យុវជន និងការសម្រុះសម្រួល ដើម្បីកសាងសុខសន្តិភាព

បូជនីចរយុវជនកាតូលិកភូមិភាគភ្នំពេញ ឆ្នាំ២០២៦ បានចាប់ផ្ដើម កាលពីល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ៖ «យុវជន និងការសម្រុះសម្រួល ដើម្បីកសាងសុខសន្តិភាព» រៀបចំដោយការរិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ។

ក្នុងកម្មវិធីនេះ បូជនីយេសក៍ទាំងអស់ត្រូវធ្វើដំណើរថ្មើរជើងក្នុងចម្ងាយផ្លូវប្រមាណ ២០ គីឡូម៉ែត្រ ពី​ស្រុកថ្មគោល​ឆ្ពោះទៅ​ព្រះសហគមន៍​ទំពូង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស៊ាន់ សារឿន ប្រធានការិយាល័យ​យុវជន​ ជំទង់​ និង​កុមារ ភូមិភាគ​ភ្នំពេញ និង​ជាអ្នកសម្របសម្រួលកម្មវិធី​ឲ្យដឹងថា កម្មវិធីបូជនីចរលើកទី១៥នេះ មានគោលដៅចង់ឲ្យយុវជន យុវជនទាំងអស់យល់អំពីការចូលរួមសម្រុះសម្រួល យល់ពីកសាងសន្តិភាពក្នុងចិត្ត គ្រួសារ ឬក្នុងសង្គមគមន៍របស់គេរៀងៗខ្លួន ហើយក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងកសាងសន្តិភាពនៅក្នុងព្រះសហគមន៍ និងក្នុងពិភពលោកទាំងមូលផងដែរ។

លោក ស៊ាន់ សារឿន បានបន្តថាយុវជន ទាំងអស់ពិតជាបាន​រួម​សាមគ្គីគ្នា​ និងជួយគ្នាទៅវិញទៅពេលមកក្នុងពេលលំបាក ដែលនេះជាសញ្ញាមួយយ៉ាងល្អបង្ហាញពីការពូនជ្រុំសន្តិភាពឲ្យរីកលូតលាស់ចេញពីក្នុងចិត្តគំនិតរបស់​ពួក​គេម្នាក់ៗ។

លោកប្រធានការិយាល័យរូបនេះ​ បាន​ផ្តាំផ្ញើដល់យុវជន យកចិត្តទុកដាក់​អភិវឌ្ឍ​ខ្លួនឲ្យ​បានច្រើនទៅតាម​សមត្ថភាព​ ដើម្បីជាប្រយោជន៍​ខ្លួនផ្ទាល់ និងសង្គមជាតិ និង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយអំពីរឿងដែលសមង្គមស្អប់ខ្ពើម រួមមានល្បែងពាលា និងគ្រឿងញៀន​ជាដើម។

ក្នុង​ដំណើរ​បូជនីយចរនេះ ចែក​ចេញ​ជា​​ពីរដំណាក់កាលដោយ​មាន​ការ​អប់រំសំខាន់ៗ​ណែនាំ​ដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ។

ដំណាក់កាលទី១ លោកអភិបាល អូលីវីយ៉េ បានដាស់តឿនយុវជនទាំងអស់ឱ្យត្រៀមខ្លួនជានិច្ចក្នុងការកសាងសន្តិភាពរួមជាមួយព្រះជាម្ចាស់ តាមរយៈការយកចិត្តទុកដាក់កសាងសេចក្ដីសុខក្នុងចិត្តផ្ទាល់ខ្លួន ការរួមគ្នាកសាងសន្តិភាពដោយសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងសម្រុះសម្រួលជាមួយបងប្អូនដទៃទៀត។

លោកអភិបាលបានបន្តថា៖ «សុខសន្តិភាព មិនមែនត្រឹមតែជាការអវត្តមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការមានសុខដុមរមនា និងមានទំនាក់ទំនងក្នុងជីវិតដែលពោរពេញដោយអំណរមកពីព្រះជាម្ចាស់។»

លោកអភិបាល​បន្ថែម​ថា សន្តិភាពគឺជាគម្រោងការ និងជាអំណោយទានរបស់ព្រះជាម្ចាស់ ហើយ​សូមឲ្យ​យុវជនទាំងអស់ធ្វើជា «ទូតនៃការសម្រុះសម្រួល» និងជា «ទូតនៃសន្តិភាព» ដើម្បីកសាងគ្រួសារតែមួយនៅលើផែនដីនេះប្រកបដោយសុខដុមរមនា។

ក្រោយពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៨ គីឡូម៉ែត្ររួចមក ក្បួនបូជនីយចរបានឈប់សម្រាកពិសាអាហារថ្ងៃត្រង់ និងបន្តទទួលការអប់រំណែនាំជាលើកទី២ ពីសំណាក់លោកអភិបាល អូលីវីយ៉េ។ លោកអភិបាលបានដាស់តឿនយុវជនឱ្យយកចិត្តទុកដាក់លើឥរិយាបថសំខាន់ៗក្នុងការកសាងសន្តិភាព និងសុខដុមរមនា។

លោក​អភិបាល​មាន​ប្រសាសន៍ថា ការថែរក្សាចិត្តមេត្តាករុណា គឺ​ថែរក្សា​​សេចក្ដីស្រឡាញ់ ព្រោះព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ ដែលជាមូលដ្ឋានគ្រឹះរបស់គ្រីស្តបរិស័ទ។ ព្រះអង្គស្រឡាញ់យើង លើកលែងទោស និងដើររួមផ្លូវជាមួយយើងដើម្បីលើកទឹកចិត្តយើងជានិច្ច។

ម្យ៉ាងទៀត​លោកអភិបាល​បាន​ជំរុញ​ឲ្យ​យុវជន​ចេះ​​ដាក់ចិត្តបម្រើគ្នាទៅវិញទៅមក ដោយចិត្តរាបសារ និងបើកចិត្តទទួលស្វាគមន៍មនុស្សគ្រប់រូប។ លោក​ថា ព្រះនាងម៉ារី ជាគំរូ​មួយ​ដ៏​ពិសេស ក្នុងការបណ្តុះសន្តិភាពក្នុងចិត្តតាមរយៈចិត្ត​ស្លូតបូតនេះ។

ចិត្តគំនិតបរិសុទ្ធក៏ជា​ចំណុចពិសេស​មួយ​ទៀត ដែល​លោកអភិបាល​រំលឹក​ ដោយ​ឲ្យ​យុវជន​រៀនសម្លឹងមើលមនុស្សជុំវិញខ្លួនក្នុងផ្លូវល្អ និងប្រកបដោយក្តីសង្ឃឹម។ លោកអភិបាលបានសង្កត់ធ្ងន់ថា៖ «ការស្អប់មិនមែនជាផ្លូវនៃការកសាងសន្តិភាពឡើយ។ យើងត្រូវភ្ញាក់ស្មារតី កុំបង្កើតវប្បធម៌នៃការស្អប់។ សន្តិភាពមានសារៈសំខាន់ណាស់... ក្នុងនាមជាគ្រីស្តបរិស័ទ យើងកសាងសន្តិភាពតាមរយៈការអធិដ្ឋាន ការលើកលែងទោស និងការសម្រុះសម្រួល»។

យាត កញ្ញា ជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍ចំលាក់ក្នុងខេត្ត​ត្បូង​ឃ្មុំ បាននិយាយ​ថា កម្មវិធីនេះ បាន​ជួយ​ដល់​រូប​នាង​ច្រើន​អំពី​ការសម្រុះសម្រួល និងការលើកលែងទោសឲ្យគ្នាទៅវិញទៅមក។

កញ្ញាបញ្ជាក់​ថា «ខ្ញុំមិនសូវបានចាប់អារម្មណ៍អនុវត្តការការលើកលែងទោសទៅមនុស្សនៅជំវិញខ្លួន និងតែងមានចិត្តគុំគួនផងដែរ។»  ប៉ុន្តែ​​ការអប់រំនេះ បានបំភ្លឺនាង​ឲ្យមានរបៀបមួយផ្សេង ហើយបានយល់អំពីសារៈសំខាន់ក្នុងការចូលរួមកសាងសន្តិភាព ដែល​ចាប់​ផ្តើម​ពីយើងម្នាក់ៗ ហើយ​នាង​នឹង​យក​គំនិត​ទាំងនេះ ទៅ​ជំរុញ​ដល់​យុវជន​ដទៃ​ទៀត​ក្នុងព្រះសហគមន៍​របស់នាង​ដើម្បីសន្តិភាព។

បងប្រុស អេង សារ៉ង មកពីគ្រួសារបព្វជិតសាឡេស៊ាន បាន​ដើររួម​ជាមួយ​យុវជន​ក្នុង​កម្មវិធី​បូជនីចរនេះ បាននិយាយថា ទោះជានឿយហត់ អស់កំលាំង និងឈឺជើងជាដើម តែយុវជន​យើង​​បានជួយគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់ ជាសកម្មភាពបញ្ជាក់អំពីសន្តិភាពដែលមាននៅក្នុងចិត្តរបស់ពួកគេ ទោះជាស្ថិតក្នុងគ្រាលំបាកក៏ដោយ។

បព្វជិត​រូបនេះបាន​បន្ត​ដោយ​ប្រៀបធៀបការដើរនេះ ទៅនឹងជីវិត​រស់នៅប្រចាំថ្ងៃ ទោះ​«គ្រីស្តបរិស័ទ​តែងជួបឧបសគ្គ ... យើងត្រូវតែរួមដំណើរជាមួយព្រះជាម្ចាស់នៅគ្រប់ពេលវេលាទាំងអស់។»

សូមរំលឹកថាបូជនីយចរ​យុវជនកាតូលិកភូមិភាគភ្នំពេញ ឆ្នាំ២០២៦ បានចាប់ផ្ដើមប្រារព្ធឡើងយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។ កម្មវិធីនេះរៀបចំដោយការិយាល័យកុមារ ជំទង់ និងយុវជននៃព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកអភិបាលទាំងបីភូមិភាគ បូជាចារ្យ បព្វជិត បព្វជិតា និងយុវជនប្រមាណ ៣០០ នាក់៕

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail