ព្រះវិហារនៅប្រទេសកាណាដាបន្តដំណើរវ័ន្ថនៃជីវិតជាមួយជនជាតិដើមភាគតិច
សន្និសិទសភាក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកបាននិយាយថាពួកគេ នៅតែប្តេជ្ញាចិត្តក្នុងការបន្ដដំណើរវ័ន្ធនៃជីវិតក្នុងសាមគ្គីភាព ជាមួយជនជាតិដើមភាគតិច ខណៈដែលប្រទេសកាណាដាប្រារព្ធខួបពីរឆ្នាំចាប់តាំងពី "ការធ្វើធម្មយាត្រាជាប្រវត្តិសាស្ត្រ" របស់សម្តេចប៉ាប ដើម្បីព្យាបាល និងការផ្សះផ្សានៅទីនោះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា រយៈពេលពីរឆ្នាំចាប់តាំងពី ធម្មយាត្រាជាប្រវត្តិសាស្ត្ររបស់សម្តេចប៉ាប មកកាន់ប្រទេសកាណាដា ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅក្នុង ប្រទេសនេះបាននិយាយថា ពួកគេ "នៅតែប្តេជ្ញាចិត្តក្នុងការដើរដោយសាមគ្គីភាព និងស្តាប់បទពិសោធន៍របស់ជនជាតិដើមភាគតិច ដើម្បីដឹកនាំផ្លូវឆ្ពោះទៅមុខប្រកបដោយជំនឿ" ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ក្រុមលោកអភិបាល បាននិយាយថាពួកគេបន្តឆ្លុះបញ្ចាំង លើទុក្ខលំបាកដ៏ជ្រាលជ្រៅដែលសម្តេចប៉ាប បានសម្តែងចំពោះផលប៉ះពាល់ដ៏មហន្តរាយនៃប្រព័ន្ធសាលារៀនលំនៅដ្ឋានលើសហគមន៍ជនជាតិដើមភាគតិច និងនៅលើដំណើរនៃការផ្សះផ្សា និងការព្យាបាល។
ក្រុមលោកអភិបាលបានបន្តគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមមួយចំនួនដែលធ្វើឡើងដោយព្រះសហគមន៍ក្នុងប្រទេសកាណាដាចាប់តាំងពីការយាងមករបស់សម្តេចប៉ាប។
ពាក់ព័ន្ធនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាទិភាពជនជាតិដើមភាគតិច ដោយក្រុមលោកអភិបាល បានសន្យាថានឹងរៃអង្គាសប្រាក់ចំនួនសាមសិបលានដុល្លារកាណាដាក្នុងរយៈពេលប្រាំឆ្នាំសម្រាប់គម្រោងដែលមានបំណងគាំទ្រការព្យាបាល និងការផ្សះផ្សា ដោយជាងពាក់កណ្តាលនៃចំនួននោះត្រូវបានរៃអង្គាសរួចហើយ ដោយមូលនិធិនឹងទៅដល់គំនិតផ្តួចផ្តើមដែលកំណត់ដោយសហគមន៍ជនជាតិដើមភាគតិច និងត្រួតពិនិត្យដោយមូលនិធិផ្សះផ្សាជនជាតិដើមភាគតិច។
ក្រុមលោកអភិបាលក៏បានប្ដេជ្ញាចិត្តខ្លួនឯងក្នុងការចូលរួមដំណើរការដោយតម្លាភាពពាក់ព័ន្ធនឹង កំណត់ត្រាបញ្ចុះសព ព្រមទាំងឯកសារផ្សេងទៀតផងដែរដែល សំខាន់ចំពោះ ការបើកបង្ហាញ និងទទួលស្គាល់ការពិតអំពីភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលប្រឈមមុខដោយអ្នករស់រានមានជីវិត។