រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ មនុស្សធម៌ ជាបន្ទាន់នៅតាមតំបន់ ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅ នឹងតម្រូវការមនុស្សធម៌ជាបន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈរដ្ឋាភិបាលជប៉ុន គាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀង ឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ។
យោងសារពីឯកអគ្គរាជទូត អ៊ូអិណុ ស្តីពីការប្រកាសផ្តល់ជំនួយ សង្គ្រោះបន្ទាន់សម្រាប់ តំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកស្ថានទូតជប៉ុន ប្រចាំកម្ពុជានៅថ្ងៃនេះបានឱ្យដឹងថា «ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្ន ជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)»។
លោក អ៊ូអិណុ អាត់ស៊ូស៊ី
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សង្កត់ធ្ងន់ថា «រដ្ឋាភិបាលជប៉ុន គាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀង ឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និង ថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញ យ៉ាងឆាប់រហ័សហើយ នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់ បន្ថយការលំបាក របស់អ្នកដែលរងគ្រោះ»។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់បន្ថែមថា «ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុន បានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្ត ជាពន់ពេក ចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹង បន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»៕
Daily Program
