម និងបរិយាកាសវិនិយោគ
តំណាងវិស័យឯកជនជាច្រើន បានលើកឡើងពីក្តីបារម្ភចំពោះវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញមួយចំនួនរបស់អាជ្ញាធរដែនដីពាក់ព័ន្ធនឹងយុទ្ធនាការស្វែងរកទំនិញនាំចូលខុសច្បាប់ពីថៃ ដែលត្រូវបានអះអាងថា បានបង្កការរំខានដល់សង្វាក់ផលិតកម្ម ប៉ះពាល់ដល់ស្ថិរភាពអាជីវកម្ម និងធ្វើឱ្យមានការព្រួយបារម្ភអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា ។
បញ្ហាទាំងនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្តីពី «ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី» ដែលរៀបចំឡើងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីគយ តំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមពាក់ព័ន្ធ និងអ្នកប្រកបអាជីវកម្មជាច្រើន។
ក្នុងកិច្ចពិភាក្សានោះ វិស័យឯកជនបានបង្ហាញថា ការផ្អាក ឬបិទឃ្លាំងមួយចំនួន បានបង្កផលប៉ះពាល់ដោយផ្ទាល់ដល់រោងចក្រ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលត្រូវការវត្ថុធាតុដើមសម្រាប់ផលិតកម្មប្រចាំថ្ងៃ។ ការរំខានដល់ការផ្គត់ផ្គង់នេះ បានធ្វើឱ្យសកម្មភាពផលិតកម្មមួយចំនួនជួបការលំបាក និងអាចប៉ះពាល់ដល់ការងាររបស់កម្មករ-និយោជិតផងដែរ។ ក្រៅពីផលប៉ះពាល់លើសង្វាក់ផលិតកម្ម សហគ្រាសមួយចំនួនក៏បានបង្ហាញពីសម្ពាធផ្នែកហិរញ្ញវត្ថុ ដែលកើតចេញពីការផ្អាកសកម្មភាពអាជីវកម្ម។ ការខាតបង់ប្រាក់ចំណូលភ្លាមៗ អាចធ្វើឱ្យធុរជនមួយចំនួនប្រឈមនឹងការលំបាកក្នុងការបំពេញកាតព្វកិច្ចសងបំណុលធនាគារ និងការចំណាយប្រតិបត្តិការផ្សេងៗ។
ជាមួយគ្នានេះដែរ តំណាងវិស័យឯកជនបានកត់សម្គាល់ថា ការចុះត្រួតពិនិត្យក្នុងករណីខ្លះ ត្រូវបានអនុវត្តដោយខ្វះការសម្របសម្រួលបច្ចេកទេសពីមន្ត្រីជំនាញ និងមិនទាន់មានភាពច្បាស់លាស់លើនីតិវិធី។ ការផ្សព្វផ្សាយរូបភាពបង្ក្រាបលើបណ្តាញសង្គមក្នុងទម្រង់ខ្លីៗ ក៏ត្រូវបានចាត់ទុកថា អាចបង្កការយល់ច្រឡំ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។ ទោះជាយ៉ាងណា អង្គប្រជុំបានឯកភាពថា ការដោះស្រាយបញ្ហាទាំងអស់ ត្រូវផ្អែកលើការអនុវត្តច្បាប់ជាធរមាន និងត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងទំនិញនាំចូលខុសច្បាប់ ឬទំនិញគេចពន្ធ និងទំនិញដែលនាំចូលដោយស្របច្បាប់ ឬជាវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក។ ភាគីពាក់ព័ន្ធក៏បានស្នើឱ្យមានការអន្តរាគមន៍ និងការពិភាក្សាបន្ថែមរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់នីតិវិធីឱ្យមានភាពច្បាស់លាស់ ស្របតាមច្បាប់ និងធានាការរក្សាស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគនៅកម្ពុជា។