ប្រធាន FABC ជំរុញឱ្យទេវវិទ្យាល័យរៀបចំបេក្ខជនសម្រាប់ភាពជាក់ស្តែងនៃការងារបម្រើព្រះសហគមន៍

លោកកាឌីណាល់ ហ្វីលីប ណឺរី ហ្វឺរ៉ាវ (Filipe Neri Cardinal Ferrão) ជាប្រធានសហព័ន្ធមហាសន្និបាតលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅអាស៊ី (FABC) បានអំពាវនាវឱ្យមានវិធីសាស្ត្រថ្មីមួយក្នុងការបណ្តុះបណ្តាលបព្វជិត ដោយជំរុញឱ្យទេវវិទ្យាល័យនានារៀបចំបេក្ខជនឱ្យបានត្រៀមខ្លួនសម្រាប់ភាពស្មុគស្មាញនៃជីវិតមនុស្ស និងភាពជាក់ស្តែងនៃការងារបម្រើព្រះសហគមន៍។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ១០០ នាក់ នៅក្នុងសិក្ខាសាលាមួយដែលមានប្រធានបទថា «ការផ្សារភ្ជាប់រវាងការបណ្តុះបណ្តាល និងការងារបម្រើ៖ បញ្ហាប្រឈម និងកង្វល់សំខាន់ៗនៅក្នុងដំណាក់កាលចុងក្រោយនៃការបណ្តុះបណ្តាលបព្វជិតនាពេលបច្ចុប្បន្ន» ដែលបានប្រារព្ធឡើងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលមួយក្នុងទីក្រុងមីស៊ូរូ (Mysuru) រដ្ឋកាណាតាកា (Karnataka) ប្រទេសឥណ្ឌា លោកកាឌីណាល់បានសង្កត់ធ្ងន់ថា ភាពល្អប្រសើរផ្នែកសិក្សាធិការតែមួយមុខ មិនអាចរៀបចំបេក្ខជនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃជីវិតជាបព្វជិតបានឡើយ។

លោកកាឌីណាល់បានលើកឡើងថា បព្វជិតត្រូវតែត្រៀមខ្លួនដើម្បីនៅក្បែរ និងលួងលោមគ្រួសារដែលកំពុងជួបទុក្ខសោក ដោះស្រាយជម្លោះ ស្តាប់យុវជន និងគាំទ្រសហគមន៍ដែលខ្វះខាតផ្នែកសេដ្ឋកិច្ច។ ការទទួលខុសត្រូវទាំងនេះទាមទារឱ្យមានជម្រៅខាងវិញ្ញាណ ភាពចាស់ទុំខាងអារម្មណ៍ ការវិនិច្ឆ័យត្រឹមត្រូវ និងប្រាជ្ញាសម្រាប់ការអនុវត្តជាក់ស្តែង។

លោកបានលើកឡើងថា សំណួរដែលយើងត្រូវពិចារណា មិនមែនត្រឹមតែថាតើសាលាបណ្តុះបណ្តាលបានផ្តល់ចំណេះដឹងគ្រប់គ្រាន់ឬអត់នោះទេ ប៉ុន្តែគឺថាតើការបណ្តុះបណ្តាលនោះបានកសាងបុគ្គលម្នាក់ឱ្យក្លាយជាមនុស្សដែលអាចនាំដំណឹងល្អទៅក្នុងស្ថានភាពជាក់ស្តែងរបស់ប្រជានុរាស្ត្ររបស់ព្រះជាម្ចាស់បានដែរឬទេ។

លោកកាឌីណាល់បានព្រមានថា ជោគជ័យផ្នែកសិក្សាធិការមិនមែនជាសូចនាករនៃភាពចាស់ទុំផ្ទាល់ខ្លួននោះទេ ដោយបញ្ជាក់ថា បេក្ខជនក៏ត្រូវកសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ មានស្ថិរភាពផ្លូវអារម្មណ៍ មានចិត្តបើកទូលាយទទួលយកការកែតម្រូវ និងមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចនានា។

Daily Program

Livesteam thumbnail
khmer popup image