ព្រឹត្ដិការណ៏នគរសង្ក្រាន្តថ្ងៃទី៦ គឺថ្ងៃអាទិត្យ មានប្រជា ពលរដ្ឋចូលមកទស្សនាកម្សាន្តច្រើន
ថ្ងៃទី០៦ នៃព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ពិសេសនៅទីតាំងទាំង៦ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនៅតែបន្តមកចូលរួមអបអរសាទរ ព្រឹត្តិការណ៍នគរសង្ក្រាន្តយ៉ាងច្រើនកុះករ ដែលអាចវាយតម្លៃបានថា មានចំនួនច្រើនជាងកាលពីម្សិលមិញ បើទោះបីនារាត្រីចុងក្រោយនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងយ៉ាងណាក្តី តែបងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៌អន្តរជាតិមានទឹកមុខសប្បាយរីករាយដោយស្នាមញញឹម មានសាមគ្គីភាពក្រោមម្លប់សន្តិភាព និងប្រកបដោយសុវត្ថិភាព។
នៅរាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស. យ.ក.) បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១ និងលេខ២ នៅភូមិវប្បធម៌ ដណ្ដើមយកពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
កម្មវិធីប្រកួតកីឡាអុកចត្រង្គនេះផ្ដួចផ្ដើមគំនិតប្រកបដោយចក្ខុវិស័យរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់កីឡាអុកចត្រង្គជាកីឡាយុទ្ធសាស្រ្ដរបស់ខ្មែរ។
សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែតបានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ។
សម្រាប់ការប្រកួតនេះ ធ្វើឡើងរវាងលោក សុខ លឹមហេង អាយុ ២៤ឆ្នាំ និងលោក ជា ស៊ីដេត អាយុ ៤១ឆ្នាំ ដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ លេខ១ និងលេខ២។ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ បានទៅលើលោក សុខ លឹមហេង ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។ ចំណែកការប្រកួតកាលពីម្សិលមិញ ជាកម្មវិធីប្រកួតកីឡាអុកចត្រង្គវ័យកុមារ យកចំណាត់ថ្នាក់លេខ១ និងលេខ២ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើកុមារាឈ្មោះ សេង វុត្រា អាយុ ១២ឆ្នាំ ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នេះ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ហើយថ្ងៃនេះ ជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ហើយនៅតាមទីតាំងទាំង៦ ដូចជានៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង៕