លោក កឹម សុខា ឡើងសាលាឧទ្ធរណ៍នៅព្រឹកនេះ

ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក កឹម សុខា អតីតអ្នកនយោបាយខ្មែរ ក្នុងបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានឡើងសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើរឿងក្តីរបស់លោក ដែលបានប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងភ្នំពេញ។
សូមបញ្ជាក់ថា ក្រោយពីបើកសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតដែលបទល្មើលកើតឡើងកាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ។
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២៧ ឆ្នាំ លោក កឹម សុខា តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានសម្រេចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចនេះ។ គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញនោះចំនួនជាង១០លើក។ តែស្ថិតនៅដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋានរឿងសាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេលជាច្រើនលើក និងផ្អាករាប់ខែមកហើយ៕

Daily Program

Livesteam thumbnail