លោកកាឌីណាល់ ហ្គ្រេច៖ ព្រះសហគមន៍មូលដ្ឋាន មិនមែនទីក្រុងរ៉ូមទេ
នៅក្នុងការថ្លែងសុន្ទរកថាក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៤ ខែកក្កដា លោកកាឌីណាល់ម៉ារីយ៉ូ ហ្គ្រេច (Mario Grech) អគ្គលេខាធិការនៃស៊ីណូដាលរបស់លោកអភិបាល បានធ្វើបទបង្ហាញក្រោមប្រធានបទ «ផ្លូវសម្រាប់ការអនុវត្តស៊ីណូដាល»។ លោកបានសង្កត់ធ្ងន់ថា ជោគជ័យនៃលក្ខណៈស៊ីណូដាលគឺផ្អែកលើការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវផ្ទាល់របស់ព្រះសហគមន៍មូលដ្ឋាន ជាជាងការរង់ចាំការណែនាំពីបុរីវ៉ាទីកង់។
លោកកាឌីណាល់ ហ្គ្រេចបានបកស្រាយឱ្យច្បាស់ថា ព្រះសហគមន៍មូលដ្ឋានមិនមែនត្រឹមតែជាសាខារដ្ឋបាលរបស់ទីក្រុងរ៉ូមនោះទេ ប៉ុន្តែជាទីកន្លែងដែលព្រះសហគមន៍មានវត្តមានយ៉ាងពេញលេញ។ ការផ្លាស់ប្តូរថ្មីត្រូវតែមានឬសគល់នៅក្នុងព្រះសហគមន៍ក្នុងស្រុក និងភូមិភាគក្នុងតំបន់ ជាជាងតាមរយៈបញ្ជាពីលើចុះក្រោម។
ដោយរំលេចពីទំនាក់ទំនងប្រទាក់ក្រឡានៃព្រះសហគមន៍កាតូលិក លោកហ្គ្រេច បានកត់សម្គាល់ថា «ប្រសិនបើព្រះសហគមន៍មូលដ្ឋានណាមួយខកខានក្នុងការចូលរួមចំណែក នោះវានឹងធ្វើឱ្យព្រះសហគមន៍សកលខាតបង់នូវអ្វីមួយដែលមានសារៈសំខាន់បំផុត»។ ព្រះសហគមន៍សកលទាញយកថាមពលរស់រវើកដោយផ្ទាល់ចេញពីភាពរស់រវើកនៃភូមិភាគនីមួយៗ។
លោកពន្យល់ទៀតថា ដំណាក់កាលអនុវត្តដែលឈានទៅរកមហាសន្និបាតព្រះសហគមន៍ឆ្នាំ ២០២៨ មានគោលបំណងលើកកម្ពស់ «ការចែកចាយនូវអំណោយទាន» និងការចែករំលែកបទពិសោធន៍យ៉ាងសកម្មរវាងភូមិភាគនានា និងអង្គភាពកម្រិតតំបន់ ជាជាងត្រឹមតែការបង្កើតឯកសាររដ្ឋបាល។
អនាគតនៃដំណើរការស៊ីណូដាល នឹងត្រូវបង្កើតឡើងនៅក្នុងស្រុក ក្នុងចំណោមសហគមន៍មូលដ្ឋាន ដែលជាទីដែលលោកអភិបាល លោកបូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទជាគ្រហស្ថ រួមគ្នាស្តាប់ដោយការអធិស្ឋាន ត្រិះរិះពិចារណា និងបំពេញបេសកកម្មជាមួយគ្នា៕