មណ្ឌលសន្តអ៊ីរ៉ាណេ បើកសិក្ខាសាលាស្តីពី គរុកោសល្យអប់រំជំនឿ ដល់គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពតេកែវ

តាកែវ៖ មណ្ឌលអប់រំជំនឿ សន្តអ៊ីរ៉ាណេ នៃព្រះសហគមន៍កាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «គរុកោសល្យអប់រំជំនឿ» ដើម្បីពង្រឹងវិធីសាស្ត្របង្រៀនឱ្យស្របតាមក្បួនច្បាប់ព្រះសហគមន៍កាតូលិក។ កម្មវិធីនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅព្រះវិហារសន្តយូសែបត្រពាំងក្រញូង ដោយមានការចូលរួមពីបូជាចារ្យ និងគ្រូអប់រំជំនឿសរុបចំនួន ៣២នាក់ មកពីមណ្ឌលសកម្មភាពតាកែវ។ សិក្ខាសាលានេះផ្តោតសំខាន់លើការណែនាំ និងរបៀបប្រើប្រាស់សៀវភៅអប់រំជំនឿជំនាន់ថ្មី (Updated) ដែលរៀបចំឡើងសម្រាប់មនុស្សគ្រប់វ័យ ចាប់ពីកម្រិតកុមារ យុវជន រហូតដល់មនុស្សពេញវ័យ។

លោកឪពុក ឆាល បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពតាកែវ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ។ លោកឪពុកមានប្រសាសន៍ថា៖ «នៅក្នុងមណ្ឌលសកម្មភាពតាកែវ យើងមានព្រះសហគមន៍ចំនួន៨ ដែលមានការអប់រំជំនឿទៅតាមកម្រិតផ្សេងៗគ្នា។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការជួយតម្រង់ទិសគ្រូអប់រំជំនឿរបស់យើង ឱ្យយល់ដឹងកាន់តែច្បាស់ពីរបៀបប្រើប្រាស់សៀវភៅធនធានថ្មីៗទាំងនេះ»។ លោកឪពុកបានបន្ថែមថា ព្រះសហគមន៍នៅក្នុងតំបន់ខ្លះ ក្នុងខេត្តតាកែវ មានលក្ខណៈប្លែកពីគ្នា ដោយសារមានគ្រីស្តបរិស័ទវ័យចំណាស់មួយចំនួនមិនចេះអក្សរ និងមិនចេះប្រើប្រាស់សៀវភៅ ដែលនេះជាបញ្ហាប្រឈមមួយ។ ទោះជាយ៉ាងណា តាមរយៈការពិគ្រោះយោបល់ជាមួយក្រុមការងារសន្តអ៊ីរ៉ាណេ គ្រូអប់រំជំនឿទទួលបាននូវវិធីសាស្ត្រថ្មីៗដើម្បីយកទៅបត់បែន និងបន្តបង្រៀនពួកគាត់ទៅមុខទៀត។

ដើម្បីធានានិរន្តរភាពនៃការរីកចម្រើនផ្នែកជំនឿ លោកឪពុក ឆាល ក៏បានស្នើដល់មណ្ឌលសន្តអ៊ីរ៉ាណេ ឱ្យចុះមកបើកវគ្គណែនាំបែបនេះយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ ដល់ព្រះសហគមន៍ទាំង៨ ក្នុងមណ្ឌលសកម្មភាពតាកែវ។ ជាទីបញ្ចប់ លោកឪពុកបានប្រសិទ្ធពរជ័យ និងសូមព្រះជាម្ចាស់ប្រទានកម្លាំងកាយចិត្តដល់ក្រុមការងារការិយាល័យសន្តអ៊ីរ៉ាណេ ក៏ដូចជាគ្រូអប់រំជំនឿទាំងអស់ ឱ្យមានថាមពលបន្តបេសកកម្មដឹកនាំបងប្អូនគ្រីស្តបរិស័ទ និងអ្នកដែលកំពុងស្វែងយល់ ឱ្យកាន់តែស្គាល់ និងមានជំនឿលើព្រះយេស៊ូគ្រីស្តកាន់តែខ្លាំងឡើង៕

 

Daily Program

Livesteam thumbnail