លោក ស៊ី ជីនពីង កម្ពុជា ជាអាទិភាពក្នុងវិស័យការទូតក្នុងតំបន់របស់ចិន

នៅពេលមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមេសានេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កម្ពុជាក្នុងគោលនយោបាយការបរទេសក្នុងតំបន់របស់ចិន និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងការគាំទ្រកម្ពុជាឲ្យអភិវឌ្ឍដោយស្វ័យភាព និងស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។
ក្នុងសុន្ទរកថាជូនព្រះមហាក្សត្រ នរោត្ដម សីហមុនី និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅព្រឹកមិញ លោក ស៊ី ជីនពីង បានលើកឡើងថា ទំនាក់ទំនងរវាងចិន និងកម្ពុជា ដែលបានបង្កើត និងថែរក្សាដោយមេដឹកនាំជំនាន់បន្តបន្ទាប់ទាំងសងខាង បានឈរជាប់នឹងការការផ្លាស់ប្ដូរបរិយាកាសអន្តរជាតិ និងនៅតែរឹងមាំដូចដើម។
លោកថ្លែងថា៖ «ចិន និងកម្ពុជាបាននាំមុខគេក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមនៅកម្រិតទ្វេភាគី និងក្នុងការអភិវឌ្ឍសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ។ ប្រទេសទាំងពីររបស់យើងបានគាំទ្រគ្នាទៅវិញទៅមកក្នុងការរក្សាស្ថេរភាពជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ និងវិបុលភាព ហើយបានសហការជាមួយគ្នាដើម្បីការពារយុត្តិធម៌នៅលើឆាកអន្តរជាតិ» ។
លោក ស៊ី ជីនពីង បញ្ជាក់ថា កម្ពុជា និងចិនបានបង្កើតគំរូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលរួមចំណែកសំខាន់ក្នុងការកសាងសហគមន៍មនុស្សជាតិដែលមានអនាគតរួម។
លោកក៏បានប្រកាសថា «កម្ពុជា គឺជាអាទិភាពក្នុងការទូតជិតខាងរបស់ចិន» ហើយ ចិននឹងគាំទ្រកម្ពុជាដោយឥតខ្វល់ពីការលំបាក ក្នុងការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍដោយផ្អែកលើលក្ខខណ្ឌជាតិរបស់ខ្លួន។
ប្រធានាធិបតីចិនបានបញ្ជាក់ថា លោកទន្ទឹងរង់ចាំចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះមហាក្សត្រី ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ និងជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏ដូចជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីពង្រឹងមិត្តភាព និងកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត។
លោកបន្ថែមថា៖ «យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងចិន-កម្ពុជា ធ្វើឲ្យជំនឿនយោបាយរវាងគ្នាខ្ពស់ជាងមុន បង្កើនគុណភាពនៃសហប្រតិបត្តិការជាប្រយោជន៍ទាំងសងខាង រក្សាសន្ដិសុខកាន់តែមានប្រសិទ្ធភាព ផ្លាស់ប្តូរជាមួយគ្នារវាងប្រជាជនឲ្យញឹកញាប់ និងពង្រឹងការសម្របសម្រួលយុទ្ធសាស្ដ្រនៅកម្រិតខ្ពស់ ដើម្បីអភិវឌ្ឍប្រយោជន៍សម្រាប់ប្រជាជន និងរួមចំណែកជាសកម្មភាពវិជ្ជមានសម្រាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់ និងពិភពលោក»។
កិច្ចព្រមព្រៀងទ្វេភាគីជាច្រើនត្រូវបានរំពឹងថានឹងចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ ដែលជាសញ្ញាបើកជំពូកថ្មីសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងទាំងនោះ មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ៕

Daily Program
