ទិវាយុវជនពិភពលោកឆ្នាំ២០២៧នៅសេអ៊ូលរំពឹងថាទាក់ទាញអ្នកធ្វើធម្មយាត្រា ៥ សែននាក់
គណៈកម្មាធិការរៀបចំកម្មវិធីទិវាយុវជនពិភពលោកឆ្នាំ ២០២៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង រំពឹងថានឹងទាក់ទាញអ្នកធ្វើធម្មយាត្រាប្រមាណជា ៥០០.០០០ នាក់ មកពីជិត ១៩០ ប្រទេសមកចូលរួម ហើយសម្រាប់ពិធីអភិបូជាបិទកម្មវិធីវិញ គេរំពឹងថាអាចនឹងមានអ្នកចូលរួមរហូតដល់មួយលាននាក់។
នេះគឺជាមហាព្រឹត្តិការណ៍ជួបជុំក្រុមយុវជននៃព្រះសហគមន៍កាតូលិកអន្តរជាតិមួយ ដែលគេគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៧ ខាងមុខ។
គណៈកម្មាធិការរៀបចំកម្មវិធីថ្នាក់មូលដ្ឋាន បានប្រកាសអំពីទីតាំងសំខាន់ៗសម្រាប់ព្រឹត្តិការណ៍នេះ ព្រមទាំងផែនការលម្អិតពាក់ព័ន្ធនឹងសុវត្ថិភាព ការស្នាក់នៅ ការដឹកជញ្ជូន និងលទ្ធភាពចូលរួមសម្រាប់អ្នកធ្វើធម្មយាត្រា នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ៥ ខែវិច្ឆិកា។
តាមការអះអាង ពហុកីឡាដ្ឋានប្រកួតបាល់ទាត់ពិភពលោកនៅសេអ៊ូល ក្នុងតំបន់សង់អាំឌុង (Sangam-dong) នឹងក្លាយជាទីតាំងសម្រាប់ពិធីអភិបូជាបើកកម្មវិធី ពិធីស្វាគមន៍សម្តេចប៉ាប និងពិធីរំលឹកដំណើរឈើឆ្កាង។ ចំណែកឯអាកាសយានដ្ឋានសេអ៊ូល ក្នុងតំបន់សុងណាម (Seongnam) នឹងក្លាយជាទីតាំងសម្រាប់ពិធីអធិស្ឋានពេញមួយយប់ និងពិធីថ្វាយអភិបូជាបិទកម្មវិធី។
គណៈកម្មាធិការរៀបចំកម្មវិធីប៉ាន់ប្រមាណថានឹងមានអ្នកធ្វើធម្មយាត្រាអន្តរជាតិប្រមាណ ៤០០.០០០ នាក់ និងអ្នកចូលរួមជនជាតិកូរ៉េ ១០០.០០០ នាក់ ចុះឈ្មោះចូលរួម។ ព្រឹត្តិការណ៍នេះក៏រំពឹងថានឹងមានការចូលរួមពីតំណាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិប្រហែល ៣.០០០ នាក់ លោកអភិបាល និងបូជាចារ្យចំនួន ១៣.០០០ អង្គ/នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ២០.០០០ នាក់។
លោកអគ្គអភិបាល សិលា សុង តេក ជង (Peter Soon-taick Chung) នៃព្រះសហគមន៍ទីក្រុងសេអ៊ូល ដែលជាប្រធានគណៈកម្មាធិការរៀបចំកម្មវិធី បានមានបន្ទូលថា ព្រឹត្តិការណ៍នេះមានគោលបំណងជួយយុវជនឱ្យយកឈ្នះលើការបែកបាក់ក្នុងសង្គម និងស្វែងរកឃើញឡើងវិញនូវសេចក្តីថ្លៃថ្នូររបស់មនុស្ស តាមរយៈការជួបជុំជាមួយអ្នកដទៃ។
ដោយពណ៌នាអំពីសម័យកាលបច្ចុប្បន្នថាជា "យុគសម័យនៃការដាច់ឆ្ងាយពីគ្នា" លោកបានលើកឡើងថា បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យការទំនាក់ទំនងកាន់តែងាយស្រួល ប៉ុន្តែការយល់ចិត្តគ្នាពិតប្រាកដបែរជាកាន់តែពិបាកទៅៗ។ លោកបានលើកឡើងថា តម្លៃរបស់មនុស្សមិនមែនជាអ្វីដែលយើងទទួលបានតាមរយៈការបង្ហាញសមត្ថភាពដើម្បីបញ្ជាក់ពីខ្លួនឯងនោះទេ។
នៅពេលនេះ គណៈកម្មាធិការ គ្រោងនឹងរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើធម្មយាត្រា ២៧០.០០០ នាក់ តាមរយៈព្រះសហគមន៍ និងគ្រួសារម្ចាស់ផ្ទះ ខណៈដែលស្ថាប័នរដ្ឋាភិបាល ស្ថាប័នអប់រំ និងមជ្ឈមណ្ឌលផ្សេងទៀតនៅក្រៅទីក្រុងសេអ៊ូល នឹងជួយរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើធម្មយាត្រា ២៣០.០០០ នាក់បន្ថែមទៀត។
