លោកដូណាល់ ត្រាំ ជឿថា សង្រ្គាមនៅអ៊ីរ៉ង់ជិតចប់ហើយ

ប្រធានាធិបតីអាម៉េរិកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់លែងមានកងទ័ពម៉ារីន លែងមាន មធ្យោបាយទំនាក់ទំនង និងលែងមានកងទ័ពអាកាសផងដែរ។

សង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ស្ថិតនៅលើចំនុចនៃទីបញ្ចប់ឬយ៉ាងណា? នេះគឺជា អ្វីដែលលោកប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបញ្ចេញឲ្យឮតាម​រយៈ​កិច្ច​សម្ភាសន៍សម្រាប់បណ្តាញសារព័ត៌មាន ស៊ីប៊ីអេញូ CBS News កាលពីថ្ងៃទី៩ ខែមីនា និង​វិនិច្ឆ័យថា បើតាមរូបលោក សង្រ្គាមនៅអ៊ីរ៉ង់​ស្ទើរតែជិតបញ្ចប់ និងថា ទីក្រុងវ៉ាស៊ីនតុន បាន​បោះ​ជំហានទៅមុខយ៉ាងល្អសម្រាប់ការវាយតម្លៃកាលពីដំបូងរបស់ខ្លួន ដែលសង្រ្គាមនេះ​មាន​រយៈពេលពី ៤ ទៅ ៥ សប្តាហ៍។

លោកដូណាល់ ត្រាំ នៅលើប៉ុស្តិ៍ទូរទស្សន៍អាម៉េរិក បានថ្លែងថា លោកគិតថា សង្រ្គាមគឺស្ទើតែ ជិតចប់។ ពួកគេអ៊ីរ៉ង់ លែងមានកងទ័ពម៉ារីន លែងមានមធ្យោ​បាយទំនាក់ទំនង និងលែងមាន កងទ័ពអាកាស។

ប៉ុន្តែលោកប្រធានាធិបតីអាម៉េរិក បានបដិសេធចោល​នៅអំឡុង​សន្និសីទសារព័ត៌មាន​អំពី​លទ្ធភាពនៃការបញ្ចប់សង្រ្គាមនៅសប្តាហ៍នេះ និងនិយាយងាយៗថា សង្រ្គាមនឹងចប់នៅ​ពេល​ខាង​មុខ ដោយមិនបានបញ្ជាក់លំអិតបន្ថែមទេ។

ដោយត្រូវបានចោទសួរដោយសារព័ត៌មាន CBS News អំពីច្រកសមុទ្រ អ័រមូស ម្ចាស់សេត វិមានអាម៉េរិក បាននិយាយថា នាវានានាបើកបរនៅទីនោះសព្វថ្ងៃ ប៉ុន្តែលោកសន្យាថា នឹង គ្រប់គ្រងវា។ នៅអំឡុងសន្និសីទកាសែត លោកដូណាល់ ត្រាំ បានគំរាមថានឹងវាយប្រហារ កាន់តែខ្លាំងថែមទៀតលើអ៊ីរ៉ង់ ប្រសិន​បើទីក្រុងតេអេរ៉ង់ សម្រេចចិត្តរាំងខ្ទប់ការផ្គត់ផ្គង់ប្រេង។

លោកប្រធានាធិបតី​ថ្លែងថា លោកនឹងមិនទុកបណ្តាយឲ្យរបបភេរវកម្មព្យាយាមរាំងខ្ទប់​ការ​ផ្គត់​ផ្គង់ប្រេងជាអន្តរជាតិទេ។ ហើយប្រសិនបើទីក្រុងតេអេរ៉ង់ធ្វើរឿងរ៉ាវនៅក្នុងន័យនេះ លោកនឹង វាយប្រហារកាន់តែច្រើនឡើង និងកាន់តែខ្លាំងឡើងៗ។

ច្រកសមុទ្រអ័រមូស គឺជាចំនុចឆ្លងកាត់ជាយុទ្ធសាស្រ្តដ៏សំខាន់​សម្រាប់​ការដឹកជញ្ជូន​​ប្រេង​ក្នុង​កម្រិតពិភពលោក  និងមានលំហូប្រេង និងឧស្ម័នធម្មជាតិ ប្រមាណ ​១/៥ ឆ្លងកាត់នៅទីនោះ។ សង្រ្គាមបានរាំងស្ទះស្ទើតែទាំងស្រុង​​នៃផ្លូវសមុទ្រជាអាយុជីវិតនេះ។

ពាក់ព័ន្ធនឹងមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់  ម៉ូតតាបា ​ខាមឺណៃ កូនប្រុសរបស់មេដឹកនាំកំពូល​អ៊ីរ៉ង់​ដែលត្រូវបានធ្វើឃាត លោកដូណាល់ ត្រាំ បាននិយាយប្រាប់អ្នកកាសែតថា លោកមាន​ការខកចិត្តចំពោះជម្រើសនេះ និងវាយតម្លៃថា វាគ្រាន់តែធ្វើឲ្យបញ្ហាដដែលកាន់តែធ្ងន់ធ្ងរ​ឡើងសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះ។

នៅលើបណ្តាញ CBS News ប្រធានាធិបតីអាម៉េរិក ដែលជាធុរជនផងដែរ បាននិយាយថា មានមនុស្សនៅក្នុងចិត្តលោករួចហើយ​ សម្រាប់ដឹកនាំប្រទេស ដោយមិនបានផ្តល់នូវការ បញ្ជាក់បន្ថែមទេ។

ម្យ៉ាងវិញទៀត កាលពីថ្ងៃទី៩ ខែមីនា ដែរ លោកដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរសព្ទ​ជាមួយលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ឥស្សរជនទាំងពីរ បានលើកឡើងអំពី សង្រ្គាម​នៅអ៊ីរ៉ង់ ហើយបើយោងតាមទីប្រឹក្សានយោបាយការបរទេសនៃ​វិមានក្រឹមឡាំង លោក​​យូរី អ៊ូសាកូវ ប្រធានាធិបតីរុស្ស៊ីបានលើកឡើងនូវសំណើរដើម្បីដោះ​ស្រាយឲ្យបាន រហ័សនៃជម្លោះ។ យោងតាមលោកយូរី បានឲ្យដឹងថា លោកវ្លាឌីមៀ ពូទីន បាន​បញ្ចេញ​នូវ​គំនិត​ជាច្រើនដែលសំដៅបញ្ចប់ឲ្យបានរហ័សនៃសង្រ្គាមនៅអ៊ីរ៉ង់ ទាំងខាង​នយោបាយ និង​ការ​​ទូត​​ មានជាអាទិ៍ ការបង្កើនទំនាក់ទំនង​ជាមួយមេដឹកនាំនៃបណ្តា​រដ្ឋ​ឈូងសមុទ្រ ប្រធានាធិបតី​អ៊ីរ៉ង់ និងមេដឹកនាំ​នៃប្រទេសដទៃៗ ទៀតជាដើម។

 

Daily Program

Livesteam thumbnail