លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅកូរ៉
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងនាថ្ងៃទី១៣ ខែឧសភានេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យូន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។
ថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ លោកនាយករដ្ឋមន្តី្រ ហាន់ ដុកស៊ូ (Han Duck-soo) និងលោកប្រធានរដ្ឋសភា គីម ជីនស្គូ (Kim Jin-pyo)។ សម្ដេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ផងដែរ៕