វត្ថុវបុរាណខ្មែរ ចំនួន ៧៦ បានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ
ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន។
នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពិធីទទួលវត្ថុវបុរាណខ្មែរ ចំនួន ៧០ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។
សម្តេចបវរធិបតីថ្លែងថា ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។
សម្តេចបញ្ជាក់ថា ៖ «សូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងបណ្តាសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ដែលបានរួមចំណែកក្នុងការបំពេញបេសកកម្មជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ បានមកមាតុប្រទេសវិញ ដើម្បីនឹងតម្កល់ជូនប្រជាជនខ្មែរ និងគ្រប់អ្នកទេសចរ បានមកសិក្សាឈ្វេងយល់ដោយផ្ទាល់នៃប្រភពកំណើតនៃកេរតំណែលរបស់បុព្វបុរសខ្មែរបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗរហូតដល់បច្ចុប្បន្ន»។
សម្តេចថា ៖ «វត្ថុបុរាណដែលយើងទទួលបានមកវិញនេះ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ ហើយវត្ថុសិល្បៈបុរាណខ្មែរ ៧៦រូបបន្ថែមទៀត ពីចក្រភពអង់គ្លេស នឹងត្រូវប្រគល់មកវិញក្នុងពេលឆាប់ៗនេះ។ កំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់ នៅបណ្ដាប្រទេសជាមិត្តបន្ថែមទៀត»។
ចាប់ពីឆ្នាំ១៩៩៦មក កម្ពុជាបានទទួលវត្ថុសិល្បៈបុរាណខ្មែរជាង ១ពាន់វត្ថុ ពីប្រទេសចំនួន១៥៕