យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះរៀនជំនាញដូនតាដោយឥតគិតថ្លៃ

យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះរៀនជំនាញដូនតាដោយឥតគិតថ្លៃ ពិសេសមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបន្ថែមទៀត។

លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម​បានថ្លែងថា​ ៖«ជំនាញវិជ្ជាជីវៈដូនតាមានដូចជា ចម្លាក់ថ្ម, ចម្លាក់ស្បែក, តម្បាញសូត្រ ជាដើម ជាជំនាញមួយដែរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ជូនយុវជនដែលជាក្រុមគោលដៅទាំងពីរខាងលើ ព្រោះថាជំនាញនេះអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា»។

លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍លើកទឹកចិត្តដល់យុវជន ជាពិសេសពលករដែលត្រឡប់ពីប្រទេសថៃ ងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតាដែលរដ្ឋាភិបាលកំពុងផ្តល់ជូន ព្រោះថាជំនាញនេះ និងអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា។

លោកបន្តថា ការចុះឈ្មោះរៀនជំនាញដូនតានេះ រដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ, បន្ថែមលើនេះ យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ខែ ២៨ ម៉ឺនរៀល ពីរាជរដ្ឋាភិបាលថែមទៀត។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៧ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

ដូចនេះសាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ អាចទាក់ទងលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩។ 

Telegram: 0១៧ ៤៣ ១៣ ០២

អ៊ីម៉ែល: [email protected]

Facebook: កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា។

Daily Program

Livesteam thumbnail