ផ្សារទំនើប និងម៉ាតល្បីៗ អនុញ្ញាតឱ្យដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួច

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ឱ្យដឹងថា ផ្សារទំនើប និងម៉ាតល្បីៗនានា បានសម្រេចអនុញ្ញាតឱ្យសហគ្រាស ឬក្រុមហ៊ុន អាចដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចបាន។

យោង សេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះបញ្ជាក់ថា ដើម្បីជំរុញគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ឱ្យកាន់តែទូលំទូលាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រសួងពាណិជ្ជកម្មបានជួបប្រជុំពិភាក្សាស្តីពី «ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។

ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង១០ មានចំណាប់អារម្មណ៍ និងអនុញ្ញាតឱ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុង ផ្សារ និងម៉ាតបាន រួមមាន៖ ១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. ២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ៣-ក្រុមហ៊ុន Veha Juice Co., Ltd ៤-ក្រុមហ៊ុន Ample Agro Products Co., Ltd. ៥-ក្រុមហ៊ុន សានតាណា អាហ្គា ប្រដាក់ ៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd ៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង) ៨-ក្រុមហ៊ុន GLPH (កំពង់ធំ) ៩-សហគ្រាស 3CORECO ១០-សិប្បកម្មជ័យសំបូរកំពង់ធំ ១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលឈរ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ) ១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd ១៣-ក្រុមហ៊ុន Kirirom Food Production និង ១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd ៕

Daily Program

Livesteam thumbnail