រយៈពេល១ខែ៖ក្រសួងបរិស្ថាន«បណ្តុះកូនឈើ»បានជាង១២ម៉ឺនដើម

ក្រោយយុទ្ធនាការ«ពន្លកបៃតង»បានបញ្ចប់ ក្រសួងបរិស្ថានបានធ្វើការបណ្ដុះកូនឈើនៅក្នុងខេត្តចំនួន៥បន្ថែមទៀត សម្រាប់ចែកដល់ប្រជាពលរដ្ឋយកទៅដាំនៅតាមទីកន្លែងនានា។ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានរយៈពេលប្រហែលមួយខែមកហើយ ក្រសួងបរិស្ថានបានបណ្តុះកូនឈើសរុបចំនួន ១២៤ ៣៨២ ដើម។

បន្ទាប់ពីយុទ្ធនាការពន្លកបៃតងបានបញ្ចប់ ក្រសួងបរិស្ថានបានបណ្តុះកូនឈើនៅថ្នាលចំនួន៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងខេត្តមណ្ឌលគិរី។ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ កូនឈើសរុបចំនួន ១២៤ ៣៨២ ដើម ត្រូវបានដាំដោយក្រសួងបរិស្ថាន ក្នុងនោះកូនត្នោតចំនួន ១០២ ១៧១ កូនឈើព្រៃ ២០ ៨៣៣ ដើម និងកូនឈើហូបផ្លែចំនួន ១ ៣៩៩ ដើម។

ដោយឡែកក្នុងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្ត កំពត ពោធិ៍សាត់ តាកែវ និងខេត្តកោះកុង បានបណ្តុះកូនឈើចំនួន ៩ ៣៧១ ដើម ដើម្បីត្រៀមទុកសម្រាប់ចែកជូនអាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា ថ្នាលបណ្តុះកូនឈើនៅខេត្តត្បូងឃ្មុំ មានទំហំជាង៣ហិកតា មានសមត្ថភាពផលិតកូនឈើបានជាង ១,៣០០,០០០ ដើម ក្នុងមួយឆ្នាំ។ ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ៕

 

Daily Program

Livesteam thumbnail