ព្រះសហគមន៍នីហ្សេរីយ៉ាស្វាគមន៍ឯកអគ្គរាជទូតថ្មី

ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសនីហ្សេរីយ៉ា បានស្វាគមន៍ចំពោះដំណឹងនៃការតែងតាំងឯកអគ្គរាជទូតសម្រាប់កិច្ចការសន្ទនារវាងព្រះសហគមន៍មូលដ្ឋាននិងសន្តអាសនៈ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

នៅពេលដែលទទួលព័ត៌មានអំពីការតែងតាំង​ឯកអគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសភ្លាម ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសអាហ្រ្វិកមួយនេះ បានបង្ហាញការរីករាយហើយសង្ឃឹមថា បញ្ហាប្រឈមនានានឹងត្រូវដោះស្រាយ។

លោកអគ្គអភិបាល លូសឹស អ៊ីវីជូរូ អូហ្គូជី (Lucius Iwejuru Ugorji)​ប្រធានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសនេះបាននិយាយថា នីហ្សេរីយ៉ាគឺពិតជាត្រូវការឲ្យសន្តអាសនៈយល់និងដឹងអំពីបញ្ហាពិតប្រាកដដែលកំពុងតែកើតមាននៅក្នុងប្រទេសនិងក្នុងព្រះសហគមន៍​នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត​នៅអាហ្វ្រិក។

មកដល់ពេលនេះអ្នកការទូតដែលសន្តអាសនៈសម្រេចចិត្តតែងតាំងជា​ឯកអគ្គរាជទូត គឺលោកអគ្គអភិបាល ម៉ាយឃើក ហ្រ្វង់ស៊ីស កូទី (Michael Francis Crotty)។ លោកអគ្គអភិបាលត្រូវបានតែងតាំងពីថ្ងៃទី ១៦ ខែកក្កដា កន្លងមក ប៉ុន្តែមកដល់ពេលនេះលោកអគ្គអភិបាលមិនទាន់បានមកបំពេញការងារការទូតនេះនៅឡើយទេ។

លោកអគ្គអភិបាល លូសឹស អ៊ីវីជូរូ អូហ្គូជី បានបង្ហាញក្តីសង្ឃឹមថា ក្រោមការសម្របសម្រួលការទូតរបស់លោកឯកអគ្គរាជទូត​ សន្តអាសនៈ​នឹងយល់អំពីស្ថានភាពនៃព្រះសហគមន៍នៅនីហ្សេរីយ៉ា ហើយនិងធ្វើឲ្យនីហ្សេរីយ៉ានិងសន្តអាសនៈកាន់តែមានទំនាក់ទំនងជិតស្និទ្ធបន្ថែមទៀត។

ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២៣មក ទំនាក់ទំនងរវាង នីហ្សេរីយ៉ានិងសន្តអាសនៈគឺបានធ្វើ ដោយគ្មាន ឯកអគ្គរាជទូត បន្ទាប់អតីតឯកអគ្គរាជទូតចាស់បានត្រូវផ្លាស់ទៅកាន់កិច្ចការទូតនៅប្រទេសប៉ូឡូញវិញនោះ៕

Daily Program

Livesteam thumbnail