លោកជេឌី វ៉ានស៍ ព្យាករណ៍ថា ច្រកអ័រមូស នឹងត្រូវបើកឡើងវិញដោយគ្មានការ ទាមទារបង់ថ្លៃឆ្លងកាត់

អនុប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ានស៍ បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ថា លោករំពឹងថា អ៊ីរ៉ង់នឹងមិនដាក់ការអនុវត្តការទាមទារបង់ថ្លៃឆ្លងកាត់នៅច្រកសមុទ្រអ័រមូស ដែលជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មប្រេងឆៅពិភពលោក ហើយដែលវាត្រូវបានគ្រោង​ឲ្យ​បើកឡើងវិញទាំងស្រុងនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា។

នៅក្បែរសមភាគីបារាំង លោកអេម៉ានូអែល ម៉ាក្រុង នៅទីក្រុងអេវីយ៉ង់ សម្រាប់កិច្ចប្រជុំ កំពូល G7 មុនមួយថ្ងៃនៃការប្រកាសអំពីក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និង អ៊ីរ៉ង់ដើម្បីបិទបញ្ចប់សង្រ្គាម លោកប្រធានាធិបតីអាម៉េរិក បានថ្លែងថា ៖ “ច្រកសមុទ្របាន បើក​មួយផ្នែករួចហើយ ដូចដែលអ្នកដឹង។” លោកដូណាល់ ត្រាំ បន្ថែមថា នៅថ្ងៃសុក្រ វានឹង ត្រូវបើកឡើងវិញទាំងស្រុង។

នៅលើបណ្តាញសង្គម ទ្រូស សូស្យល់ លោកត្រាំ បានបញ្ជាក់ថា ការធ្វើនាវា​ចរណ៍​បាន​ចាប់ផ្តើម​​ដំណើរការវិញហើយ។ នាវា​នានា ដែលមានខ្លះផ្ទុកដោយប្រេង បានចាប់ផ្តើមចេញ​ពី​ច្រកសមុទ្រអ័រមូស។ ពួកវាធ្វើនាវាចរណ៍តាមផ្លូវដែលត្រូវបានធានាសន្តិសុខទាំងស្រុង។

ចំណែកលោកជេឌី វ៉ាន អនុរបស់លោកត្រាំ បានបញ្ជាក់កាលពីថ្ងៃចន្ទ នៅលើបណ្តាញសារ ព័ត៌មាន ស៊ីអេនប៊ីស៊ី ថា សហរដ្ឋអាមេរិកបានរំពឹងថា អ៊ីរ៉ង់នឹងមិនដាក់អនុវត្តការទាមទារបង់ ថ្លៃឆ្លងកាត់លើផ្លូវយុទ្ធសាស្ត្រនេះសម្រាប់ពាណិជ្ជកម្ម​ពិភពលោកទេ ខណៈដែលក្រសួងការ បរទេសអ៊ីរ៉ង់បានលើកឡើងអំពី “ថ្លៃសេវា” សមុទ្រ។

ដោយត្រូវបានចោទសួរថា តើច្រកសមុទ្រអ័រមូសនឹងបើកឡើងវិញដោយគ្មានការទាមទារ បង់​ថ្លៃឆ្លងកាត់ សម្រាប់រយៈពេល ៦០ ថ្ងៃនៃការចរចា ដែលនឹងចាប់ផ្តើមឆាប់ៗនេះ ឬថា នឹង បន្ត​រយៈ​ពេលវែងជាងនេះ លោកជេឌី វ៉ានស៍ បានឆ្លើយតបថា ៖ “យើងរំពឹងថា ច្រកសមុទ្រ នឹង​បើក​ឡើងវិញ​ដោយមិនមានការទាមទារយក​​ប្រាក់ក្នុងរយៈពេលវែង ហើយនេះគឺជាអ្វី​ដែល​យើង​នឹងលើកឡើង​នៅក្នុងកិច្ចចរចាបច្ចេកទេស។”

តម្លៃប្រេងឆៅ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា មានការស្ទាក់ស្ទើរ ដោយរង់ចាំព័ត៌មានលម្អិត  អំពី​ពិធីសារ​កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់វិវាទ​​របស់ពួកគេ។ ប្រហែល​ម៉ោង ៤ព្រឹក ប្រេង Brent មួយបារ៉ែល ពីសមុទ្រខាងជើង ដែលជាស្តង់ដារពិភពលោក បាន​ថយ​​​ចុះ​០,២៦% ឬនៅសល់ ៨២,៨៥ ដុល្លារ ក្នុងមួយបារ៉ែល។

អ្នកជំនាញពីក្រុមហ៊ុន អុកស្វ៉ដ អេកូណូមីក (Oxford Economics) បានព្រមានថា ៖ “ឧបសគ្គ​ប្រហែល​ជាមាន មុននឹងកិច្ចព្រមព្រៀងទាំងស្រុងលេចឡើង ហើយវាត្រូវការពេលវេលា​ដើម្បី​ឲ្យ​​ចរាចរណ៍ផ្លូវសមុទ្រនៅច្រកអ័រមូស បើកដំណើរការឡើងវិញនៅកម្រិតជិត​ស្ថានភាពមុន​ជម្លោះ។”

អ្នកជំនាញអះអាងបន្តថា ការប្រកាសអំពីកិច្ចព្រមព្រៀង កាត់បន្ថយ​ហានិភ័យ​ហួស​ហេតុ​នៃ​ការ​ធ្លាក់ថយចុះ​នូវស្តុកប្រេងដែលនឹងធ្វើឲ្យតម្លៃប្រេងហក់ឡើង ប៉ុន្តែការរីក​ចម្រើន​ថ្មីៗចុង​ក្រោយ ក៏មិនបានបង្កើនល្បឿននៃការកើនឡើងនូវបរិមាណប្រេង​ដែលឆ្លងកាត់​តាម​ច្រក​សមុទ្រ​អ័រមូសដែរ​នៅអំឡុងប៉ុន្មានខែទៅមុខនោះ។

ងាកមកមើលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (World Cup 2026) គ្រូបង្វឹក​ក្រុមជម្រើសជាតិអ៊ីរ៉ង់ លោកអាមៀ ហ្គាឡេណូអី  បានអះអាងកាលយប់ថ្ងៃចន្ទថា ក្រុម​របស់​លោកគឺជា “ក្រុមដែលត្រូវបានគេមិនយកចិត្តទុកដាក់អាក្រក់បំផុត” សម្រាប់ព្រឹត្តិការណ៍​បាល់ទាត់​​ពិភពលោក ដោយយោងទៅលើការលំបាកដែលក្រុមលោកបានប្រឈមជួបប្រទះ ក្នុង​បរិបទនៃសង្រ្គាម​​អ៊ីរ៉ង់អាម៉េរិកអ៊ីស្រាអែល ។

 

Daily Program

Livesteam thumbnail