លោកអភិបាល អូលីវីយ៉េ ជម្រុញឱ្យគ្រីស្តបរិស័ទលះបង់ភាពភ័យខ្លាច និងកសាងសន្តិភាព
ក្នុងពិធីបុណ្យចម្លង ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ស្ថិតនៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងសារលិខិតលើកទឹកចិត្តដល់គ្រីស្តបរិស័ទ ឱ្យជឿជាក់លើជ័យជម្នះនៃជីវិត និងរួមគ្នាកសាងពិភពលោកមួយដែលពោរពេញដោយក្តីស្រឡាញ់។
កុំភ័យខ្លាចអ្វី
ថ្លែងទៅកាន់អង្គពិធីទាំងមូលដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ក្នុងនោះមានបេក្ខជនទទួលពិធីជ្រមុជទឹក ចំនួន២០នាក់ ដែលមកពីតំបន់នានាក្នុងខេត្តតាកែវ លោកអភិបាលបានសង្កត់ធ្ងន់លើព្រះបន្ទូល «កុំភ័យខ្លាចអ្វីឡើយ» ដែលមានឥទ្ធិពលក្នុងបរិបទពិភពលោកបច្ចុប្បន្ន។
លោកបានមានប្រសាសន៍ថា ទោះបីជាព័ត៌មានជុំវិញពិភពលោកពោរពេញដោយសង្គ្រាម ភាពហិង្សា និងវិបត្តិផ្សេងៗដែលបង្កជាក្តីបារម្ភ ប៉ុន្តែការរស់ឡើងវិញរបស់ព្រះគ្រីស្តគឺជាសញ្ញាណនៃសេចក្តីសង្ឃឹមដែលមិនចេះរីងស្ងួត។
លោកបានបញ្ជាក់ថា៖ «ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ មិនមែនគ្រាន់តែជាដំណឹងមួយក្នុងចំណោមដំណឹងផ្សេងៗនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតដែលផ្លាស់ប្តូរប្រវត្តិសាស្ត្រមនុស្សជាតិទាំងស្រុង»។
ការកសាងសន្តិភាព និងការផ្សះផ្សា
ក្នុងសេចក្តីអធិប្បាយនោះ លោកអភិបាលក៏បានរំឭកអំពីប្រវត្តិសាស្ត្រការសង្គ្រោះ ដោយបានលើកឡើងថា មនុស្សលោកជារឿយៗបានបំផ្លាញគម្រោងការណ៍សុខដុមរមនារបស់ព្រះជាម្ចាស់ តាមរយៈភាពលោភលន់ និងការបែកបាក់។ ក្នុងន័យនេះ លោកបានជម្រុញឱ្យសហគមន៍គ្រីស្តបរិស័ទទាំងមូល ក្លាយជាអ្នកនាំសារសន្តិភាព ដោយចាប់ផ្តើមពីការលើកលែងទោសឱ្យគ្នាទៅវិញទៅមកក្នុងរង្វង់គ្រួសារ និងសង្គម។
និមិត្តរូបនៃជីវិតថ្មី
ក្នុងឆ្នាំ២០២៦នេះ ព្រះសហគមន៍បានប្រារព្ធពិធីជ្រមុជទឹកដល់បេក្ខជនថ្មីចំនួន ១៥២រូប នៅទូទាំងភូមិភាគភ្នំពេញនៅ រីឯក្នុងមណ្ឌលសកម្មភាពតាកែវ មានបេក្ខជនថ្មីសរុបចំនួន ៧០រូប។ លោកអភិបាលបានបញ្ជាក់ថា ការទទួលពិធីនេះគឺជាការចាប់ផ្តើមជីវិតថ្មីដែលពោរពេញដោយអត្ថន័យ និងជាការប្តេជ្ញាចិត្តដើរក្នុងផ្លូវនៃសេចក្តីស្រឡាញ់តាមគំរូរបស់ព្រះគ្រីស្ត។
ក្នុងពិធីជ្រមុជទឹក បេក្ខជនថ្មី ទទួលទៀននិងអាវសម្នាក់មួយៗ។ លោកអភិបាលបានបញ្ជាក់ថា ទានជាពន្លឺរបស់ព្រះគ្រីស្តដែលបំភ្លឺរាល់សេចក្តីទាំងឡាយនិងណែនាំឲ្យទៅជាពន្លឺសម្រាប់អ្នកដទៃ ហើយអាវស គឺជាការបំពាក់ព្រះគ្រីស្តផ្ទាល់។
មុននឹងបញ្ចប់ លោកអភិបាល អូលីវីយ៉េ ក៏បានឆ្លៀតឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលជិតចូលមកដល់ផងដែរ។ លោកបានអំពាវនាវឱ្យគ្រីស្តបរិស័ទខ្មែរប្រើប្រាស់ពេលវេលានេះ ដើម្បីពិចារណាលើតម្លៃនៃជីវិត និងពង្រឹងចំណងសាមគ្គីភាពក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់ ដើម្បីរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែប្រសើរឡើង៕