វិទ្យាស្ថានសុខុមាលភាពកាតូលិក ប្រារព្ធខួបបីឆ្នាំនៃបេសកម្មបព្វជាតាបម្រើព្រះសហគមន៍
វិទ្យាស្ថានសុខុមាលភាពជាតិកាតូលិកនៅក្នុងប្រទេសឥណ្ឌាដែលបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារសុខភាពផ្លូវចិត្តកាតូលិក ក្រោមការិយាល័យថែទាំសុខភាពនៃអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានប្រារព្ធខួបបីឆ្នាំនៃបេសកម្មរបស់ក្រុមដូនជីជាបព្វជាតាបម្រើបញ្ហាសុខភាពផ្លូវចិត្ត នៅក្នុងទីក្រុង បេនហ្គាលូរូ (Bengaluru) នៃរដ្ឋ កាណាតាកា (Karnataka) នៅភាគខាងត្បូងប្រទេសឥណ្ឌា។
ពិធីនេះត្រូវបានគេដឹងថា បានរៀបចំឡើងតាំងពីចុងខែឧសភា ដោយមានការចូលរួមដោយលោកបូជាចារ្យ ដូនជី និងគ្រិស្តបរិស័ទមកពីតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌាបានចូលរួមក្នុងពិធីអបអរសាទរ។
វិទ្យាស្ថាននេះត្រូវបានទទួលស្គាល់ថាស្ថាប័នជំនាញខាង លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងសង្គមក្នុងចំណោមស្រ្តី និងបព្វជាតានៃព្រះសហគមន៍កាតូលិក។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ វិទ្យាស្ថាននេះបានគាំទ្រសេវាជូនដូនជីនិងគ្រិស្តបរិស័ទ រាប់ពាន់នាក់ក្នុងការស្វែងរកគោលបំណង ភាពធន់ និងអត្ថន័យឡើងវិញនៅក្នុងបេសកកម្មប្រកាសដំណឹងល្អ។
វិទ្យាស្ថាននេះត្រូវបានដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជ័ន ជនកាពូរ៉ា ( Joan Chunkapura) ដោយទទួលបានការគាំទ្រពីគ្រិស្តបរស័ទ និង ក្រុមបងស្រី ជានាយករង និង ជាអ្នកសម្របសម្រួលកម្មវិធី រួមជាមួយសមាជិក ជាច្រើនរូបទៀត៕