ពលរដ្ឋអាហ្គានីស្ថានជាង ៣៨ពាន់នាក់ បានភៀសខ្លួនព្រោះអាកាសធាតុធ្ងន់ធ្ងរ
ដោយសារតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថានប្រឈមមុខនឹងគ្រោះមហន្តរាយដោយអាកាសធាតុកាន់តែធ្ងន់ធ្ងរពួកគេជាច្រើនពាន់នាក់បានបង្ខំចិត្តធ្វើការផ្លាស់ទីលំនៅដោយបង្ខំនិងគ្មានជម្រើស។
វ៉ាទីកង់ញូវបានរាយការណ៍ថា អង្គការ Save the Children ដែលបានកំពុងតែធ្វើការនៅក្នុងប្រទេសនេះ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានមើលឃើញការថយចុះនៃជំនួយអន្តរជាតិ នៅពេលដែលវាត្រូវការជាចាំបាច់បំផុត ចំពេលអាកាសធាតុធ្ងន់ធ្ងរ ដែលជាផលផ្លែនៃការប្រែប្រួលអាកាសធាតុ។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យការផ្លាស់ទីលំនៅខាងក្នុង បានបង្ហាញថា នៅឆមាសទីមួយនៃឆ្នាំ ២០២៤ អាហ្គារនីស្ថានបានជួបប្រទះនូវចំនួនកុមារផ្លាស់ទីលំនៅច្រើនជាងចំនួនទាំងមូលនៃឆ្នាំ ២០២៣ ធៀបនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក។
ប្រភពដដែលបានបន្តថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា មានពលរដ្ឋអាហ្គានីស្ថានប្រមាណជា ៣៨ពាន់នាក់ហើយដែលបានភៀសខ្លួន ដោយរួមទាំងកុមារ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាហ្គានីស្ថាន បានជួបបញ្ហាមិនចេះចប់តាំងពី ទឹកជំនន់ គ្រោះរាំងស្ងួត សីតុណ្ហភាពខ្លាំង និងព្យុះ។ គ្រោះធម្មជាតិទាំងនេះកំពុងជំរុញឱ្យកុមារ និងក្រុមគ្រួសារពលរដ្ឋនៅអាហ្វហ្គានីស្ថានចំនួនដ៏ច្រើនត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
អង្គការសហប្រជាជាតិក៏បញ្ជាក់ដែរថា ពលរដ្ឋម្នាក់ក្នុងចំណោមប្រាំពីរនាក់មានហានិភ័យនៃការផ្លាស់ទីលំនៅរយៈពេលវែងជាងជនភៀសខ្លួនផ្ទៃក្នុងរបស់ប្រទេសណាមួយនៅអាស៊ីខាងត្បូង។
តាមភូមិសាស្ត្រ អាហ្វហ្គានីស្ថាន ស្ថិតនៅក្នុងតំបន់រញ្ជួយសកម្ម ដែលមានហានិភ័យកើនឡើងនៃការរញ្ជួយដី។ វាបង្ហាញឱ្យឃើញពីបញ្ហាជាពិសេសនៅជុំវិញតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដែលធ្វើឲ្យមនុស្សរាប់សែននាក់ស្ថិតក្នុងគ្រោះថ្នាក់ និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
ផលវិបាកទាក់ទងនឹងគ្រោះរាំងស្ងួតភាគច្រើនបានជះឥទ្ធិពលដល់ខេត្ត ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលភ្លៀងធ្លាក់តិច និងសីតុណ្ហភាពខ្ពស់ជាប់ៗគ្នាជាច្រើនសប្តាហ៍បាននាំឱ្យមានការខ្វះខាតទឹកនៅក្នុងកសិដ្ឋាន និងដីកសិកម្មក្នុងតំបន់។
ប្រទេសនេះមិនត្រឹមតែកំពុងវិលវល់ដោយជម្លោះ និងសង្គ្រាមរយៈពេលពីរទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងត្រូវបានជួបប្រទះឥតឈប់ឈរដោយគ្រោះមហន្តរាយឧតុនិយម និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលកំពុងតែបំផ្លាញក្តីសង្ឃឹម និងស្ថិរភាព៕