មហាបាតុភូត «អេល នីណូ» ៖ ការរញ្ជួយអាកាសធាតុសកល ដែលកំពុងគំរាម កំហែងដល់ជីវិតមនុស្ស និងកសិកម្មពិភពលោក
ខណៈដែលបាតុភូត «អេល នីណូ» កំពុងបង្ហាញឥទ្ធិពលយ៉ាងខ្លាំងក្លាលើសកម្រិតធម្មតា ពិភពលោកកំពុងជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ចាប់ពីខ្យល់ព្យុះស៊ីក្លូន ដ៏កាចសាហាវនៅឥណ្ឌា គ្រោះរាំងស្ងួតស្រួចស្រាវនៅអាម៉េរិកឡាទីន រហូតដល់ការ គំរាមកំហែងធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង ។
ខ្យល់ព្យុះកួចដ៏កំណាចនៅប្រទេសឥណ្ឌា និងណេប៉ាល់ រួមផ្សំជាមួយគ្រោះរាំងស្ងួត និងភ្លើង ឆេះព្រៃដ៏រន្ធត់បានបំផ្លិចបំផ្លាញតំបន់អាមេរិកខាងត្បូងរួចហើយ។ ឥទ្ធិពលនៃបាតុភូត អេល នីណូ (El Niño) មិនត្រឹមតែកំពុងបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែថែមទាំងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទិន្នផលកសិកម្មជាសកល ដូចជាដំណាំស្រូវ និងកាហ្វេ ដែលធ្វើឱ្យធនាគារពិភពលោករំពឹងទុកថា តម្លៃចំណីអាហារនឹងហក់ឡើងខ្ពស់ដល់ ១៨% ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ។
ពីបាតុភូតធម្មតានៅក្នុងមហាសមុទ្រ ទៅជាគ្រោះមហន្តរាយសកល អេល នីណូ គឺជា បាតុភូតអាកាសធាតុធម្មជាតិ ដែលកើតឡើងក្នុងអំឡុងពេល ២ ទៅ ៧ឆ្នាំម្តង នៅក្នុង តំបន់ អេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការកើនឡើងកម្តៅនៃផ្ទៃទឹកខាងលើនៅក្នុងតំបន់នេះ បានបម្រែបម្រួលរាល់លំនាំឧតុនិយម និងខ្យល់បក់នៅខាងលើមហាសមុទ្រ ដែលបង្កជា ឥទ្ធិពលដូមីណូ (Domino Effect) ជះឥទ្ធិពលដល់ការធ្លាក់ភ្លៀង និងសីតុណ្ហភាពនៅលើ ភព ផែនដីទាំងមូល ព្រមទាំងបង្កើនអត្រាគ្រោះរាំងស្ងួត ទឹកជំនន់ និងព្រឹត្តិការណ៍អាកាសធាតុហួសហេតុយ៉ាងធ្ងន់ធ្ងរ។
នៅឥណ្ឌា និងណេប៉ាល់ កាលពីចុងខែតុលា កន្លងទៅ ខ្យល់ព្យុះស៊ីក្លូន អាកណាប (Aknab) បាននាំមកនូវខ្យល់ព្យុះភ្លៀងកួចយ៉ាងខ្លាំងក្លា ប៉ះពាល់ដល់តំបន់ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌា និងបំផ្លិចបំផ្លាញតំបន់ឆ្នេរ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ១០០០០០នាក់។
ទោះបីជាខ្យល់ព្យុះស៊ីក្លូនជាការគំរាមកំហែងដែលកើតឡើងញឹកញាប់នៅឈូងសមុទ្របេងហ្គាល់ក៏ដោយ ប៉ុន្តែរដូវខ្យល់ព្យុះឆ្នាំនេះមានភាពខ្លាំងក្លាខុសប្រក្រតី ដោយសារការជំរុញបន្ថែមពីបាតុភូតអេល នីណូ។ លោក អាកស្ហ៉ៃ ដឺអូរ៉ាស អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្របរិយាកាសនៃសាកលវិទ្យាល័យ រីដឌីង (Reading) ប្រទេសអង់គ្លេស ពន្យល់ថា សីតុណ្ហភាពមហាសមុទ្រដែលក្តៅលើសពីធម្មតា បានធ្វើឱ្យបរិយាកាសកាន់តែផ្ទុកសំណើមខ្ពស់ និងជំរុញឱ្យមានភ្លៀងព្យុះយ៉ាងសន្ធឹកសន្ធាប់ និងបង្កបានជាការធ្លាក់ព្រិលព្រមទាំងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ខ្ពស់ៗនៃជួរភ្នំហិមាល័យ។
ចំណែក នៅឯទ្វីបអាម៉េរិកខាងត្បូងវិញ ក្រសួងការពារស៊ីវិលបូលីវី បានរាយការណ៍ថា គ្រោះរាំងស្ងួតបានជះឥទ្ធិពលអាក្រក់ដល់គ្រួសារជាង ៧៨០០០ នៅក្នុងខេត្តចំនួន ៦ ក្នុងចំណោមខេត្តទាំង ៩ របស់ប្រទេស និងធ្វើឲ្យសត្វពាហនៈស្លាប់ជាង ៧៥០០០ក្បាល។ ស្ថានភាពនេះបានជំរុញឱ្យប្រធានាធិបតីបូលីវី លោក រ៉ូឌ្រីហ្គោ ប៉ាហ្ស៍ ប្រកាសក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីប្រឈមមុខនឹងគ្រោះរាំងស្ងួត និងទឹកជំនន់ដែលជាប់ទាក់ទងនឹងមហាបាតុភូតអេល នីណូនេះ ដោយអនុញ្ញាតឱ្យមានការគៀងគរធនធានសេដ្ឋកិច្ច និងអង្គភាពសង្គ្រោះបន្ទាន់បន្ថែមទៀត។
រីឯនៅប្រទេសជិតខាងដូចជា ប្រទេសប៉េរូ អេល នីណូ បានធ្វើឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់ និងបង្កជាភ្លើងឆេះព្រៃ ដែលសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១២នាក់ ព្រមទាំងធ្វើឱ្យជំងឺគ្រុនឈាម ដែលជាជំងឺត្រូពិកមួយ រីករាលដាលកាន់តែខ្លាំង និងបានឆក់យកជីវិតមនុស្ស ៨១នាក់រួចមកហើយ។ ចំណែកនៅប្រទេសឈីលីវិញ បាតុភូតដូចគ្នានេះ ក៏ជាដើមចមនៃការភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាមិនធ្លាប់មានកាលពីខែតុលា ក្នុងទីក្រុងសង់ទីយ៉ាហ្គោផងដែរ។
