រដ្ឋធម្មនុញ្ញកូរ៉េខាងជើង ពីពេលនេះទៅ កំណត់ថា កូរ៉េខាងត្បូងជារដ្ឋសត្រូវ
កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែតុលា ប្រទេសកូរ៉េខាងជើង បានប្រកាសថា រដ្ឋធម្មនុញ្ញរបស់ខ្លួន កំណត់ពីពេលនេះតទៅថា កូរ៉េខាងត្បូងជារដ្ឋសត្រូវ និងបញ្ជាក់ជាលើកទី១ នូវការផ្លាស់ប្តូរដែលបានសន្យានៅខែមករា ដោយមេដឹកនាំរបស់ប្រទេសនេះ គឺ លោកគីម ជុងអ៊ុន។ កូរ៉េខាងជើងក៏បង្ហាញអំពីភាពត្រឹមត្រូវនៃការបំផ្ទុះកំទេចផ្លូវដែលមានតែពីរខ្សែ និងផ្លូវដែកដែលតភ្ជាប់ទៅប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA និងត្រូវបានបញ្ជាក់ដោយព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃអង្គារដោយទីក្រុងសេអ៊ូល បានឲ្យដឹងថា ផ្លូវទូរគមនាគមន៍ដែលស្ថិតនៅភាគខាងកើត និងខាងលិចនៃជ្រោយឧបទ្វីបកូរ៉េ ដែលជាផ្លូវដែលធ្លាប់បានត្រូវបើកមួយថ្ងៃដ៏ខ្លីចាប់តាំងពីការបញ្ឈប់សង្រ្គាមកូរ៉េនៅឆ្នាំ១៩៥៣ ពេលនេះ ត្រូវបានបិទជិតដោយសារការបំផ្ទុះ។
ទីភ្នាក់ងារ KCNA បានហៅឈ្មោះផ្លូវការនៃកូរ៉េខាងជើង និងកូរ៉េខាងត្បូង និងបានឲ្យដឹងថា ៖ ”នេះគឺជាវិធានការដែលមិនអាចជៀសបាន និងធ្វើដោយសារវាស្របច្បាប់ ដែលត្រូវអនុវត្តដោយការទាមទាររបស់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិត និងប្រជាធិបតេយ្យកូរ៉េ ដែលបានកំណត់យ៉ាងច្បាប់ថា សាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង គឺជារដ្ឋសត្រូវ”។
នេះគឺជាលើកទី១ ដែលទីក្រុងព្យុងយ៉ាង បញ្ជាក់អំពីការសរសេរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននូវលក្ខន្តិកៈរដ្ឋសត្រូវសម្រាប់កូរ៉េខាងត្បូង។ នេះគឺជាវិធានការដែលប្រកាសដោយលោកគីម ជុងអ៊ុន កាលពីខែមករា នៅពីមុខសភាជាតិកំពូល សភាកូរ៉េខាងជើង។ លោកបានថ្លែងថា តាមគំនិតរបស់លោក ការបញ្ជាក់ថា កូរ៉េខាងត្បូងជារដ្ឋសត្រូវនៅក្នុងរដ្ឋធម្មនុញគឺកូរ៉េខាងជើងត្រូវការគ្រប់គ្រងកូរ៉េខាងត្បូងទាំងមូល ធ្វើឲ្យសត្រូវចុះចាញ់ និងការវាយដណ្តើមយកសាធារណៈរដ្ឋកូរ៉េ កូរ៉េខាងត្បូង ដោយភ្ជាប់ជាឧបសម្ព័ន្ធមកកូរ៉េខាងជើង នៅក្នុងករណីមានសង្រ្គាមនៅឧបទ្វីបកូរ៉េ។ លោកគីម ជុងអ៊ុន ក៏បានព្រមាននឹងធ្វើសង្រ្គាម សម្រាប់រាល់ការរំលោភចូលដែនដីកូរ៉េខាងជើង មិនថា ត្រឹម ០,០០១ មល ក៏ដោយ។
ការប្រកាសអំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដែលភ្ជាប់គ្នា កំណត់សម្គាល់នូវដំណាក់កាលថ្មីនៅក្នុងភាពដាច់ខាតខាងនយោបាយរបស់របបលោក គីម ជុងអ៊ុន មកកាន់កូរ៉េខាងត្បូង។ កាលពីខែមករា ប្រមុខមេដឹកនាំកូរ៉េខាងជើង ធ្លាប់បានកំណត់ថា កូរ៉េខាងត្បូង គឺជាសត្រូវដ៏សំខាន់របស់ប្រទេសខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា ការបំផ្លាញផ្លូវ និងផ្លូវដែក ដែលតភ្ជាប់កូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺដោយសារ ការបង្កហេតុធ្ងន់ធ្ងរខាងនយោបាយ និងយោធារបស់កងកម្លាំងសត្រូវកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារនេះ កូរ៉េទាំងពីរ គឺស្ថិតនៅមាត់គែមនៃសង្រ្គាមហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ដែលលើកយកមកដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងបន្តចាត់វិធានការនានាដើម្បីពង្រឹងជាអចិន្ត្រៃយ៍នៅព្រំដែនជាមួយកូរ៉េខាងត្បូងដែលត្រូវបានបិទ។
តាមសភាពជាក់ស្តែង ព្រំដែនរវាងកូរ៉េទាំងពីរ ត្រូវបានបិទរួចហើយ។ ចាប់តាំងពីឆ្នាំ១៩៥៤ ផ្លូវពីរ និងផ្លូរដែកពីរ នៅក្នុងឧបទ្វីបកូរ៉េ មិនដែលត្រូវបានស្តារ និងបើកឡើងវិញទេ លើកលែងតែក្នុងយុគសម័យនៃការធូរស្រាលភាពតានតឹងមួយរយៈខ្លីនោះ។
ចំណែកក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានអធិប្បាយថា នេះគឺជាការបង្កហេតុមិនធម្មតាដ៏ខ្លាំងលើសលប់ និងរំឭកថា គឺទីក្រុងសេអ៊ូលដែលធ្លាប់បានផ្តល់លុយដ៏សែនថ្លៃក្នុងការស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ ដូច្នេះក្រសួងបានផ្តល់កំណត់សម្គាល់ថា កូរ៉េខាងជើងតម្រូវជានិច្ចឲ្យសងដែលពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញវត្ថុមកឲ្យកូរ៉េខាងត្បូង។