លោកមាជ សុវណ្ណារ៉ា ចាយពេលជាង១០ឆ្នាំ ដើម្បីក្លាយខ្លួនជាប្រមុខគណបក្សជំទាស់ថ្មី នៅលើ​លាននយោបាយកម្ពុជា

ក្រសួងមហាផ្ទៃបាន​ប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្បាលម៉ាស៊ីនគណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធានកាលពីថ្ងៃទី៤  ខែកក្កដា ឆ្នាំ២០២៤ ដោយ​ត្រូវបានផ្ទៃក្នុងគណបក្សជំនាន់ថ្មីជ្រើសតាំងលោកជា​​ប្រធានគណបក្ស តាមស្មារតីអង្គសមាជលើកដំបូងរបស់គណបក្សថ្មីថ្មោង នា ខែមិថុនា ឆ្នាំ២០២៤។​

លោកមាជ សុវណ្ណារ៉ា មានអតីតកាលជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដែលបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧ ក្នុងតួនាទីជាប្រធាននាយកដ្ឋានព័ត៌មាន ដែលលោកបានចេញមុខនិយាយជាសាធារណៈ តតាំងនឹងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស​កាន់អំណាច នៅលើបណ្តាញផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ជាងនេះទៅទៀត ក្នុងជីវភាពនយោបាយ លោកធ្លាប់ជាប់ពន្ធនាគា​រដល់ទៅ២ ដងផងដែរ​។ ​

ប្រធានគណបក្សថ្មីថ្មោងរូបនេះ មានប្រវត្តិជាកុមារកំព្រាឪពុក ដោយចម្រើនវ័យក្នុងដំណាក់កាលដែលស្រុ​កទេសមានវិបត្តិសង្គ្រាម និងវិបត្តិនយោបាយធ្ងន់ធ្ងរ ដោយត្រូវរស់នៅឃ្លាតឆ្ងាយពីមាតុភូមិ នៅឯជំរុំសាយធូ ទឹកដីថៃ បន្ទាប់ពីត្រូវជម្លៀសខ្លួនចេញពីជំរុំតស៊ូនៅតាមជាយដែន ក្រោយរបបខ្មែរក្រហមដួលរលំ។ ​

តើ​លោក មាជ សុវណ្ណារ៉ា មានការតស៊ូ​ក្នុងជីវិតនយោបាយ ​យ៉ាងណាខ្លះ ខណៈលោកកំពុងដឹកនាំគណបក្សជំទាស់ថ្មីមួយនេះ? ខាងក្រោមនេះជា​ ខ្លឹមសារនៃបទសម្ភាស​​៖​

តើលោកមាន​ប្រវត្តិតស៊ូក្នុងវិស័យ​នយោបាយ​យ៉ាងណាខ្លះ​ ក្នុងអំឡុងមុនក្លាយជាអ្នកនយោបាយពេញលេញនេះ?​​

លោក មាជ សុវណ្ណារ៉ា៖ ខ្ញុំបាទ មានអតីតកាលជាអ្នកតស៊ូក្នុងជំរុំជាយដែន ក្នុងចលនារំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោកតាសឺ សាន ជាមួយឥស្សរជននយោបាយជាច្រើនរូបទៀត ដែលប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពយួន ក្រោយព្រឹត្តិការណ៍​៧ មករា ១៩៧៩។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំនិងម្តាយ​បានភៀសសឹក ទៅជំរុំតស៊ូដោយមានដំណឹងពីចលនាតស៊ូ ខ្លាចក្រែងវៀតណាម ​លេបយកប្រទេសខ្មែរ និងដើម្បីបណ្តេញកងទ័ពយួនពីទឹកដីកម្ពុជា។ ​

អំឡុងវ័យជំទង់ប្រមាណ១២ ទៅ១៣ឆ្នាំ ខ្ញុំបានបន្តការរៀនសូត្ររហូតដល់ឆ្នាំ១៩៨៥ រហូតកងទ័ពវៀតណាម និងទាហានរបបក្រុងភ្នំពេញជំនាន់នោះបានបោសសម្អាតពួកយើង ដោយយើងបានជម្លៀសខ្លួនចេញពីជំរុំជាយដែនទៅកាន់ជំរុំសាយធូ ខេត្តស្រះកែវ ទឹកដីថៃ។ ខ្ញុំបានរៀនសូត្រនៅទីនោះចប់បាក់ឌុប ឬទី១២ ហើយបានក្លាយខ្លួនជាគ្រូបង្រៀននៅជំរុំនោះ និងធ្វើការជាអ្នកកាសែតរបស់ចលនារណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា​សឺន សាន​។​

ខ្ញុំបានចូលសិក្សានៅវិទ្យាស្ថានរដ្ឋបាលសាធារណៈ ឬអ៊ីប៉ា ​ពីរដ្ឋបាលសាធារណៈរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ។ នៅខែមីនា ឆ្នាំ១៩៩២ ខ្ញុំនិងគ្រួសារបានមាតុភូមិនិវត្តន៍មកកម្ពុជាវិញបន្ទាប់ពីមានកិច្ចព្រមព្រៀ​ងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយបាន​ធ្វើការជាមន្ត្រីអង្គការសហប្រជាជាតិរយៈពេល ២ឆ្នាំ។​ បន្ទាប់មកទៀត ខ្ញុំក្លាយជាគ្រូបង្រៀនមួយរយៈក្នុងក្របខណ្ឌរដ្ឋ ហើយបន្ទាប់មកបានវិលមករកអា​ជី​ពជាអ្នកកាសែតនៃស្ថាប័នជាតិ និងអន្តរជាតិ។ ​​​

នៅអំឡុងទសវត្សរ៍ឆ្នាំ២០០០ ខ្ញុំបានបន្តការសិក្សានៅសាកលវិទ្យាល័យឡងប៉ិច សហរដ្ឋអាមេរិក ផ្នែកវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងសាធារណៈ ការនិយាយសាធារណៈ ហើយនៅឆ្នាំ២០០៧ ខ្ញុំជាសហស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍នៅសហរដ្ឋអាមេរិក។​

នៅឆ្នាំ២០១២ ខ្ញុំជាមនុស្សម្នាក់ដែលបានជួយលើកិច្ចការបង្រួបបង្រួមរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បង្កើតគណបក្សសង្គ្រោះជាតិ ហើយជាពេលខ្ញុំចូលរួមគណបក្សនេះ ឈរឈ្មោះជាតំណាងរាស្ត្រប្រចាំខេត្តបន្ទាយមានជ័យ ជាពេលដែលខ្ញុំមានឈ្មោះបោះសម្លេងក្នុងឆាកនយោបាយខ្មែរ ក្នុងនាមជាវាគ្មិនរបស់គណបក្ស ដើម្បីជ្រោងលទ្ធិប្រជាធិបតេយ្យ។​

ក្រោយមកទៀត តាមរយៈវោហាសាស្ត្រនយោបាយខ្ញុំក្នុងសកម្មភាពបាតុកម្ម គេបានចោទខ្ញុំមានបំណងផ្តួលរំលំរដ្ឋាភិបាល ដោយខ្ញុំជាប់ពន្ធនាគារ ២ដង។ ​

ក្រោយចេញពីពន្ធនាគារ ខ្ញុំបានធ្វើសកម្មភាពនយោបាយក្នុងនាមជាអ្នកស្រាវជ្រាវ អ្នកវិភាគបញ្ហាសង្គម ដែលបានដើរសង្កេតតាមប្រទេសនីមួយៗ ហើយក៏រងសម្ពាធនានា​ រហូតមានការលើកឡើងថាខ្ញុំលក់ក្បា​លឱ្យគណបក្សប្រជាជនផងដែរ​។ ទម្រាំខ្ញុំតស៊ូបង្កើតគណបក្សជំនាន់ថ្មីនេះឡើង ​ខ្ញុំបានគិតគូរវែងឆ្ងាយ តាំងពីក្នុងពន្ធនាគារ ដោយប្រើពេលរយៈពេលជាង១០ឆ្នាំ ជាមួយបញ្ញាវន្ត និងយុរជននានាទៀត ដែលខ្ញុំមើលឃើញថា ជាពេលវេលាថ្មី សក្ករាជថ្មីរបស់សង្គមកម្ពុជា។​

ការបង្កើតគណបក្សជំនាន់ថ្មី តើផ្តើមឡើងដោយរបៀបណា តាំងពីពេលណា និងចេញជាសកម្មភាពតស៊ូយ៉ាងណាទម្រាំអាចបង្កើតគណបក្សនេះឡើង?​

លោក មាជ សុវណ្ណារ៉ា៖ ចាប់ចេញពីខែសីហា ឆ្នាំ២០២៣ យើងបានដាក់លិខិតសុំច្បាប់ទៅ​ក្រសួងម​ហាផ្ទៃ ​ហើយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបានអនុញ្ញាតឱ្យយើងបំពេញតម្រូវការ និងលក្ខខណ្ឌដើម្បីឈានទៅរកការទទួលស្គាល់គណប​ក្សជំនាន់ថ្មីជាផ្លូវការ។ មុនដំបូងយើងដាក់រចនាសម្ព័ន្ធស្ថាបនិក៧រូប និងស្នាមមេដៃមនុស្ស ៨០នាក់ ហើយបន្ទាប់មក យើងដាក់គោលនយោបាយ ជាមួយស្នាមមេដៃអ្នកគាំទ្រចំនួន ៤ពាន់នាក់ ភ្ជាប់ជាមួយគណនេយ្យធនាគារតម្កល់ទឹកប្រាក់ ៣លានរៀល និងលក្ខន្តិកៈរបស់គណបក្ស។ ​

យើងប្រឹងប្រែងជាងកន្លះឆ្នាំដល់ខែមីនា ទើបសម្រេច ហើយបញ្ចូនទៅក្រសួងមហាផ្ទៃ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់ពេញលេញនូវគណបក្សជំនាន់ថ្មីជាផ្លូវការ។​ យើងតស៊ូខ្លាំងណាស់ ពេលខ្លះដាច់បាយ ដាច់ទឹក ចុះព្រៃ ទៅតាមមូលដ្ឋាន ទៅជួបប្រជាពលរដ្ឋ អ្នកគាំទ្រ ដើម្បីប្រមូលស្នាមមេដៃ។

មានចម្ងល់ច្រើនណាស់ថា យើងមានលុយពីណាដើម្បីដំណើរការគណបក្ស? គឺយើងមានលុយតាមរយៈសមាជិកយើង ដោយបដិភាគ ជាពិសេសលុយពីអ្នកគាំទ្រជាច្រើន ម្នាក់បន្តិចៗ។

តើគោលដៅជាជំហានបន្តបន្ទាប់បែបណារបស់គណបក្សជំនាន់ថ្មី នៅក្នុងទីលាននយោបាយកម្ពុជា

លោក មាជ សុវណ្ណារ៉ា៖ គោលដៅជាបន្ទាប់របស់យើង គឺយើងមានយុទ្ធវិធី និងគោលការណ៍របស់យើង ដែលយើងកំពុងត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយមានគោលនយោ​បាយ និងកម្មវិធីនយោបាយដែលច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជាតិ និងបម្រើប្រជាពលរដ្ឋ។ ​

តែយ៉ាងណា ខ្ញុំមិនទាន់អាចនិយាយជំនួសថ្នាក់ដឹកនាំគណបក្សជំនាន់ថ្មីបាននោះទេទៅលើចំណុចពិ​សេ​ស ឬយុទ្ធសាស្ត្ររបស់គណបក្ស ដោយសារយើងនឹងអនុម័តទៅតាមជំហានៗ ហើយយើងនឹងបង្ហាញជាបន្តបន្ទាប់ទៅតាមពេលវេលាជាក់ស្តែង ដោយសំណូមពរឱ្យ​ប្រជាពលរដ្ឋបន្តតាមដានស្ថានការណ៍នយោបាយដោយយកចិត្តទុកដាក់ ដើម្បីជោគវាសនាជាតិ៕​

អត្ថបទ៖ ច័ន្ទដារ៉ា​

 

 

 

 

Daily Program

Livesteam thumbnail